កំពង់ចាម៖ មន្ត្រីនគរបាលស្រុកកំពង់សៀម លោកព្រិន្ទបាលទោ ឡុង វុត្ថា រហូតមកដល់យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ នៅសន្លប់ស្តូកស្តឹងនៅឡើយទេក្នុងបន្ទប់សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យកាល់ម៉ែត ដោយសារតែក្រុមក្មេងពាលព្រួតវាយចំក្បាលពីក្រោយ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលមន្ត្រីនគរបាលរូបនេះ បានចូលទៅជួយអន្តរាគមន៍ និងបង្ក្រាបពួកគេពេលកំពុងដេញកាប់ចាក់គ្នាកាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅ។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមិត្តនគរបាលរួមអាជីពបានជួយឧបត្ថម្ភជាបន្តបន្ទាប់ដល់ ជនរងគ្រោះ សម្រាប់ការព្យាបាលនិងត្រូវការវះកាត់ចំនួន២លើក ។ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន ស្តីពីការជួបគ្រោះថ្នាក់ពេលកំពុងបំពេញការងារ របស់ជនរងគ្រោះរួចមក ថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលខេត្ត បានជួយឧបត្ថម្ភភ្លាមៗដល់ជនរងគ្រោះ ។
ក្នុងនោះ អ្នកដែលបានចូលរួមឧបត្ថម្ភរួមមាន៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ឧបត្ថម្ភ បួនលានរៀល អភិបាលខេត្តកំពង់ចាម លន់ លឹមថៃ និងលោកជំទាវ ឧបត្ថម្ភ ពីរលានរៀល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម លោក ហួត វុទ្ធី ឧបត្ថម្ភមួយលានរៀល លោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម ឧបត្ថម្ភ ហាសិបម៉ឺនរៀល លោក ហេង វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាម ឧបត្ថម្ភ ហាសិបម៉ឺនរៀល លោក ជា ធារិទ្ធ ឧបត្ថម្ភសែសិបម៉ឺនរៀល លោក ជីវ ចាន់តារាឧបត្ថម្ភ ម្ភៃម៉ឺនរៀល លោក សុខ សំបូរ និងសហការី ឧបត្ថម្ភ សែសិបម៉ឺនរៀល លោក ហុង ណាក់ និងសហការី ឧបត្ថម្ភ សាមសិបម៉ឺនរៀល លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុងឧបត្ថម្ភ ហាសិបម៉ឺនរៀល និងលោកឧត្តមសេនីយ៍ បែន រ័ត្នផ្ទាល់ ឧបត្ថម្ភ មួយលានរៀលផងដែរ ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវជាតិលេខ៧មុខសាលាស្រុកកំពង់សៀម ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានក្រុមក្មេងពាលដេញកាប់ចាក់គ្នា ពេលនោះលោកព្រិន្ទបាលទោ ឡុង វុត្ថា បានទៅជួយអន្តរាគមន៍ ស្រាប់តែត្រូវក្រុមក្មេងពាល ទាំងនោះ វាយក្បាលពីក្រោយបណ្តាលឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយត្រូវក្រុមគ្រូពេទ្យធ្វើការវះកាត់យកឈាមចេញ និងបន្តវះកាត់ជាលើកទី២ទៀត។
បើតាមលោកឧត្តមសេនីយ៍ បែនរ័ត្ន ស្នងការនគរបាល រហូតមកដល់យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយទេ ដោយស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ កាល់ម៉ែតនៅឡើយ។ សម្រាប់ក្រុមក្មេងស្ទាវដែលប្រើអំពើហិង្សានោះត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានចំនួន៤នាក់ ហើយបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមដើម្បីចាត់ការ តាមនីតិវិធីហើយ៕ ដោយ មែន កំសត់