មេដឹកនាំ​សហជីព​ឯករាជ្យ បន្ត​ទាមទារ​ការសម្រួល​ច្បាប់​សហជីព​

08-January-2016 | ដោយ មួយឡា

ភ្នំពេញ​៖ ក្រោយ​ពេលដែល​អ្នកតំណាង​រាស្ត្រ​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស និង​គណបក្សប្រឆាំង​បាន​ពិនិត្យ និង​ស្នើ​ឲ្យ​កែសម្រួល​ជំពូក​ចំនួន​ពីរ​នៃ​សេចក្តីព្រៀងច្បាប់​សហជីព មេដឹកនាំ​សហជីព​ឯករាជ្យ​ក្នុងប្រទេស​កម្ពុជា​ទាមទារ​ឲ្យ​មានការ​កែសម្រួល មាត្រា​ជាច្រើន​ទៀត ដែល​បង្កប់ន័យ​គាបសង្កត់​ការអនុវត្ត​សិ​ទិ្ធ​របស់​សហជីព​។​

​មេដឹកនាំ​សហជីព​បម្រើ​ប្រយោជន៍​កម្មករ​បាន​បន្ត​ទាមទារ​ឲ្យ អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ធំៗ​ទាំងពីរ​នៅក្នុង​សភាជាតិ ធ្វើការ​កែសម្រួល​បន្ថែម​ទៀត​ចំពោះ​មាត្រា​ដែល​រឹតត្បិត​សិទ្ធិសេរីភាព សហជីព ពីព្រោះថា អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​នេះ​បានសម្រេច​ស្នើ​ឲ្យ​រដ្ឋាភិបាល កែសម្រួល​លើ​មាត្រាមួយ​ចំនួន​ក្នុង​ជំពូក​ចំនួន​ពីរ​ប៉ុណ្ណោះ​នៅក្នុង សេចក្តីព្រាងច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស​។​

​ការ​សើ្ន​របស់​ពួកគេ​កើតមានឡើង​បន្ទាប់ពី​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួបប្រជុំ​ពិភាក្សាគ្នា​លើ សេចក្តីព្រាងច្បាប់​នេះ នៅ​រដ្ឋសភាជាតិ​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ​។​

​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ថ្លែងថា ក្រុម​សហជីព​ឯករាជ្យ​ដែល​បម្រើ​ប្រយោជន៍​កម្មករ ចង់ឃើញ​ការកែសម្រួល​មាត្រា​រសើប​ជាច្រើន​ទៀត​នៅក្នុង​សេចក្តីព្រាងច្បាប់ សហជីព​នេះ​។​
«​ខ្ញុំ​គិតថា គណបក្ស​ទាំងពីរ​ហ្នឹង​មិនទាន់បាន​ពិភាក្សាគ្នា​ស៊ីជម្រៅ​ទៅលើ​ចំណុច​ដែល សហជីព​ចង់​បានទេ ហើយ​យើង​សង្ឃឹមថា គណបក្ស​ទាំងពីរ​នឹង​ពិភាក្សា​ស៊ីជម្រៅ​ថែមទៀត ដោយសារតែ​ស្តាប់​មើល​សម្តី​របស់​ឯកឧត្តម​សុន ឆ័យ និង​ឯកឧត្តម​សុខ ឦសាន​ហ្នឹង​ថា នឹងមាន​ការជជែក​គ្នា​បន្តទៀត​។ អញ្ចឹង​ខ្ញុំ​គិតថា យើង​នឹង​រង់ចាំ​មើលថា តើ​ការវិវត្ត​ចុងក្រោយ វា​យ៉ាងណា​? យើង​នឹងចូលរួម​ក្នុងការ​ផ្តល់យោបល់​ដើម្បី​កែតម្រូវ​ឲ្យ​មានការ​រៀបចំ ច្បាប់​ហ្នឹង​ឲ្យ​បានល្អ​»​។​

