រាជរដ្ឋាភិបាលកម្ពុជា ​កាត់​បន្ថយ​ដីសម្បទាន​ពី​ក្រុមហ៊ុន ​វៀតណាម

08-January-2016 | ដោយ មួយឡា

រតនគិរីៈ ដីសម្បទាន​សេដ្ឋកិច្ច ៤ ក្រុមហ៊ុន​ទំហំ​ជាង ៣ ម៉ឺន​ហិកតា​ដែល​មាន​ភាគហ៊ុន​របស់​កងទ័ព​វៀតណាម​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច ​កាត់​ចេញ និង​បន្ថយ​រយៈពេល​វិនិយោគ​មក​នៅ​ត្រឹម​ ៥០ ឆ្នាំ​វិញ​ខណៈ​ដែល​មាន​ការ​រិះគន់​កាន់តែ​ច្រើន​ឡើងៗ​ចំពោះ​ការ​​ផ្តល់​ ដីសម្បទាន​សេដ្ឋកិច្ច​នៅ​តាម​ព្រំដែន​ទៅ​ឲ្យ​ក្រុមហ៊ុន​មកពី​ប្រទេស​វៀតណាម​ ដែល​មាន​​ប្រវត្តិ​ឈ្លានពាន​ទឹកដី​ខ្មែរ​។

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចំនួន ១៧ (លុប​ចោល​ ១ ​) ដើម្បី​ធ្វើ​ការ​ដាំដុះ​ដំណាំ​កសិឧស្សាហកម្ម​ក្នុង​ខេត្ត​រតនគិរី​ដែល​ជាប់​ ព្រំប្រទល់​ជាមួយ​នឹង​ប្រទេស​វៀតណាម។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន​ ៤ ដែល​មាន​ភាគហ៊ុន​រួម​គ្នា​រវាង​អ្នក​វិនិយោគិន​កម្ពុជា និង​កងទ័ព​វៀតណាម​ដែល​រួមមាន​ក្រុមហ៊ុន​ Rama Khmer International (ក្រុមហ៊ុន​ ៧២ ) ក្រុមហ៊ុន​ជា​ច័ន្ទរិទ្ធ​អភិវឌ្ឍន៍​ក្រុមហ៊ុន​ Dai Dong Duoung (ក្រុមហ៊ុន​ ៧៤ ) និង​ក្រុមហ៊ុន វាសនា​អិនវេសមេន​ជាដើម។

បើ​គិត​តាម​កិច្ចសន្យា​ចាស់​ក្រុមហ៊ុន​ទាំង ៤ នោះ​មាន​​ផ្ទៃដី​សរុប​ប្រមាណ​ជា ៤ ម៉ឺន​ហិកតា​ប៉ុន្តែ​នៅ​ចន្លោះ​ឆ្នាំ​ ២០១២ និង ២០១៣ មាន​ការ​អនុវត្ត​បទបញ្ជា ០១ របស់​រដ្ឋាភិបាល​ដោយ​បាន​វាស់វែង និង​កាត់​ចេញ​ផលប៉ះពាល់​ដី​កាន់កាប់​ជាក់ស្តែង​របស់​ពលរដ្ឋ និង​ដីព្រៃ​សហគមន៍​។ ក្រោយ​មក​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ចុះ​វាស់វែង និង​កាត់​ចេញ​ដី​ដែល​មិន​បាន​ធ្វើការ​ដាំដុះ​លើ​ដីសម្បទាន​សេដ្ឋកិច្ច​ ទូទាំង​ប្រទេស។

ក្នុង​នោះ​ដី​របស់​ក្រុមហ៊ុន​ទាំង ៤ នោះ​ក៏​ត្រូវ​បាន​កាត់​ចេញ​បន្ត​ទៀត​ដែរ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​នៅ​ សល់​ប្រមាណ​ជា​ ៤ ពាន់​ហិកតា​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​លោក សយ សូណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី។

