ជិះ​កង់​មក​ពិនិត្យ​សុខភាព ខ្វះ​លុយ​៥​ពាន់​រៀល គ្រូពេទ្យ​ប្រាប់ថា​លុយ​អត់​គ្រប់​ពិនិត្យ​អត់​កើត​

05-January-2016 | ដោយ មួយឡា

កំពង់ឆ្នាំង​៖ បុរស​ម្នាក់​ដែលមាន​ទឹកមុខ​ស្លេកស្លាំង បាន​ជិះ​កង់​ពី​ភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមាន​ចំងាយ​ផ្លូវ​រាប់​គីឡូ សំដៅ​មក​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់​ង​ឆ្នាំង ដើម្បី​ពិនិត្យ​សុខភាព កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ។​

​នៅ​នឹង​ដៃ​កង់​របស់​បុរស​នេះ​មាន​ថង់​មួយ​ដាក់​ប័ណ្ណ​សមធម៌ សម្រាប់​សម្គាល់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ប្រភេទ​លេខ​១ ។
​បុរស​រូបនេះ​បាន​ប្រាប់​អោយដឹងថា គាត់​ឈ្មោះ លឹម វណ្ណដា​រ៉ា រស់នៅ​ភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កន្លងមក​គាត់​គឺ​ជាង​កងទ័ព​បម្រើ​ការងារ​នៅ ង​៧០ ។ គាត់​មក​មន្ទីរពេទ្យបង្អែក​ខេត្ត​នេះ​ជា​លើក​ទី​២​ហើយ កាលពី​លើក​មុន​គាត់​បាន​កាន់​ប័ណ្ណ​សមធម៌​នេះ​ដើម្បី​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដែរ ហើយ​កាលនោះ​ក្រុមគ្រូពេទ្យ​បានអោយ​បង់​ថវិកា​ចំនួន​១​ម៉ឺន​រៀល​ដើម្បី​បាន​ពិនិត្យ​សុខភាព ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​៤ ខែមករា​នេះ​គាត់​មក​ពេទ្យ​ម្តងទៀត ដើម្បី​ពិនិត្យ​សុខភាព ព្រោះ​រូបគាត់​ចេះតែ អស់កម្លាំង ហេវ​ហត់ និង ឈាម​ច្រមុះ ដើម្បី​បាន​ថ្នាំ​ព្យាបាល ។​

​បុរស​រូបនេះ​បាន​ប្រាប់​ទាំង​អារម្មណ៍​ហាក់បីដូចជា​មិនសូវ​ស្រួលខ្លួន​ទៀតថា ថ្ងៃនេះ​គាត់​ខំ​ជិះ​កង់​មកពី​ឆ្ងាយ​មក​ពេទ្យ​សង្ឃឹមថា គាត់​បាន​ពិនិត្យ​សុខភាព និង បាន​ព្យា​ល​បាល ដូច​លើក​មុន​ទៀត តែ​អ្វីដែល​រំពឹងទុក​នោះ​វា​បានធ្វើអោយ​គាត់​រឹតតែ​មាន​អារម្មណ៍​ក្តុកក្តួល យ៉ាង​ពន់ពេក នៅពេល​ចូល​ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ទៅដល់​កន្លែង​ជួប​ពិគ្រោះ​ដំបូង​ជាមួយ​គ្រូពេទ្យ គាត់​បាន​ប្រាប់​គ្រូពេទ្យ​ថា គាត់​ចេះតែ​អត់​កំលាំង ហេវ​ហត់ និង មាន​អាកា​រៈ​ឈាម​ច្រមុះ បន្ទាប់​គាត់​បានបង្ហាញ​ប័ណ្ណ​សមធម៌ ប្រភេទ​លេខ​១ ពេលនោះ​គ្រូពេទ្យ​បាន​ប្រាប់​គាត់​ថា ប័ណ្ណ​តម្រូវអោយ​អ្នកជំងឺ បង់​សេវា​ចំនួន​១​ម៉ឺន​រៀល ប៉ុន្តែ​ពេលនោះ​គាត់​ប្រាប់​មានតែ​៥​ពាន់​រៀល​ទេ ជួយ​ពិនិត្យ​អោយ​គាត់​ផង ព្រោះ​គាត់​អត់​មាន​លុយ​ទេ ពេលនោះ​ពេទ្យ​ប្រាប់​គាត់​ថា អត់​បានទេ​ទាល់តែ​គ្រប់​ចំនួន​១​ម៉ឺន​រៀល ។​
​ដោយ​អស់សង្ឃឹម​គាត់​បាន​អូស​កង់​ត្រឡប់មកវិញ មក​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​ដើម្បី​សុំអោយ​ជួយ​គាត់ និង និយាយប្រាប់​អោយគេ​បានលឺ​ផង ។​

​គាត់​បាន​និយាយថា ជិវិត​អ្នកក្រ​គឺ​បែប​នេះឯង នៅពេល​មាន​ជំងឺ​ខ្វះ​តែ​៥​ពាន់​រៀល​ក៏​ស្លាប់​បានដែរ គាត់​ធ្លាប់​បម្រើ​ការងារ​ជា​កងទ័ព​ជួប​រាល់​ឧបសគ្គ​នៅក្នុង​សមរភូមិ តែ​មិនដែល​រុញ​រា និង តក់ស្លុត​នោះទេ ទើបតែ​ពេលនេះ​គាត់​មាន​អារ​ម្ម​ថា​ភ័យ​និង​តក់ស្លុត​យ៉ាងខ្លាំង នៅពេលដែល​គ្រូពេទ្យ​ប្រាប់ថា លុយ​របស់គាត់​មិន​គ្រប់​សម្រាប់​បង់​សេវា​ពិនិត្យ​សុខភាព​នោះ ហើយ​ខ្វះ​តែ​៥​ពាន់​រៀល​ប៉ុណ្ណោះ ។ គាត់​សូមអោយ​អ្នក​សប្បុរស​មេត្តាជួយ​គាត់​ផង​ពេលនេះ​គ្មាន​សង្ឃឹម​អ្វី​ទៀត​ទេ ព្រោះ​ជំងឺ​ចេះតែ​យាយី​រូបគាត់ ហើយ​លុយ​ក៏​គ្មាន​សម្រាប់​ព្យាបាល​ទៀត​៕

​ប្រភព​៖ rosemag

ចំនួនអ្នកទស្សនា

    20567607

  • ថ្ងៃនេះ10001
  • ម្សិលមិញ14181
  • សប្តាហ៍នេះ10001
  • ខែនេះ125151
  • ឆ្នាំនេះ125151
  • សរុប20567607