ភ្នំពេញ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី៣១ ធ្នូ នេះប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងសុំទោសចំពោះមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងស្នងការរាជធានី ខេត្តទាំងអស់ ចំពោះពាក្យសម្តីលើកឡើងរបស់លោកថា លោកនឹងប្រើច្រាសដែកដុសក្អែលគរបាល អត្តសញ្ញាណប័ណ្ណ និងនគរបាលចរាចរណ៍ដែលប្រព្រឹត្តអំពើពុករលួយ។
ឯឧត្តម ឱម យ៉ិនទៀង បានមានប្រសាសន៍ថា ពាក្យសម្តីរបស់លោកកាលពីថ្ងៃទី៩ ខែធ្នូ ក្នុងពិធីអបអរសាទរទិវាជាតិ និងអន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ពិតជាពុំត្រឹមត្រូវឡើយ។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ក្រសួងមហាផ្ទៃ បានចេញលិខិតប្រតិកម្មនឹងសម្តីរបស់ឯកឧត្តម ឱម យ៉ិនទៀង បន្ទាប់ពីលោកបានថ្លែងក្នុងពិធីអបអរសាទរទិវាជាតិ និងអន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយនៅថ្ងៃទី៩ ខែធ្នូ ថា ឯកឧត្តមនឹងប្រើច្រាសដែកដុះក្អែលនគរបាល អត្តសញ្ញាណប័ណ្ណ និងនគរបាលចរាចរណ៍ដែលប្រព្រឹត្តអំពើពុករលួយ។ កាលនោះ ឯកឧត្តម ឱម យ៉ិនទៀង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងមហាផ្ទៃត្រូវបានពលរដ្ឋ ប្ដឹងជាងគេអំពីករណីពុករលួយ ហើយចំណាត់ថ្នាក់លេខពីរក្រសួងអប់រំនិងស្ថាប័នតុលាការនៅក្នុង ចំណាត់ថ្នាក់លេខ៣ ។
ក្រសួងមហាផ្ទៃ ចាត់ទុកថា ការលើកឡើងនោះ ជាពាក្យសម្តីធ្ងន់ធ្ងរខ្លាំងដែលហាក់បីដូចជា មើលរំលងការខិតខំប្រឹងប្រែងបំពេញការងាររបស់សមត្ថកិច្ចក្រសួងកន្លងមក៕
ប្រភព៖ rasmeinews