លោក​ សូណា បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា៖ «តាម​ការ​ចុះ​វាស់វែង​ជាក់ស្តែង ៤ ក្រុមហ៊ុន​ខាងលើ​ហ្នឹង​គឺ​នៅ​សល់​ដី​តែ​ជាង ៤ ពាន់​ហិកតា​បន្តិច​ទេ​ដែល​បាន​ដាំដុះ​ជាក់ស្តែង។ មួយ​ចំនួន​ធំ​បាន​ចេញ​ សជណ ​កាត់​ចេញ​ហើយ​កាលពី​ចុង​ឆ្នាំ​ ២០១៥​ កន្លង​មក»។ លោក​បន្ត​ថា​ក្រុមហ៊ុន​ទាំង​ ៤ ​នោះ​គឺ​មាន​ភាគហ៊ុន​របស់​កងទ័ព​វៀតណាម​ប៉ុន្តែ​ឯកសារ​ផ្លូវការ​ដែល​ចុះ​ កិច្ចសន្យា​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​គឺជា​ក្រុមហ៊ុន​ក្នុង​ស្រុក។

លោក​បាន​ប្រាប់​ទិន្នន័យ​ចុងក្រោយ​ថា​ក្រុមហ៊ុន ​Rama Khmer International ត្រូវ​បាន​កាត់​ពី​ ៦៣២៤ ​ហ.ត ទៅ ៩០០ ហ.ត ក្រុមហ៊ុន​ជា​ច័ន្ទរិទ្ធអភិវឌ្ឍន៍​ពី​ជាង​ ៥១២៤ ហ.ត ទៅ ៧៧៨​ ហ.ត ក្រុមហ៊ុន Dai Dong Duoung ៤៨៨៩ ហ.ត ទៅ ៨០០ ហ.ត និង​ក្រុមហ៊ុន​វាសនា​អិនវេសមេន មាន ៥០៨០ ហ.ត ទៅ ១៥៤១ ហ.ត។ ក្រុមហ៊ុន​ទាំង​នោះ​ស្ថិត​ក្នុង​ស្រុក​អូរយ៉ាដាវ អណ្តូង​មាស និង​បកែវ។

ក្រុមហ៊ុន​ទាំង ៤ មិន​ត្រូវ​ផ្តល់​ឲ្យ​ដី​បន្ថែម​ទៀត​នោះ​ទេ​ហើយ​នាពេល​បច្ចុប្បន្ន​នេះ​កំពុង ​តែ​ដំណើរការ​ធ្វើ​កិច្ចសន្យា​ជាមួយ​នឹង​រដ្ឋាភិបាល​ជា​ថ្មី និង​ចុះ​បញ្ជី​ធ្វើ​ប្លង់​ដើម្បី​ប្រែ​ក្លាយ​ពី​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា ​ដី​ឯកជន​​របស់​រដ្ឋ​វិញ។ លើស​ពី​នោះ​កិច្ចសន្យា​ថ្មី​នោះ​ក៏​មាន​រយៈពេល​តែ​ត្រឹម ៥០ ឆ្នាំ​តែ​ប៉ុណ្ណោះ។

ការ​សម្រេច​កាត់​ដី​ចេញ​ពី​ក្រុមហ៊ុន​ដែល​មាន​កងទ័ព​វៀតណាម​ជា​ម្ចាស់​ ភាគហ៊ុន​នោះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​​ប្រទេស​កម្ពុជា​កំពុង​តែ​ មាន​បញ្ហា​ដ៏​ចម្រូង​ចម្រាស​រឿង​ព្រំដែន​ពិសេស​គឺ​នៅ​តំបន់​ជាប់​នឹង​ ព្រំដែន​ប្រទេស​វៀតណាម​រហូត​​ដល់​រដ្ឋាភិបាល​ចេញ​ចរាចរណ៍​ណែនាំ​ឲ្យ​បញ្ឈប់​ ជួល​ដី​ឲ្យ​ទៅ​ប្រទេស​ជិត​ខាង​។

ទោះ​យ៉ាង​ណា​លោក​ប្រធាន​មន្ទីរ​បាន​ថ្លែង​ថា​ការ​កាត់​ដី​ចេញ​ដី​ពី​ ក្រុមហ៊ុន​ទាំង​នោះ​មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ព្រំដែន​នោះ​ទេ។

