គូ​ស្វាមីភរិយា​ជួបគ្នា​សម័យ​ប៉ុលពត​៨០០​គូ ប្រារព្ធ​ខួប​អាពាហ៍​ពិពាហ៍​លើក​ដំ​បូង​ ​នៅ​ជាយ​ដែន​​ស្រុក​​ម៉ាឡៃ​​

06-January-2016 | ដោយ មួយឡា

បន្ទាយមានជ័យ​៖ គូ​ស្វាមីភរិយា​ដែល​បាន​យកគ្នា​ជា ប្តី​ប្រពន្ធ តាម​ការចាត់​តាំងរបស់​អង្គការ​នា​សម័យ​ប៉ុលពត​នោះ បាន​ជួបជុំគ្នា​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍ របស់ខ្លួន​ជា​លើកដំបូង​នា​ថ្ងៃទី​0៥ ខែមករា ឆ្នាំ​២០១៦ នៅ​ជាយដែន​កម្ពុជា​-​ថៃ ក្នុង​បរិវេណ​វិទ្យាល័យ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់ និង​សន្តិភាព​ទៅកាន់​ពិភពលោក​។​

​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង ដោយ​អង្គការ​សហ​ព​ន្ធ័​សន្តិភាព​សកល​កម្ពុជា (Universal Peace Federation Cambodia) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សួន បវរ អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក ហ៊ុត ហេន នាយក​សាខា UPF-BTB នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ភាព ទីប្រឹក្សា​ក្រសួងការពារជាតិ លោក អែម សុខា អភិបាលស្រុក​ម៉ាឡៃ និង​មានការ​ចូលរួម​ពី​គូ​ស្វាមីភរិយា​ចំនួន​៨០០​គូ ព្រមទាំង​សាច់ញាតិ​បងប្អូន​ជាច្រើន​នាក់​ផងដែរ​។   

ឯកឧត្តម សួន បវរ បាន​ឲ្យ​ដឹងថា​យើង​ប្រារព្ធ​ធ្វើ​ពិធី​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​រំលឹក​អនុស្សាវរីយ៍ ពី​អតីតកាល​និង​អប់រំ​ក្រុមគ្រួសារ​ដែលជា​សមាជិក​សង្គម ឲ្យ​មាន​ការគោរព​ស្រឡាញ់គ្នា​ស្មោះត្រង់​រវាង​គ្នា ចាប់ដៃគ្នា កសាង​សុភមង្គល​គ្រួសារ​ក្រោម​ច្បាប់​ស្តីពី​ឯក​ពន្ធភាព​ក្នុងន័យ «​សន្តិភាព​ផ្តើមចេញពី​គ្រួសារ​»​។​

ឯកឧត្តមបាន​បន្តថា គូ​ស្វាមីភរិយា​ចំនួន​៨០០​គូ ជា​អតីត​ទាហាន​និង​ប្រជាជន​នៅ​តំបន់​អតីត​ខ្មែរក្រហម​ម៉ាឡៃ ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ បាន​ចូលរួម​ពី​ធី​រំលឹក​អនុស្សាវរីយ៍ ដែល​ខ្លះ​បាន​ចាប់ដៃគ្នា​ក្នុង​គ្រា​កំសត់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ខ្លះ​បាន​សំពះ​ផ្ទឹម​រៀបការ​នោះ បាន​មូលមាត់គ្នា​ចូលរួម​ពី​ធី​រំលឹក​អនុស្សាវរីយ៍​ទ្រង់ទ្រាយ​ធំ​និង​លើកដំបូង​ផងដែរ​។​

ឯកឧត្តមបាន​លើកឡើងថា រយៈពេល​៣៧​ឆ្នាំ​កន្លងទៅ ផ្ដើមចេញពី​ជ័យជំនះ​៧​មករា​ប្រជាជន​កម្ពុជា​បានសម្រេច នូវ​ការផ្លាស់ប្ដូរ​សង្គម​យ៉ាង​ធំធេង​ដែល​គ្មាន​អ្នកណា​អាច​នឹកស្មាន​ដល់ ជា​ពិ​សស​ទឹកដី​កម្ពុជា​យើង ក្លាយជា​ប្រទេសជាតិ​មួយ​មាន​សុខសន្តិភាព សេរីភាព​ឯកភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន ត្រូវបាន​លើកកម្ពស់​ឥតឈប់ឈរ​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20566947

  • ថ្ងៃនេះ9341
  • ម្សិលមិញ14181
  • សប្តាហ៍នេះ9341
  • ខែនេះ124491
  • ឆ្នាំនេះ124491
  • សរុប20566947