ភ្នំពេញ៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១៤:៤១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានសរសេរឆ្លើយតប ( Replies ) នៅលើ Facebook Page របស់អាក់ខោនមួយឈ្មោះ VsrChhiro មានអត្ថន័យខ្លីថា "អបអរសាទរក្មួយ កែវ រំចង់" ។
សម្តេចតេជោនាយករដ្ឋមន្ត្រីអបអរការឈ្នះខាងលើបែបនេះដោយឆ្លើយតបភ្លាមៗបន្ទាប់ពី Facebook ដែលមានអាក់ខោនឈ្មោះ VsrChhiro បានបង្ហោះរូបភាពកីឡាករប្រដាល់សេរីក្បាច់គុនបុរាណខ្មែរ កែវ រំចង់ ទទួលជ័យជំនះលើកីឡាករថៃ នៅលើ Page របស់សម្តេច ក្នុងអត្ថន័យទាំងស្រុងថា "ជម្រាបជូនសម្តេចជាទីគោរព !ជយោ !កែវ រំចង់ សងសឹកកីឡាករថៃបានសម្រេចហើយ ឈ្នះការប្រកួត Thai Fight ប្រកួតមុននេះបន្តិច នេះជាប្រវត្តិសាស្ត្ររបស់កីឡាប្រដាល់សេរីរបស់ខ្មែរស្នើសុំទៅក្រសួងពាក់ព័ន្ធ និងសហព័ន្ធកីឡាប្រដាល ជាពិសេសថ្នាក់ដឹកនាំជាតិដ៏ឆ្នើម សម្តេចតេជោ ជួយលើកទឹកចិត្តដល់គាត់ផង" ។
គួរបញ្ជាក់ថា នៅក្នុងការប្រកួតសងសឹកក្នុងកម្មកវិធី Thai Fight នៅក្រុងបាងកកដើម្បីអបអរឆ្លងឆ្នាំសកលនេះ កីឡាករ កែវ រំចង់ បានប្រកួតឈ្នះកីឡាករថៃIquezang ដែលមានទម្ងន់ធ្ងន់ជាង ១,២គីឡូក្រាម ដោយពិន្ទុ ហើយក៏ជាជ័យជំនះរបស់កីឡាករខ្មែរលើកដំបូងនៅក្នុងការប្រកួត Thai Fight ផងដែរ ។
កាលពីថ្ងៃទី២៤ តុលា ២០១៥ កីឡាករ កែវ រំចង់ បានចាញ់កីឡាករ Iquezang ដោយពិន្ទុទាំងមិនអស់ចិត្តនិងសូម្បីតែអ្នកទស្សនាផ្ទាល់នៅក្នុងប្រទេសនិងតាមកញ្ចក់ទូរទស្សន៍ក៏គិតថា កីឡាករ កែវ រំចង់ ឈ្នះដែរទើបគណៈកម្មការប្រកួតដាក់ឲ្យប្រកួតសងសឹកនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ជាទិវាឆ្លងឆ្នាំសកលក្នុងក្រុងបាងកក ប្រទេសថៃ៕
ប្រែសម្រួលដោយ៖ មែន កំសត់
ប្រភព ៖ KOHSSANTEPHEAP