លោក​ថា៖ «វា​មិន​ពាក់ព័ន្ធ​រឿង​រសើប​ព្រំដែន​ទេ​តែ​ដោយសារ​តែ​ពលរដ្ឋ​ត្អូញត្អែរ​រឿង ​ [ក្រុម​ហ៊ុន] ​ឈូស​ឆាយ​ប៉ះពាល់​ដី​ពួក​គាត់។ នៅ​វៀតណាម​កងទ័ព​បង្កើត​ជា​ក្រុមហ៊ុន។ អ្នក​មក​ដាំ​កៅស៊ូ​នៅ​ខ្មែរ​ហ្នឹង​មិនមែន​ជា​កងទ័ព​ទេ​តែ​ជា​ក្រុមហ៊ុន។ គេ​ដាក់​ឈ្មោះ​ក្រុមហ៊ុន ៧២ ឬ ៧៥ ​ដូច​ឈ្មោះ​កងពល​ជាដើម។ យើង​មាន​សិទ្ធិ​ចុះ​ពិនិត្យ​មើល​សកម្មភាព​ក្រុមហ៊ុន​ ១ ​ត្រីមាស​ម្តង»។

លោក​ ឆាយ ធី ​អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រតនគិរី​ដែល​ធ្លាប់​ បាន​ចុះ​អង្កេត​ និង​តាមដាន​សកម្មភាព​របស់​ក្រុមហ៊ុន​ទាំង​នោះ​បាន​ស្វាគមន៍​ចំពោះ​ការ​កាត់​ ដី​ចេញ​នោះ​ហើយ​ថា​វា​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ប្រសិន​បើ​រដ្ឋាភិបាល​លុប ​ចោល​ក្រុមហ៊ុន​ទាំង​នោះ​វិញ​ពិសេស​គឺ​ក្រុមហ៊ុន ៧២ និង​ក្រុមហ៊ុន​ ៧៤ ​ដែល​នៅ​ក្នុង​ភូមិ​ឡំ ឃុំប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ​ជាប់​នឹង​ដី​ព្រំដែន​កម្ពុជា​វៀតណាម។

លោក​ថ្លែង​ថា៖ «​កាត់​ចេញ​ហ្នឹង​ជា​ចំណុច​ល្អ។ បើ​លុប​ចោល​កាន់តែ​ប្រសើរ​ព្រោះ​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ប្រកាស​អាសន្ន​ មួយ​មិន​ឲ្យ​មាន​ការ​ជួល​ដី​ឲ្យ​បរទេស​តាម​ព្រំដែន​ទេ។ ការ​ផ្តល់​ដី​នៅ​ជាប់​ព្រំដែន​ឲ្យ​វៀតណាម​នេះ​វា​រឹត​តែ​គ្រោះថ្នាក់​ណាស់»។

អតី​អ្នក​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ជាច័ន្ទរិទ្ធ​អភិវឌ្ឍន៍​ម្នាក់​បាន​ឲ្យ​ ដឹង​ថា​ក្រុមហ៊ុន​ជាច័ន្ទរិទ្ធ​អភិវឌ្ឍន៍​បាន​ផ្តេរ​សិទ្ធិ​គ្រប់គ្រង​ទៅ​ ក្រុមហ៊ុន​ ៧២ ​របស់​វៀតណាម​ដូច​គ្នា​នោះ។

សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​ជាច័ន្ទរិទ្ធ​អភិវឌ្ឍន៍​មាន​នាយក​ក្រុមហ៊ុន​ជា​ជនជាតិ​វៀតណាម​​ឈ្មោះ​ Nguyen Canh Quang៕

ប្រភព៖ postkhmer

ចំនួនអ្នកទស្សនា

    20569587

  • ថ្ងៃនេះ11981
  • ម្សិលមិញ14181
  • សប្តាហ៍នេះ11981
  • ខែនេះ127131
  • ឆ្នាំនេះ127131
  • សរុប20569587