ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា មេបក្សនយោបាយទាំងអស់នៅកម្ពុជា អាចបន្តរក្សាសញ្ជាតិច្រើនបាន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតឲ្យបានកាន់តែច្រើន តែកម្ពុជាមិនអាចក្លាយជាចំណាប់ខ្មាំងរបស់ទណ្ឌិត ម្នាក់ ឬពីរនាក់បាននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញប្រារព្ធមីទ្ទិញអបអរសាទរអនុស្សាវរីយ៍ខួប ៣៧ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦នេះ។
នៅក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីចុងឆ្នាំ២០១៥កន្លងទៅនេះ សម្តេចតេជោបានបង្ហើប ចង់ឲ្យកំណត់ច្បាប់ស្តីពីគណបក្សនយោបាយដោយកំណត់ឲ្យមេបក្សនយោបាយមានសញ្ជាតិតែមួយប៉ុណ្ណោះ។ តែនៅព្រឹកថ្ងៃទី០៧ខែមករា ម្សិលមិញ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា បន្ទាប់ពីការពិចារណានិងការសម្រេចចិត្តពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គណបក្សបានសម្រេចបើកឱកាសឲ្យមេគណបក្សនយោបាយទាំងអស់អាចមានសញ្ជាតិចាប់ពីពីរឡើងទៅ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ«គណបក្សនយោបាយទាំងអស់ ចង់មានសញ្ជាតិ ១ ឬ ១០សញ្ជាតិ សូមចូលមកធ្វើនយោបាយ ជាមួយគ្នា»។
បើតាមសម្តេចតេជោ ហ៊ុន សែន ការសម្រេចឲ្យមេបក្សនយោបាយមានសញ្ជាតិច្រើននេះគឺចង់ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានសញ្ជាតិច្រើនមានឱកាសចូលរួមធ្វើនយោបាយរួមគ្នាឲ្យបានកាន់តែច្រើនថែមទៀត។ សម្តេចតេជោក៏បានប្រកាសស្វាគមន៍គណបក្សនយោបាយទាំងអស់ចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ផងដែរ៕ ដោយ មែន កំសត់