​អ្នកស្រី​យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ពុំទាន់​បាន​ព័ត៌មាន​ច្បាស់​ស្តីពី​ការកែសម្រួល​នៃ​ជំពូក​ចំនួន​ពីរ​នេះ នៅក្នុង​សេចក្តីព្រៀងច្បាប់​សហជីព​នេះ​ទេ តែ​អ្នកស្រី​ទទូច​ស្នើ​ឲ្យ​អ្នកតំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ​ទាំងពីរ កែសម្រួល​ឲ្យ​បាន​ទាំងស្រុង​នូវ​មាត្រា ដែល​ធ្វើ​ឲ្យ​សហជីព​មានការ​ពិបាក​ក្នុងការ​ការពារ​សិទ្ធិ​កម្មករ​។​

«​តាមពិត ពាក់ព័ន្ធ​ជាមួយនឹង​ចំណុច​ដែល​យើង​បានស្នើ​ទៅ​រដ្ឋសភា កាលពី​យើង​កូដកម្ម ឬក៏​បានដាក់​ញ្ញ​តិ្ត​កន្លងមក ទាំងអស់​ហ្នឹង​មាន​៤២​មាត្រា ដែល​យើង​ស្នើសុំ​ឲ្យ​មានការ​កែប្រែ​។ ប៉ុន្តែ​នៅក្នុង​៤២​មាត្រា​នោះ​មាន​ខ្លឹមសារ ចំណុច​មួយចំនួន​ហ្នឹង​គឺ​យើង​ស្នើសុំ​កែ​ដាច់ខាត​តែម្តង ព្រោះ​បើសិនណា​ចំណុច​ទាំងអស់​ហ្នឹង​នៅតែ​ដាក់​បន្តទៅ វា​អត់​មាន​។ នេះ​ចង់​និយាយ​ពី​ការការពារ​សិទ្ធិ​កម្មករ ការពារ​ប្រយោជន៍​របស់​ពួកកម្មករ​យើង ឬក៏​សហជីព​យើង​អញ្ចឹង​ណា៎​»​។​

​អ្នកស្រី​ថ្លែង​បញ្ជាក់ថា មាត្រា​ជាច្រើន​ដែល​ក្រុម​សហជីព​ឯករាជ្យ​មិន​ចង់បាន​នោះ រួមមាន ការកំណត់​ពី​ការផ្ញើ​របាយការណ៍​ហិរញ្ញវត្ថុ​ទៅ​ក្រសួង​ការងារ​ដែល​ពុំបាន ផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុ​ដល់​សហជីព និង​ការកំណត់​ចំនួន​កម្មករ​សម្រាប់​ការបង្កើត​សហជីព​។ ចំណុច​ផ្សេងទៀត​នោះ​គឺ​ការ​កំណត់ថា បើ​ប្រធាន​សហជីព​ក្នុង​សហជីព​មួយ​បាន​បង្កកំហុស​ណាមួយ​ទាក់ទិន​ប្រយោជន៍ ផ្ទាល់ខ្លួន សហជីព​នោះ​នឹងត្រូវ​រំលាយចោល​ជា​ស្វ័យប្រវត្តិ​តែម្តង​។ មាត្រា​ដទៃ​នៃ​សេចក្តីព្រាងច្បាប់​នេះ​ក៏មាន​ការចែង​ពី​ការដាក់​ទោសពិន័យ​លើ សហជីព​ផងដែរ​។​

​នៅក្នុង​ការជួបប្រជុំគ្នា​កាលពី​ថ្ងៃ​ច័ន្ទ​នោះ អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ស្នើ​ឲ្យ​មានការ កែសម្រួល​មាត្រា​មួយចំនួន​នៅក្នុង​ជំពូក​ចំនួន​ពីរ​ដែល​និយាយ​ដល់​វិសាលភាព នៃ​សេចក្តីព្រាងច្បាប់ ការចុះបញ្ជី​របស់​សហ​ជីព និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សហជីព​ជាដើម​។ ក៏ប៉ុន្តែ​ចំណុច​និយាយ​ពី​ការកំណត់​ចំនួន​សម្រាប់​ការសម្រេច​ធ្វើ​កូដកម្ម របស់​កម្មករ​មិនទាន់​ត្រូវបាន​ព្រមព្រៀងគ្នា​រវាង​ក្រុម​អ្នកតំណាងរាស្ត្រ នៃ​គណបក្ស​ទាំងពីរ​ដែល​កំពុង​ពិនិត្យ និង​សិក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ​ទេ​។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់​ពី​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​។​

