ភ្នំពេញ៖ រាជរដ្ឋាភិបាលបានបញ្ចប់សិទិ្ធលក់សំបុត្រចូលទស្សនាប្រាសាទអង្គរពី ក្រុមហ៊ុន សុខា ទាំងស្រុងហើយ និងបានយកមកគ្រប់គ្រងខ្លួនឯងកាលពីសប្តាហ៍មុន។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានប្រាប់ថា គណៈកម្មការរួមរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ត្រូវបានបង្កើតឡើងរួចហើយ ហើយបានយកកិច្ចការនេះពីក្រុមហ៊ុនសុខាមកកាន់កាប់វិញចាប់តាំងពី ថ្ងៃទី ១ មករា។
ឯកឧត្តមបានបន្ថែមថា៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានយកការងារ [ការគ្រប់គ្រងការលក់សំបុត្រ] ពីក្រុមហ៊ុន សុខា ហើយដំណើរការកំពុងត្រូវបានអនុវត្ត។ គណៈកម្មការនេះនឹងគ្រប់គ្រង ដឹកនាំ និងត្រួតពិនិត្យ»។
ជាមួយនឹងដំណាក់កាលជាច្រើនក្នុងការអភិវឌ្ឍ ឯកឧត្តម ថោង ខុន ឲ្យដឹងថា អនុក្រឹត្យស្ដីពីគ្រឹះស្ថានសាធារណៈអង្គរមិនទាន់រួចរាល់ក្នុងការ ប្រកាសនៅឡើយទេ គណៈកម្មការនេះនឹងរៀនសូត្របទពិសោធល្អៗពីក្រុមហ៊ុន ដោយពង្រីក និងកែទម្រង់បន្ថែមទៀតប្រសិនបើមានចំណុចខ្សោយដើម្បីធ្វើឲ្យកាន់តែប្រសើរ។
ឯកឧត្តមលើកឡើងថា៖ «យើងគ្រាន់ផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំ ហើយមានដំណាក់កាលជាច្រើនទៀតត្រូវធ្វើ»។
ឯកឧត្តមបន្តថា៖ «ប្រាក់បានពីការលក់សំបុត្រត្រូវបានគ្រប់គ្រងដោយក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយវាចូលទៅក្នុងរតនាគារជាតិ»។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងឆ្នាំ ២០១៥ បានប្រកាសដកហូតការលក់សំបុត្រពីក្រុមហ៊ុនសុខាមកគ្រប់គ្រងវិញ ដែលនាំឲ្យមានការសាទរពីមហាជន។
ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០១៥ ចំនួនភ្ញៀវទេសចរបរទេសដែលបានទស្សនាប្រាសាទអង្គរមានប្រហែល ១ ៨៧៧ ៤៣៧ នាក់ កើនឡើង ២,២១ ភាគរយបើធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៤ ដែលរកបានប្រាក់ ៥៣ ៥៥៦ ៤៨៩ ដុល្លារអាមេរិកកើនឡើង១,១៥ភាគរយ។
ក្រុមហ៊ុនសុខាទទួលបានសិទ្ធិលក់សំបុត្រចូលទស្សនាអង្គរចាប់តាំង ពីឆ្នាំ១៩៩៩ ដែលស្ថិតក្រោមប្រព័ន្ធបែងចែកប្រាក់ចំណេញជាមួយអាជ្ញាធរអប្សារា ដឹកនាំដោយឧបនាយករដ្ឋមន្ដ្រី សុខ អាន។
ឯកឧត្តម ហូ វណ្ឌី ទីប្រឹក្សាក្រសួងពាណិជ្ជកម្មជឿជាក់ថា ការគ្រប់គ្រងថ្មីនេះនឹងដំណើរការរលូន ដោយសារតែអ្វីៗមាននៅក្នុងប្រព័ន្ធជាស្រេច ហើយគណៈកម្មការនេះនឹងគ្រាន់តែបន្តការងារពីក្រុមហ៊ុនតែប៉ុណ្ណោះ។
ឯកឧត្តមថ្លែងថា៖ «ពួកគេនឹងគ្រាន់តែត្រួតពិនិត្យ និងបន្តការងារនេះតែប៉ុណ្ណោះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងគ្រប់គ្រងការងារនេះដោយមានការ សហការពីអន្តរក្រសួងសម្រាប់ការផ្ដល់យោបល់ ក្រសួងហិរញ្ញវត្ថុ នឹងគ្រប់គ្រងទឹកប្រាក់ ហើយអាជ្ញាធរអប្សរា អាចស្នើសុំមូលនិធិក្នុងការធ្វើផែនការ និងការកែលម្អ ប្រាសាទ និងហេដ្ឋារចនាសម្ព័ន្ធ»។
ឯកឧត្តម សុន ឆ័យ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិកម្ពុជា ថ្លែងថាការដកយកការលក់សំបុត្រពីក្រុមហ៊ុនសុខាគឺមានប្រយោជន៍ ប៉ុន្តែរដ្ឋាភិបាលត្រូវតែពង្រឹងនីតិវិធីបន្ថែមទៀតដើម្បីធានាឲ្យ ប្រាកដថា ប្រាក់នេះនឹងចូលរដ្ឋ។
ឯកឧត្តមបន្តថា៖ «យើងនឹងជំរុញក្នុងការធានាថា ការប្រមូលប្រាក់នឹងចូលទៅក្នុងរតនាគារ ដែលមិនមែននៅក្រៅប្រព័ន្ធដូចពីមុននោះទេ។ ខ្ញុំជឿជាក់ថា វាប្រសើរជាងពីមុន ហើយយើងនឹងត្រួតពិនិត្យយ៉ាងដិតដល់លើនីតិវិធី ហើយនឹងចោទសួរក្រសួងដែលពាក់ព័ន្ធ និងសួរពួកគេរកឯកសារតាមនោះ»៕
ប្រភព៖ postkhmer