ស្ដ្រី​ម្នាក់​ដេក​ឱប​ប្ដី​មួយ​យប់​អត់​ដឹងថា​ប្ដី​គាំងបេះដូង​ស្លាប់​

29-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ ប្រភពព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​មានជ័យ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១២ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​នាំគ្នា​ភ្ញាក់ផ្អើល​ដោយសារតែ​ឮ​សំឡេង​ស្ត្រី​ម្នាក់​ស្រែក​ទ្រហោយំ​ឲ្យ​អ្នកភូមិ​ជួយសង្គ្រោះ​ប្តី​របស់ខ្លួន ដែល​ផុតដង្ហើម​បាត់ទៅហើយ ដោយសារ​គាំងបេះដូង​។ ហេតុការណ៍​ខាងលើ​បានកើត​ឡើង​នៅ​ចំណុច​ក្រុមទី​១០ ភូមិ​ទ្រា សង្កាត់​ស្ទឺ​ង​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​លោកស្រី​ឈ្មោះ អ៊ុក សុ​ផា អាយុ​២៦​ឆ្នាំ ជា​ភរិយា បាន​ឲ្យ​ដឹងថា ប្តី​របស់ខ្លួន​ដែល​បាន​ស្លាប់​ឈ្មោះ ម៉ៅ សំអឿន អាយុ​២២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​អ​ន្ទះ ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ហើយ​ពួកគេ​ទាំង​២​បានមក​ជួល​ផ្ទះ​ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ដើម្បី​មក​បម្រើ​ការងារ​ជា​កម្មករសំណង់​។

​លោកស្រី​បាន​បន្ត​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ ប្តី​របស់គាត់​បានចេញ​ពី​ធ្វើ​សំណង់​មក​ផ្ទះជួល​ហើយ​ហូបបាយ​ជាមួយ​ប្រពន្ធ និង​កូនស្រី​តូច​ជាធម្មតា​ដោយបាន​ត្អូញត្អែរ ឬ​មាន​ជំងឺ​ប្រចាំកាយ​អ្វី​ឡើយ​។ ក្រោយ​ពេលបាយ​នៅវេលា​ម៉ោង​៧​យប់​ពួកគេ​ចូល​គេង​ធម្មតា​លុះដល់​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៨ នៅពេលដែល​ខ្លួន (​ប្រពន្ធ​ជនរងគ្រោះ​) ដែល​ដេក​នៅក្បែរ​មិនឮ​សំឡេង​ប្តី​ដកដង្ហើម​នឹក​ឆ្ងល់​ក៏​បើកភ្លើង​មើល​ក៏​ស្រាប់តែ​ដឹងថា ប្តី​របស់ខ្លួន​ផុតដង្ហើម​បាត់ទៅហើយ​ក៏បាន​ស្រែកហៅ​អ្នករស់នៅ​ក្បែរ​នោះ​ឲ្យ​ជួយសង្គ្រោះ​ប្តី​របស់ខ្លួន នាំយកទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ត្រូវបាន​អ្នកជិតខាង​ប្រាប់ថា​ប្តី​របស់​នាង​ស្លាប់​បាត់ទៅហើយ​។​

​សមត្ថកិច្ច​ដែល​ចុះទៅពិនិត្យ​សាកសព​បាន​និយាយថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង ព្រោះ​ភរិយា​របស់​សព​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​ប្តី​របស់ខ្លួន​ច្រើន​ត្អូញត្អែរ​ពី​ការ​ថប់ដង្ហើម​ហើយ​នៅលើ​ខ្លួនប្រាណ​ជនរងគ្រោះ​ពុំមាន​ស្លាកស្នាម​អ្វីដែល​សន្និដ្ឋានថា​ជា​អំពើ​ឃាតកម្ម​នោះឡើយ​។ បន្ទាប់ពី​ពិនិត្យ​រួចរាល់​ហើយ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​បានសម្រេច​ចិត្ត​ដឹក​សព​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​៕ ដោយ មែន​កំ ស​ត់​

ចំនួនអ្នកទស្សនា

    20561517

  • ថ្ងៃនេះ3911
  • ម្សិលមិញ14181
  • សប្តាហ៍នេះ3911
  • ខែនេះ119061
  • ឆ្នាំនេះ119061
  • សរុប20561517