ភ្នំពេញ៖ សាលារាជធានីភ្នំពេញគ្រោងនឹងសង់ចំណតរថយន្តសាធារណៈក្រោមដីជម្រៅ៣ ជាន់នៅមុខរ៉ារថភ្លើងក្នុងរាជធានីភ្នំពេញក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីដោះស្រាយបញ្ហាខ្វះចំណត និង កាត់បន្ថយការកកស្ទះចរាចរណ៍។ គម្រោងសាងសង់ចំណតរថយន្តក្រោមដីមួយនេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនធនាគារកាណាឌីយា និងក្រុមហ៊ុនធនាគារវឌ្ឍនៈ ប៉ុន្តែគេនៅមិនទាន់ដឹងពីទំហំសាច់ប្រាក់នៅឡើយទេ។
តាមការថ្លែងរបស់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ក្នុងឱកាសចុះត្រួតពិនិត្យគម្រោងកែលម្អព្រះសក្យមុនីចេតិយនៅមុខ ស្ថានីយ៍អយស្ម័យយាន កាលពីថ្ងៃទី០៨ ខែមករាថា នេះជាគម្រោងទីមួយរបស់សាលារាជធានីភ្នំពេញ ដែលនឹងត្រូវដាក់ឲ្យសាងសង់នាពេលដ៏ខ្លីខាងមុខ។
សូមបញ្ជាក់ថា គម្រោងសាងសង់ចំណតរថយន្តសាធារណៈក្រោមដីដែលមានទាំងផ្សារផងនោះ នឹងត្រូវបានស្ថាបនានៅក្រោមសួនច្បារសាធារណៈមុខព្រះសក្យមុនីចេតិយ ហើយនៅចន្លោះធនាគារកាណាឌីយ៉ា និង អគារវឌ្ឍនៈ៕
ប្រភព៖ thmeythmey