​លោក​សុន ឆ័យ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងប្រាប់ VOA ថា សិទ្ធិ​ធ្វើបាតុកម្ម​របស់​កម្មក​រ​គឺជា​ចំណុច​ចម្រូងចម្រាស​មួយ​នៅក្នុង ការពិភាក្សា​សេចក្តីព្រាងច្បាប់​នេះ​។

«​យើងខ្ញុំ​តតាំង​ជួស​ឲ្យ​សហជីព​ដែរ ថា​វា​មិនដែល​ហៅ​សមាជិក​[​មក​ប្រជុំ​សម្រេច​] ព្រោះ​សហជីព​ខ្លះ​ហ្នឹង​មាន​សមាជិក​រាប់ពាន់នាក់​នោះ អាច​ដល់​ម៉ឺន​ផង បើតាម​ដឹង​។ គេ​ហៅ​មក​ប្រជុំ​សម្រេច​ធ្វើ​កូដកម្ម​យ៉ាងម៉េច​? រឿង​កូដកម្ម​ជា​សិទ្ធិ​របស់​សមាជិក​នីមួយៗ​ទេ​។ ហើយ​នៅក្នុង​រោងចក្រ​ខ្លះ​វា​...​វា​... ទោះបី​ជាមាន ឧទាហរណ៍​ថា សហជីព​ហ្នឹង​មាន​សមាជិក​នៅក្នុង​រោងចក្រ​មួយ​ហ្នឹង ឧទាហរណ៍​ថា ២០០​នាក់ ហើយ​ជួនកាល​វា​មិនមែន​ទាំង​២០០​នាក់​ហ្នឹង​មាន​បញ្ហា​ជាមួយ​រោងចក្រ​ទេ​។ ជួនកាល​មាន​សមាជិក​១០​នាក់​នៅក្នុង​ផ្នែក​ដឹកជញ្ជូន ឬក៏​លីសែង​អី​គាត់​មិន​សុខចិត្ត គាត់​ចរចា​ជាមួយ​ថៅកែ ដោះស្រាយ​មិន​ចេញ សហជីព​ជួយ​ចរចា​មិន​ចេញ គាត់​ចង់​ធ្វើ​កូដកម្ម​អីៗ​។ អាហ្នឹង​សិទ្ធិ​របស់គាត់ មិនត្រូវ​ចែង​ទាល់​តែមាន​ចំនួន​ប៉ុន្មាន​ភាគរយ​នៃ​សមាជិក​អីហ្នឹង វា​ខុស វា​រំលោភ​ទៅលើ​ច្បាប់រដ្ឋធម្មនុញ្ញ សិទ្ធិ​តវ៉ា​ផង ហើយ​វា​រំលោភ​ទៅលើ​ច្បាប់ ILO ទៅទៀត អាហ្នឹង​ហើយ​បាន​ជជែក​យូរ​...​យូរ​ជាងគេ​។ ហើយ​ដោះ​អត់​ចេញ​ទេ​»​។​

​លោក​ថ្លែងបន្តថា ចំណុច​នេះ និង​ចំណុចរសើប​ជាច្រើន​ទៀត​ប្រមាណ​២១​មាត្រា​នឹងត្រូវ​លើក​យកមក​ពិភាក្សា ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃទី​១៣ ខែមករា ខាងមុខនេះ​។​

​រីឯ​លោក​សុខ ឦសាន អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែងថា សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ដាក់​ឲ្យ​ពិភាក្សា​ក្នុង​សិក្ខាសាលា ទូលំទូលាយ​មួយ បន្ទាប់ពី​ក្រុមការងារ​របស់​តំណាងរាស្ត្រ​គណបក្ស​ទាំងពីរ​បានបញ្ចប់ ការពិនិត្យ​សេចក្តីព្រាងច្បាប់​នេះ​។​

«​ពេលដែល​ក្រុមការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ហ្នឹង​ជួបប្រជុំគ្នា​រួចរាល់​ហើយ បាន​គេ​ធ្វើ​សិក្ខាសាលា​បើក​ទូលំទូលាយ​មួយ​»​។​

