សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដែលជាបណ្ដុំអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជ្រើសយកបេក្ខភាពថ្មីមកធ្វើជាអគ្គលេខាធិការជំនួសលោក ទេព នីថា ដោយលើកឡើងថា ដើម្បីទទួលបានការទុកចិត្តពីសាធារណជន។
សេចក្ដីថ្លែងការណ៍រួមរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតចេញផ្សាយនៅថ្ងៃំម្សិលមិញ បានលើកឡើងថា គ.ជ.ប ថ្មី ដែលមានថ្នាក់ដឹកនាំថ្មីគឺចាំបាច់ត្រូវមានអគ្គលេខាធិការថ្មី។ សេចក្ដីថ្លែងការណ៍បន្តថា ការសម្រេចជ្រើសរើសយកមនុស្សថ្មីធ្វើជាអគ្គលេខាធិការមានសារៈសំខាន់ក្នុងការធ្វើការជាមួយ គ.ជ.ប ថ្មី ដើម្បីទទួលបានទំនុកចិត្តពីសាធារណជន។
សេចក្ដីថ្លែងការណ៍បន្តថា៖ “សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតសូមលើកទឹកចិត្តឲ្យ គ.ជ.ប ជ្រើសយកបេក្ខភាពថ្មីមកធ្វើជាអគ្គលេខាធិការ បើពុំនោះទេវានឹងធ្វើឲ្យសាធារណៈជនបាត់ជំនឿលើ គ.ជ.ប ថ្មី ព្រោះថា អគ្គលេខាធិការជាអ្នកដឹកនាំអគ្គលេខាធិការដ្ឋាននៃ គ.ជ.ប ដែលជាជំនួយការដល់ គ.ជ.ប ហើយការចាត់ចែងការបោះឆ្នោតកន្លងមកបានបន្សល់ទុកនូវបញ្ហា ដែលធ្វើឲ្យភាគីពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតបាត់ជំនឿលើការរៀបចំ”។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ ERA ក៏បានបង្ហាញការព្រួយបារម្ភពីដំណើរការជ្រើសរើសបេក្ខជនសម្រាប់តំណែងអគ្គលេខាធិការនិងអគ្គលេខាធិការរង ដោយទទូចឲ្យ គ.ជ.ប បង្ហាញពីតម្លាភាពនៃនីតិវិធីនៃការសម្រេចចិត្តផងដែរ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល មានប្រសាសន៍ថា គ្រប់ស្ថាប័នឯងរាជ្យតែងតែរើសយកបុគ្គលថ្មីមកកាន់តំណែងដើម្បីឲ្យមានតម្លាភាព និងទំនុកចិត្តពីប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ “កាលណាគេរើសជាសាធារណៈគឺគេរើសថ្មី មនុស្សថ្មី បើគេចង់បន្តប្រធានអង្គភាពបច្ចុប្បន្នហ្នឹង គេមិនបាច់រើសជាសាធារណៈទេ គេគ្រាន់តែនាំគ្នាជជែកសម្រេចទៅថា ឥឡូវត្រូវឲ្យប្រធានអង្គភាពបច្ចុប្បន្នហ្នឹងបន្តអាណត្តិ បន្តកិច្ចសន្យាធ្វើអីបន្តទៀតទៅ តែកាលណាគេរើសជាសសាធារណៈអាហ្នឹងចាំបាច់ត្រូវតែយកមនុស្សថ្មី ដើម្បីឲ្យមានតម្លាភាព ការទុកចិត្តទៅលើដំណើរការជ្រើសរើស”។
ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង លើកឡើងថា គ.ជ.ប ថ្មីត្រូវតែមានមនុស្សថ្មី ដើម្បីមានការអភិវឌ្ឍថ្មី។ លោកបន្ថែមថា៖ "អ៊ីចឹងស្ថាប័នអគ្គលេខាធិការគួរតែមានអ្នកថ្មីដែរ ដើម្បីឲ្យស៊ីគ្នានឹងការដឹកនាំថ្មី ព្រោះធម្មតាតែការដឹកនាំថ្មីតែងមានយុទ្ធសាស្ត្រថ្មី។ ចឹងអាចអគ្គលេខាធិការដ្ឋានគួរតែមានមនុស្សថ្មី ដែលមានទស្សនៈថ្មីដែរ ដែលអាចនឹងអនុត្តនូវគំនិតថ្មី និងរកវិធីសាស្ត្រថ្មីៗមួយចំនួនដើម្បីឲ្យការដឹកនាំហ្នឹង មានការជឿជាក់”។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការជ្រើសរើសអគ្គលេខាធិការ គ.ជ.ប ត្រូវសម្រេចដោយសមាជិកទាំង៩រូប តាមរយៈការជ្រើសរើសជាសាធារណៈ ដោយផ្គូរផ្គងលើកម្រិតនៃការសិក្សា បទពិសោធន៍ការងារ និងទំនុកចិត្តរបស់សមាជិកនីមួយៗ។ លោកបន្ថែមថា ប្រសិនជាការផ្គូរផ្គងមានការខ្វែងគំនិតគ្នា នោះ គ.ជ.ប នឹងធ្វើការបោះឆ្នោតជាសម្ងាត់ ដោយជ្រើសយកតាមការសម្រេចរបស់ប្រធានប្រសិនជាសំឡេងស្មើគ្នា។ លោកបន្ថែមថា៖ “នៅក្នុងស្ថានភាពដែលផ្គូរផ្គងទៅមានភាពប្រហាក់ប្រហែល នោះត្រូវបោះឆ្នោតជ្រើសរើស ប៉ុន្តែបើផ្គូរផ្គងទៅមានសំឡេងគាំទ្រច្រើនដាច់ខាតជាងហើយ គឺមិនបាច់ឈានទៅដល់ការបោះឆ្នោតទេបាទ”។
គួរបញ្ជាក់ថា គ.ជ.ប កំពុងជ្រើសរើសបេក្ខជនម្នាក់សម្រាប់តំណែងអគ្គលេខាធិការ និងបេក្ខជន៤នាក់សម្រាប់តំណែងអគ្គលេខាធិការរង។ មកដល់ពេលនេះ គ.ជ.ប បានសម្រាំងយកបេក្ខជន៣នាក់សម្រាប់ប្រជែងយកតំណែងអគ្គលេខាធិការ ក្នុងនោះក៏មានលោក ទេព នីថា ដែលកំពុងបម្រើការជាអគ្គលេខាធិការរបស់ គ.ជ.ប បច្ចុប្បន្នផងដែរ។ ចំណែកបេក្ខជនពីរនាក់ផ្សេងទៀតគឺលោក ហេង មណីចិន្តា អនុបណ្ឌិតរដ្ឋបាលសាធារណៈ និងជាប្រធានអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងលោក យ៉ា ណាវុធ អនុបណ្ឌិតនីតិសាស្ត្រ និងជានាយកអង្គការខារ៉ាមកម្ពុជា៕
ប្រភព៖ VOA , share-today