ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ មានប្រារព្ធ «វេទិកាសាធារណៈស្តីពីវិទ្យាសាស្ត្រនិងការស្រាវជ្រាវ អនាគតនៃការគណនានិងចំណេះដឹង» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក វីលៀម អេ. ហេដត៍ (William A. Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដោយមានអ្នកចូលរួមសរុបចំនួនប្រមាណ ៤០០នាក់ ដែលភាគច្រើនជាសិស្សានុសិស្ស និស្សិត និងក្រុមយុវជនស្ម័គ្រចិត្តផ្នែកអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្មកម្ពុជា។
ថ្លែងនៅក្នុងវេទិកាសាធារណនេះ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក វីលៀម អេ. ហេដត៍(William A. Heidt) បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងក្នុងការអនុវត្តសកម្មភាពនិងគម្រោងនានាដើម្បីជំរុញនិងអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ព្រមទាំងការស្រាវជ្រាវនិងនវានុវត្តន៍នៅកម្ពុជា ដែលជាផ្នែកគន្លឹះដ៏មានសារសំខាន់ រឹងមាំ និងចាំបាច់បំផុតសម្រាប់ជួយឱ្យកម្ពុជាអាចបោះជំហានទៅមុខដោយជោគជ័យក្នុងការឈានឡើងពីប្រទេសមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងអនាគតដ៏ខ្លីខាងមុខនេះ ហើយបន្តឆ្ពោះទៅសម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (ប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើនវានុវត្តន៍) នៅឆ្នាំ២០៣០៕
ប្រភព៖ ទំព័រក្រសួងអប់រំ យុវជន និងកីឡា