ភ្នំពេញ៖ អគារថ្មីស្រឡាងយ៉ាងល្អប្រណីតរបស់ក្រសួងបរិស្ថាន ដែលសាងសង់លើផ្ទៃដីជាង ៦,០០០ម៉ែត្រការ៉េ និងត្រូវចំណាយថវិកាប្រមាណជា៨លានដុល្លារអាមេរិក បានស្ថាបនារួចរាល់ហើយ និងបានប្រារព្ធពិធីប្រោះព្រំ សូត្រមន្ត ចម្រើនព្រះបរិត សុំសិរីសួរស្តី សេចក្តីសុខសប្បាយ និងជ័យមង្គល ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ក្នុងការចូលបំរើការងារជាផ្លូវការចាប់ពីថ្ងៃម្សិលមិញ។
លោក សៅ សុភាព នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្សក្រសួងបរិស្ថានបានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ពិធីនោះថា អគារយ៉ាងល្អប្រណីតរបស់ក្រសួងបរិស្ថាននេះ ត្រូវបានប្រសិទ្ធនាមថា «អគារមរតកតេជោ» ជាសមិទ្ធិផលថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានសាងសង់ឡើងចាប់តាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ ហើយចំណាយពេល៥៧៤ថ្ងៃ និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។
អ្នកនាំពាក្សរូបនេះបញ្ជាក់ថា សមិទ្ធិផលនេះ ពិតជាឆ្លើយតបតាមពេលវេលានិងតម្រូវការជាក់ស្តែងរបស់ក្រសួងបរិស្ថាន ដែលបានខិតខំធ្វើការកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់ខ្លួនក៏ដូចជា ធ្វើទំនើបកម្ម រួមទាំងការពិនិត្យសមត្ថភាពមន្ត្រីរាជការដែលយើងខ្វះខាត ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពិសេសបន្ទប់ការិយាល័យតែម្តង។
អគារនេះមានកម្ពស់៧ជាន់រាប់ទាំងជាន់ក្រោមដី មានផ្ទៃក្រឡាជាង១៨០០០ម៉ែត្រការ៉េ និងអាចរៀបជាការិយាល័យមានផ្ទៃក្រឡាប្រមាណជា១៥០០០ម៉ែត្រការ៉េ។
សូមបញ្ជាក់ថា ទីតាំងក្រសួងបរិស្ថានចាស់ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ នោះត្រូវបានដោះដូរតាំងពីអាណត្តិមុនឲ្យទៅក្រុមហ៊ុនឯកជនមួយឈ្មោះ រតនា ខបភើរេហ្សិន ហើយបន្ទាប់ពីរើមកកាន់អគារទីស្តីការថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវជាប់មាត់ព្រែកកោះពេជ្រខាងលិចនិងខាងកើត អគារកាស៊ីណូណាហ្គាវើលរួចរាល់ហើយ នឹងប្រគល់ជូនក្រុមហ៊ុនដើម្បីរៀបចំអភិវឌ្ឍន៍តាមគម្រោងផែនការរបស់គេ ៕
ប្រភព៖ ann