ខេត្តត្បូងឃ្មុំ ៖ ជនជាតិចិន២នាក់ម្តាយ និងកូនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៧ ធ្នូ ២០១៥ ដោយជាប់សង្ស័យល្បួងកូនក្រមុំរបស់អ្នកភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ទៅរៀបការនៅប្រទេសចិនដោយខុសច្បាប់ ថែមទាំងសន្យាឲ្យថ្លៃទឹកដោះ៤.៥០០ដុល្លារថែមទៀត ។
រហូតមកដល់ព្រឹកថ្ងៃទី២៨ ធ្នូ នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារបានបញ្ជូនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្ត និងបន្តទៅសាលាដំបូងខេត្តចាត់វិធានការតាមច្បាប់ហើយដែរ ។
អធិការរងនគរបាលស្រុកក្រូចឆ្មារ លោកអនុសេនីយ៍ឯក វ៉ា សម្បត្តិ បានឲ្យដឹងថា ស្ត្រីឈ្មោះសល់ សុខឌី អាយុ១៩ឆ្នាំ ស្រុកកំណើតនៅភូមិ-ឃុំខាងលើ យកប្តីជនជាតិចិនបានមកលេងផ្ទះ ហើយថែមទាំងបាននាំជនជាតិចិន២នាក់ម្តាយកូនមកជាមួយផង ក្នុងនោះមាន ១-ឈ្មោះ XU JIANG ភេទប្រុស អាយុ២៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខE62645959 ចុះថ្ងៃទី៨ ធ្នូ ២០១៥ និងម្តាយឈ្មោះYE GUAXIN អាយុ៤៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E62645958 ចុះថ្ងៃទី៨ ធ្នូ ២០១៥ ក្នុងគោលបំណងរកកូនក្រមុំម្នាក់ដើម្បីយកទៅរៀបការនៅប្រទេសចិន ។
សមត្ថកិច្ចស្រុកក្រូចឆ្មារប្រាប់បន្តឲ្យដឹងទៀតថា រហូតមកដល់ថ្ងៃទី២៤ ធ្នូ ២០១៥ ឈ្មោះ សុខឌី បាននាំជនជាតិចិនម្តាយ និងកូននោះទៅមើលកូនក្រមុំឈ្មោះ អ៊ុំ ខេអេ អាយុ១៧ឆ្នាំ នៅភូមិទី៦ ឃុំស្វាយឃ្លាំង គ្រានោះបានសន្យាថា បើសិនជាឈ្មោះ XU JIANXIAG ជាកូនកម្លោះនិងក្រុមគ្រួសារត្រូវចិត្តនោះនឹងធ្វើបែបបទទៅរៀបការនៅប្រទេសចិន ថែមទាំងឲ្យថ្លៃទឹកដោះ៤.៥០០ដុល្លារទៅឲ្យឪពុកម្តាយរបស់កូនក្រមុំ ។
ក្នុងគ្រានោះ ភាគីកូនកម្លោះជាជនជាតិចិនមិនទាន់ឆ្លើយតបភ្លាមៗថា ត្រូវឫយ៉ាងណានោះទេ បន្ទាប់មកទៀតនៅថ្ងៃទី២៥-២៦ ធ្នូ ២០១៥ គេឃើញកូនកម្លោះជនជាតិចិនបានឌុបកូនក្រមុំដើរលេងតាមផ្ទះញាតិមិត្តខាងកូនក្រមុំខ្មែរជាមួយនោះថែមទាំងបានទៅវាលស្រែក្រោយភូមិប៉ះពាល់ខ្លួនប្រាណ និងថតរូបទុកជាអនុស្សាវរីយ៍ទៀត ។
បន្ទាប់មកស្រាប់តែនៅល្ងាចថ្ងៃទី២៦ ធ្នូ បែរជាកូនកម្លោះចិនបានឆ្លើយតបមកប្រាប់ឪពុកម្តាយខាងកូនក្រមុំថា មិនត្រូវគ្នាទេ ព្រោះខុសថ្ងៃខែឆ្នាំ ។
នគរបាលស្រុកក្រូចឆ្មារ បញ្ជាក់ថា លុះនៅថ្ងៃទី២៧ ធ្នូ ២០១៥ ឪពុកម្តាយខាងកូនក្រមុំបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរស្រុកក្រូចឆ្មារឲ្យជួយអន្តរគមន៏ចាប់ខ្លួនឈ្មោះ សុខឌី និងជនជាតិចិន២នាក់ម្តាយកូននោះ ដោយចោទប្រកាន់ពីបទលួងលោមកូនស្រីរបស់គាត់ឲ្យទៅរៀបការនៅប្រទេសចិន ថែមទាំងបានបៀតបៀនរាងកាយធ្វើឲ្យខូចកិត្តិយស ដោយទទួលបញ្ជាពីលោកស្នងការនគរបាលខេត្ត ជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួន ៕