ភ្នំពេញ៖ ឆាកជីវិតមនុស្សអាចប្រែប្រួលពីភាពអាប់ឱនជូរចត់ទៅជាល្អប្រសើរបានវាអាស្រ័យលើភាពអំណត់ដោយត្រូវបូជាកម្លាំងកាយចិត្តចំពោះក្ដីសុបិន្តរបស់ខ្លួនដែលជាគោលដៅនៃជីវិត។
សម្រាប់លោកឧកញ៉ា វេជ្ជបណ្ឌិត គូច ម៉េងលី ជាស្ថាបនិកនិងជានាយកក្រុមហ៊ុន Mengly J. Quach Holding បានប្រែក្លាយជីវិតរបស់លោកពីបុគ្គលល្ងង់ខ្លៅអវិជ្ជាជូរចត់និងក្រីក្រទៅជាបុគ្គលជោគជ័យត្រចះច្រចង់។
លោក ម៉េងលី ជាអ្នកខេត្តបាត់ដំបងកើតនៅក្នុងឆ្នាំ ១៩៦៩ ជាជំនាន់ដែលមនុស្សក្នុងវ័យនេះត្រូវជួបការលំបាកវេទនាតោកយ៉ាកដោយត្រូវឆ្លងកាត់ក្នុងភ្នក់ភ្លើងសង្គ្រាមពិសេសក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមក្នុងចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩។
ជាកុមារក្នុងរបបព្រៃផ្សៃ ប៉ុលពត មិនមានអ្វីជាអនុស្សាវរីយ៍ល្អទុកជាគតិសម្រាប់និទានឲ្យកូនចៅជំនាន់ក្រោយបានស្ដាប់ទេព្រោះជីវិតពោរពេញដោយក្ដីជូរចត់មិនអាចពិពណ៌នាបាន។ ក្នុងចន្លោះឆ្នាំ ១៩៧៩ ដល់ ១៩៨១ ប្រជាពលរដ្ឋខ្មែររាប់សែននាក់បានឆ្លងកាត់សោកនាដកម្មជាថ្មីទៀតនោះជាពេលដែលពួកគេឆ្លងកាត់ភ្នំដងរែកក្បែរព្រំដែនកម្ពុជា-ថៃដោយប្ដូរជីវិតឆ្លងចូលទឹកដីថៃដ៏សែនគ្រោះថ្នាក់។
ប្រវត្តិមួយនេះសឹងតែគ្មាននរណាម្នាក់បានលាតត្រដាងប្រាប់ពិភពលោកឡើយ។ ជំនាន់នោះគ្រួសារខ្មែរដែលសេសសល់ពីការកាប់សម្លាប់ដោយពួក ប៉ុល ពត បានឆ្លងកាត់ភ្នំដងរែកបានប្រឈមនឹងការបាញ់ទម្លាក់ពីលើភ្នំដងរែកដោយទាហានថៃ។សំណាងល្អក្រុមគ្រួសារលោកបានរួចផុតពីក្ដីស្លាប់។
លោក គួច ម៉េងលី បានតំណាលថា “យើងឃើញទិដ្ឋភាពដែលជាតិសាសន៍ផ្សេងទៀតកម្របានឃើញរួមមាន៖ មនុស្សចាស់ប្រុសស្រីបែកខួរស្លាប់ខ្លះបាក់ដៃបាក់ជើងរបួសឈាមហូររីឯក្នុងទឹកពោរពេញទៅដោយសាកសពខ្មែរនោះគឺជាមហាសោកនាដកម្ម។ ប៉ុន្ដែភាពជូរចត់នេះធ្វើឲ្យមនុស្សរឹងប៉ឹងដោយប្រែក្លាយការឈឺចាប់ទាំងនោះទៅជាការខិតខំអភិវឌ្ឍខ្លួនឯង។
នៅឆ្នាំ ១៩៨៤ ក្រុមគ្រួសារលោកក៏បានទៅដល់សហរដ្ឋអាមេរិកដោយចាប់ផ្ដើមជីវិតសារជាថ្មីនៅរដ្ឋកាលីហ្វនីញ៉ា។ ការតស៊ូនឹងជីវិតដែលខ្វះចំណេះដឹងនៅសហរដ្ឋអាមេរិកក្នុងវ័យ ១៥ឆ្នាំនៅពេលនោះ។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាភាពជាយុវជនជំនាន់ពួកខ្ញុំក៏ដូចជាបងប្អូនខ្មែរដទៃទៀតជាមេរៀនមួយបញ្ជាក់ថារាល់ការជោគជ័យនីមួយៗវាមិនបានមកដោយងាយស្រួលនោះទេ។ ជីវិតពោរពេញទៅដោយភាពជូរចត់និងបទបែនច្រើនដែលជាកក្ដាធ្វើឲ្យមនុស្សរឹងប៉ឹងបាន។ ការធ្លាក់ខ្លួនការប្រឈមទាំងឡាយនោះបាននាំឲ្យបងប្អូនប្រុសទាំង ៨នាក់របស់លោកខិតខំតស៊ូដើម្បីរស់និងរលាស់ខ្លួនឲ្យចេញឲ្យផុតពីភាពល្ងង់ខ្លៅ អវិជ្ជានិងភាពក្រីក្រ។
លោក គួច ម៉េងលី បានរៀបរាប់ថានៅពាក់កណ្ដាលទសវត្សរ៍ ១៩៨០ កូនខ្មែរនៅអាមេរិកប្រៀបដូចសត្វស្វារស់នៅក្នុងភាពជាមនុស្យល្ងង់ខ្លៅ។ លោកបាននិយាយថា «គេយកពួកយើងទៅដាក់ព្រលានយន្ដហោះយើងមិនដែលស្គាល់បង្គន់យ៉ាងម៉េចផងពួកខ្ញុំនិងខ្មែរដទៃទៅក្បង់ទឹកក្នុងចានបង្គន់បត់ជើងធំញ៉ាំ។ នេះជារឿងអាម៉ាស់មួយដែលមិនគួរនឹងយកមកនិយាយទេតែត្រូវតែនិយាយឲ្យបានដឹង។ ខ្ញុំផ្ទាល់ក៏ធ្លាប់ផឹកនិងក្បង់ទឹកក្នុងចានបង្គន់បន្ទោរបង់ផឹកដែរនោះព្រោះយើងមិនដឹង»៕
ប្រែសម្រួលដោយ មែន កំសត់
ប្រភព៖ postkhmer