ប៉ោយប៉ែត៖ ចំណូលពន្ធនៅច្រកទ្វារអន្តជាតិត្រូវបានរឹតបន្តឹងឡើងវិញហើយ រីឯច្រករបៀងដែលមាននៅតាមខ្សែបន្ទាត់ព្រំដែននោះគឺអាចនឹងមានវិធានការបិទជាបណ្ដើរៗនាពេលឆាប់ៗខាងមុខនេះដើម្បីប្រមូលពន្ធចូលរដ្ឋឲ្យបានតាមគោលការណ៍កំណត់នោះ។
លោកប្រធានស្នាក់ការគយរដ្ឋាករដែលទើបនឹងឡើងកាន់តំណែងថ្មីត្រូវបានអង្គប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យប្រកាសកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ថា ចាប់ពីឆ្នាំ២០១៦នេះតទៅគឺលោកមេគយមកថ្មីត្រូវប្រមូលពន្ធឲ្យបានក្នុងមួយខែចំនួន១៥លានដុល្លារដោយខានមិនបាន។
សូមបញ្ជាក់ថាការរឹតបន្តឹងពន្ធគយបែបនេះគឺបានធ្វើឲ្យប៉ះពាល់ដល់ក្រុមអូសរទេះ និងក្រុមអាជីវករទៀតផង ហើយជារឿយៗគេតែងតែឃើញមានការផ្ទុះបាតុកម្មជាបន្តបន្ទាប់ដោយសារតែការរឹតបន្តឹងបែបនេះ។ តទៅមុខទៀតគេសង្ស័យថាបើសិនជាលោកមេគយមកថ្មីអនុវត្តការប្រមូលពន្ធតាមគោលការណ៍ថ្មីមែននោះវាច្បាស់ជាមានការផ្ទុះបាតុកម្មសារជាថ្មីជាមិនខានឡើយ។
ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានឲ្យដឹងថាយើងរួមគ្នាអនុវត្តតាមអនុសាសន៍របស់សម្ដេច ហ៊ុន សែន ឲ្យបានល្អប្រសើរទាក់ទិននឹងការបិទច្រករបៀងទាំងអស់ចាប់ពីពេលនេះតទៅដើម្បីប្រមូលពន្ធជូនរដ្ឋ។ លោកបានបន្តថា លោកមេគយមកថ្មីគឺត្រូវតែខិតខំប្រមូលពន្ធឲ្យបានក្នុងមួយខែ១៥លានដុល្លារជាកំហិត ដោយប្រើប្រាស់កម្លាំងអាជ្ញាធរនិងសមត្ថកិច្ចឲ្យបានច្រើនសម្រាប់ការងារសុវត្ថិភាពដល់ការប្រមូលពន្ធនោះ៕