សម្ដេចនាយក​រដ្ឋមន្ត្រី ប្រាប់​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ឲ្យ​ទៅយក​ប្រាក់​វិញ​

08-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ដែល​បាន​បង់ប្រាក់​ធ្វើ​ឬ​អ្នក​ដែលមាន​ប័ណ្ណបើកបរ​ម៉ូតូ​ប្រភេទ​ក​ដែលមាន​កម្លាំង​១២៥​សេ​សេ​ចុះក្រោម អាច​ទៅ​បើកប្រាក់​វិញ​បាន​បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​លុបចោល​មិន​តម្រូវ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ប្រភេទ​នេះ​មាន​ប័ណ្ណបើកបរ​។​

​សម្ដេច ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ជាការ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​ថា​៖ “​ប្រសិនបើ​ប្រជាពលរដ្ឋ​បាន​បង់លុយ​សម្រាប់​ថ្លៃ​ប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ (125CC​ចុះក្រោម​) រួចហើយ ហើយ​ការសម្រេច​ថ្មី​នេះ​បានកំណត់​មិនអោយ​បង់លុយ​ថ្លៃ​ប័ណ្ណបើកបរ​គឺ​សូម​ប្រជាពលរដ្ឋ​មក​ទទួល​ប្រាក់​វិញ​គ្រប់ៗ​គ្នា​”​។​

សម្ដេចនាយក​រដ្ឋមន្ត្រី​បន្តទៀតថា​៖ “​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បានទទួល​ប័ណ្ណបើកបរ​ម៉ូតូ​រួចហើយ (125CC ចុះក្រោម​) ប្រសិនបើ​មានបំណង​ចង់​ទទួល​យកលុយ​វិញ​គឺ​រាជរដ្ឋាភិបាល​នឹង​បង់​ថវិកា​សង​វិញ​គ្រប់​ចំនួន​ទៅតាម​តម្លៃ​ផ្លូវ​ការដែល​បាន​បង់​រួច​ពីមុន​”​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​បន្ថែមថា​លោក​បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឲ្យ​សហការ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដើម្បី​ចាត់វិធានការ​លើ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​បំផុត​។​

​តាម​របាយការណ៍​រប​ស់​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន គឺ​បច្ចុប្បន្ន​កម្ពុ​ជាមាន​ម៉ូតូ​ចំនួន​ជាង​២​លាន​៧​សែន​គ្រឿង ចំណែក​អ្នក​ដែលមាន​ប័ណ្ណបើកបរ​មាន​ប្រមាណ​១​សែន​៥​ម៉ឺន​នាក់​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20569437

  • ថ្ងៃនេះ11831
  • ម្សិលមិញ14181
  • សប្តាហ៍នេះ11831
  • ខែនេះ126981
  • ឆ្នាំនេះ126981
  • សរុប20569437