ភ្នំពេញ៖ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) មានរៀបចំពិធីផ្លាស់ប្តូរ ឯកឧត្តម ឧកញ៉ា សាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៥ ។
ប្រភពពីលោកសាស្ត្រចារ្យបង្រៀននូវសាកលវិទ្យាល័យចំរើនពហុ បច្ចេកវិទ្យា និងមនុស្សជិតដិតបានឱ្យដឹងថា ឯកឧត្តម ឧកញ៉ា សាស្ត្រាចារ្យបណ្ឌិត ជា ចំរើន បច្ចុប្បន្នជាប្រធានគណបក្សកម្ពុជាសេរីភាព ។
ចំណែកឯអ្នកដែលត្រូវមកជំនួសមុខតំណែង ឯកឧត្តម ឧកញ៉ា សាស្ត្រាចារ្យបណ្ឌិត ជា ចំរើន គឺអាចជា លោកបណ្ឌិត សភាចារ្យ សោម សុមុនី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បច្ចុប្បន្នមានតួនាទីជា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាស្របច្បាប់ ។
យោងតាមសេចក្តីប្រកាសរបស់ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៥ បានឱ្យដឹងថា បានធ្វើការរៀបចំផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកបណ្ឌិត សភាចារ្យ សោម សុមុនី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ។
ពិធីប្រកាសតែងតាំង លោកបណ្ឌិត សភាចារ្យ សោម សុមុនី សាកលវិទ្យាធិការថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២០៥ កែងផ្លូវលេខ ៣១០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ឯកឧត្តម ឧកញ៉ា សាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះលោកបណ្ឌិត TJ HUSSIU មកពីប្រទេសសឹង្ហបុរី ដែលបានចូលរួមសហការ គាំទ្រសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ហើយត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់នៃសាកលវិទ្យាល័យ (CUP)។
ឯកឧត្តម បណ្ឌិត ជា ចំរើន ក៏បានមានប្រសាសន៍ថា ការពង្រឹងសាកលវិទ្យាល័យឡើងវិញនេះ គឺជាការជម្រុញឱ្យយុវជនទាំងអស់ត្រូវរៀបចំខ្លួនចូលរួមជាមួយសមាហរណកម្មអាស៊ានឆ្នាំ២០១៦ ខាងមុខនេះផងដែរ៕
ប្រភព៖ kv-news.com