ភ្នំពេញ៖ ការផ្សព្វផ្សាយព័ត៌មាននៅលើ Facebook របស់សម្តេចអំពី «អតីតមិត្តរួមអាវុធរបស់សម្តេច គឺលោក ញឹក ហួន មានជំងឺជាទម្ងន់។ ក្រោយទទួលបានដំណឹងនេះសម្តេចតេជោ បានចុះសួរសុខទុក្ខលោក ញឹក ហួន ដល់គេហដ្ឋានភ្លាមៗផងដែរ។ ជាមួយការចុះសួរសុខទុក្ខនេះ សម្តេចតេជោបានលើកទឹកចិត្តយុទ្ធមិត្តឲ្យខិតខំព្យាបាលជំងឺរបស់ខ្លួន ដោយសម្តេចតែងនឹករលឹកជានិច្ច ដល់យុទ្ធមិត្តរួមសមរភូមិជានិច្ច»។
ពាក់ព័ន្ធនឹងការផ្សាយដំណឹងនេះ គឺបានបង្ហាញការយកចិត្តទុករបស់សម្តេចតេជោនិងផ្តល់ជាកម្លាំងចិត្តដើម្បីជំរុញឲ្យព្យាបាលជំងឺឲ្យជាសះស្បើយ ប៉ុន្តែបែរជាមានក្រុមនិយមប្រឆាំងមួយចំនួន បានសរសេរ Comment រិះគន់វាយប្រហារយ៉ាងព្រហើន ប្រើសំដីអសុរោះគ្មានសីលធម៌ ចំពោះសម្តេចខុសកាលៈទេសៈ ខុសពេលវេលា និងខុសប្រធានបទ។
ជាមួយនោះសម្តេចតេជោហ៊ុន សែន បាន Comment ឆ្លើយតបយ៉ាងធ្ងន់ៗថា៖ «បើក្មួយឆ្កួតក៏កុំឆ្លៀតឆ្កួតនៅពេលបែបនេះដែរ។ ដោយសារចរិតពាលទាំងមេទាំងកូនបែបនេះហើយ ទើបសង្គមទទួលយកមិនបាន បើទោះក្មួយប្រឆាំង ក៏គួរចេះរកពេលប្រឆាំងឱ្យសមស្របដែរកុំធ្វើពាលដូចមេក្មួយ»។
បន្ទាប់ពីមានការ Comment ធ្ងន់ៗទៅលើក្រុមនិយមប្រឆាំង សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា៖ «ខ្ញុំសូមអរគុណ ជាពិសេសយុវជនដែលបានចូលរួមមតិយោបល់ ប្រកបដោយពាក្យសំដីល្អសមរម្យដែលបង្ហាញឲ្យឃើញនូវគុណធម៌ និងសីលធម៌ខ្ពស់របស់ខ្មែរយើង។
ខ្ញុំពិតជាសោកស្តាយដែលបានឃើញយុវជនភាគច្រើនមកពីគណបក្សប្រឆាំងបានប្រើសំដីអសុរោះគ្មានសីលធម៌សូម្បីតែខ្ញុំបានទៅផ្តល់កម្លាំងចិត្តដល់អតីតមិត្តរួមអាវុធដែលកំពុងមានជំងឺជាទម្ងន់ ក៏ពួកគេឆ្លៀតវាយប្រឆាំងប្រមាថមកលើខ្ញុំដែរ។ ខ្ញុំសង្ឃឹមថា យុវជននឹងប្រើប្រាស់ពាក្យសំដីបានល្អសមរម្យថ្លៃថ្នូរនៅពេលនិយាយមកកាន់ទំព័រខ្ញុំ។ ចំពោះការប្រមាថធ្ងន់ធ្ងរមួយចំនួនដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្ថៃថ្នូររបស់ខ្ញុំ គឺពិតជាមិនអាចទទួលយកបានឡើយ»។
ប្រជាពលរដ្ឋមួយចំនួន ដែលលេង Facebook បានសរសេរឲ្យដឹងថា ក្រុមអ្នកនិយមប្រឆាំង សូមប្រឆាំងឲ្យចំពេលវេលា និងកាលៈទេសៈផង ព្រោះថាគ្រាន់តែសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅសាកសួរសុខទុក្ខដល់អតីតមិត្តរួមអាវុធរបស់សម្តេចសោះ ក៏ត្រូវរងការរិះគន់ប្រើសំដីអសុរោះគ្មានសីលធម៌ដែរ នេះពិតជាបង្ហាញពីទង្វើខ្វះការយល់ដឹងនិងសេចក្តីថ្លៃថ្នូរ៕
កែសម្រួលអត្ថបទដោយ មែនកំសត់