​លោក​ពុំទាន់​អាច​បញ្ជាក់​បានទេ​អំពី​កាល​បរិ​ចេ្ឆ​ទ​នៃ​ការធ្វើសិក្ខាសាលា នេះ ដោយសារ​ក្រុម​អ្នកតំណាងរាស្ត្រ​ត្រូវការ​ពេលវេលា​ច្រើន​បន្ថែមទៀត​ដើម្បី ពិភាក្សា​លើ​ការស្នើ​ឲ្យ​មានការ​កែសម្រួល​ចំណុច​ដែល​ក្រុម​សហជីព​មិន យល់ស្រប​ក្នុង​សេចក្តីព្រាងច្បាប់​នេះ​។​

​សេចក្តីព្រាងច្បាប់​ដែល​កំពុង​ត្រូវបាន​ពិនិត្យ និង​ពិចារណា​ដោយ​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​នៅក្នុង​សភា​នេះ មានបំណង​សម្រួល​ដល់​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ ដែល​រមែង​ជួប​ព្រឹត្តិការណ៍​ធ្វើ​កូដកម្ម និង​បាតុកម្ម​។ អ្នកតំណាងរាស្ត្រ​នៃ​គណបក្សប្រឆាំង​ចង់​ឲ្យ​សេចក្តីព្រាងច្បាប់​នេះ គ្របដណ្តប់​និ​យោ​ជិ​ក​បម្រើ​ការងារ​ក្នុង​វិស័យ​ផ្សេងទៀត​ផងដែរ ដូចជា​និ​យោ​ជិ​ក​ដែល​ធ្វើការ​តាម​ភោជនីយដ្ឋាន ឬ​អ្នក​បម្រើការ​តាម​ផ្ទះ​ក្នុងស្រុក​។​

​សេចក្តីព្រាងច្បាប់​នេះ​ក៏​មិន​បានធ្វើ​ឲ្យ​និយោជក​មានការ​រីករាយ​ចិត្ត ផងដែរ ពីព្រោះ​តំណាង​និយោជក​យល់ថា ការកំណត់​ចំនួន​មនុស្ស​ត្រឹមតែ​១០​នាក់ ដើម្បី​បង្កើត​សហជីព ដូចដែល​បាន​សរសេរ​នៅក្នុង​សេចក្តីព្រាងច្បាប់​នេះ នឹង​បង្ក​ឲ្យ​មាន​សហជីព​ច្រើន​លើសលប់​ក្នុង​គ្រឹះស្ថាន​សហគ្រាស​មួយ​។​

​ពួកយើង​ព្យាយាម​សុំ​ការអធិប្បាយ​ពី​លោក ហេង សួ អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ តែ​នៅ​មិនទាន់​អាចទាក់ទង​បានទេ នៅ​ថ្ងៃ​ពុធ​នេះ​។​

​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​សហជីព​ចំនួន​៣.២១៤​ដែល​បាន​ចុះបញ្ជី បច្ចុប្បន្ននេះ ក៏ប៉ុន្តែ​មានតែ​សហជីព​ជាង​១​ពាន់​ប៉ុណ្ណោះ ដែលមាន​សកម្មភាព​ជួយ​កម្មករ​។ សហជីព​ឯករាជ្យ​មួយចំនួន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​កម្មករ ជាពិសេស​គឺ​កម្មករ​ដែល​កំពុងធ្វើកា​រ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​។​

​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​ប្រមាណ​ជា​៧០០.០០០​នាក់​កំពុងធ្វើការ​នៅក្នុង វិស័យនេះ​។ កម្ពុជា​នាំចេញ​ផលិតផល​សម្លៀកបំពាក់​របស់ខ្លួន​មួយ​ភាគ​ធំ​ទៅកាន់ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​៕

​ប្រភព​៖ VOA

ចំនួនអ្នកទស្សនា

    20569887

  • ថ្ងៃនេះ171
  • ម្សិលមិញ12101
  • សប្តាហ៍នេះ12281
  • ខែនេះ127431
  • ឆ្នាំនេះ127431
  • សរុប20569887