កំពង់ចាម៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅខេត្តកំពង់ចាមនាព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ បានរៀបចំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា(៧ មករា ១៩៧៩-៧ មករា ២០១៦) ដែលជាថ្ងៃប្រជាជនកម្ពុជា ចងចាំមិនភ្លេច ហើយជាកំណើតទី២របស់មាតុភូមិមួយនេះ ដែលបានរួចផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត។
ការរៀបចំពិធីនេះ ធ្វើឡើងនៅបរិវេនមុខសាលាខេត្តកំពង់ចាម ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារ ចុះជួយខេត្តកំពង់ចាម ព្រមទាំង ឯកឧត្តម ហ៊ុន ណេង ប្រធាន គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា អញ្ជើញជាអធិបតី និងមានការចូលរួមពីឯកឧត្តម លន់ លឹមថៃ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក អភិបាលខេត្ត រង ប្រធានក្រុមប្រឹក្សាខេត្ត ប្រ ធានមន្ទីជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជន បានចូលរួមយ៉ាងច្រើនកុះករផងដែរ៕
ឯកឧត្តម លន់ លឹមថៃ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ក្នុង ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី ៣៧ ថ្ងៃជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០១៦នៅព្រឹកថ្ងៃទី៦ មករា នេះថា ការរំលឹកខួបនេះ គឺជាពន្លឺនៃសច្ចធម៌ និងដួងព្រលឹង ការរំលឹកភាព ជាម្ចាស់នៃការរស់ រានមានជីវិតរបស់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ “ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទីពីរ នៃយើងទាំងអស់គ្នា មានថ្ងៃ៧មករា ១៩៧៩ ទើបមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ដោយមានប្រមុខ រាជរដ្ឋភិបាលដឹកនាំ ដ៏ឈ្លាសវៃ ធ្វើឲ្យប្រទេសជាតិមានសន្តិភាព តាមកម្មវិធីនយោបាយ ឈ្នះ ឈ្នះ។ សម្ដេចទាំងបី ជាប្រមុខដឹកនាំ យើងខ្ញុំ ទាំងអស់គ្នា គោរពដឹងគុណជានិច្ច និង ប្ដេជ្ញាអនុវត្តន៍ តាមគោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជ រដ្ឋាភិបាល ដែលមាន សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពជា”។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារ ចុះជួយខេត្តកំពង់ចាមបានថ្លែងថា “នេះជាប្រវត្តិសាស្ដ្រជ័យជំនះ ៧មករា នៅក្នុងឱកាសនេះ ដែលខ្ញុំសូមរំលឹក អំពីជ័យជំនះ ៧មករា ដែលបានរំដោះប្រទេស ចេញពីភ្នក់ភ្លើងសង្គ្រាម”។
លោកបន្តថា មកដល់បច្ចុប្បន្ននេះ ៧មករា ឆ្នាំ១៩៧៩ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ប្រទេស និងបានបំរើជាតិមាតុភូមិ។ ៧មករា មកដល់បច្ចុប្បន្ននេះ ៣៧ឆ្នាំហើយ យើងបានឆ្លងកាត់ឧបសគ្គយ៉ាងច្រើន មានតែ គណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលបានដឹកនាំ កម្ពុជា ឲ្យរីកចំរើនមកដល់បច្ចប្បន្ន៕ដោយ ហ៊ាងអ៊ាមហ៊ុយ