ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៧ ទិវាជ័យជំនះ៧មករា នៅស្នាក់ការគណបក្សស្រុកអូរាំងឪ ព្រមទាំងមានការចូលរួមពីក្រុមការងារបក្សខេត្តត្បូងឃ្មុំ គណៈកម្មាធិការបក្សស្រុកអូរាំងឪ និងលោក លោកស្រីជាគណៈកម្មាករបក្សឃុំ កងកំលាងប្រដាប់អាវុធ ក្រុមការងារយុវជនឃុំ ភូមិសរុបប្រមាណ២០០នាក់។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានមតិរំលឹកថា ស្មារតី៧មករាមិនត្រឹមតែជាសក្ខីភាពឆ្លុះនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការតស៊ូរបស់យុទ្ធជនយុទ្ធនារី និងអ្នកស្នេហាជាតិដើម្បីរំដោះប្រជាជននិងប្រទេសជាតិឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាកំណត់ដល់ការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចជាកំណើតនៃជំនឿសាសនា សិទ្ធិសេរីភាព ការគោរពតម្លៃមនុស្សលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការរំលឹកខួបទិវាជ័យជំនះនេះគឺជាការដាស់ស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងកាន់តែច្បាស់អំពីតម្លៃនិងភាពចាំបាច់នៃការថែរក្សាស្មារតីរួបរួមសាមគ្គី សហការ និងឯកភាពជាតិ ដែលជាកត្តាគន្លឹះនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងការរស់នៅដោយសុខដុមរមនា។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាដើម្បីបញ្ជៀសនូវគន្លងប្រវត្តិសាស្ត្រដ៏ជូរចត់នៃសោកនាដកម្មការបែកបាក់ផ្ទៃក្នុង និងការធ្លាក់ក្នុងភ្លើងសង្គ្រាម កម្ពុជាត្រូវពង្រឹងភាពម្ចាស់ការលើខ្លួនឯងឱ្យសក្តិសមជាជាតិសាសន៍នៃរដ្ឋអធិបតេយ្យ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះសមាជិកសមាជិកាដែលបានយកចិត្តទុកដាក់ចូលរួមក្នុងកម្មវិធីរំលឹកខួបនាឱកាសនេះ និងសូមជូនពរ បវរសួស្ដីសិរីមង្គល ល្អប្រសើរ កើតមានដល់សមាជិកសមាជិកា និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ មែន កំសត់