ភ្នំពេញ៖ ក្រោយពីមានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដ៏ចម្រូងចម្រាស អស់រយៈពេលជិត ១០ ថ្ងៃដែលបានធ្វើឲ្យមានការរិះគន់ជាច្រើនមកនោះរដ្ឋាភិបាលបាន សម្រេចស្នើឱ្យក្រសួងពាក់ព័ន្ធធ្វើវិសោធនកម្មច្បាប់នេះឡើងវិញ នៅត្រង់មាត្រាមួយចំនួនហើយក្រសួងពាក់ព័ន្ធបានកំណត់ពេលជួបប្រជុំ គ្នានៅថ្ងៃស្អែក។
ក្នុងសន្និសីទកាសែតទាក់ទងនឹងច្បាប់ចរាចរណ៍ថ្មីកាលពីម្សិលមិញ ប្រធាននាយកដ្ឋានចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃឯកឧត្តម ហ៊ឹម យ៉ាន បានថ្លែងថាគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង សម្រេចបង្កើតក្រុមការងារអន្តរក្រសួងធ្វើវិសោធនកម្មច្បាប់នេះឡើង វិញដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោមថាក្រសួងពាក់ព័ន្ធដែលនឹងចូលរួមកិច្ចប្រជុំនៅថ្ងៃអង្គារ ស្អែកនេះរួមមានក្រសួងមហាផ្ទៃក្រសួងសាធារណការ និងដឹកជញ្ជូនក្រសួងយុត្តិធម៌ក្រសួងឧស្សាហកម្ម និងក្រសួងសេដ្ឋកិច្ច។
សម្ដេចក្រឡាហោមបន្តថា៖ «តាមខ្ញុំដឹងមកដល់ម៉ោងនេះគឺក្រុមការងារក៏បានឯកភាពគ្នាថាដើម សប្តាហ៍ក្រោយនេះក្រុមការងារនេះនឹងជួបជជែកគ្នាដើម្បីធ្វើម៉េច ឱ្យទាន់សភាពការណ៍ព្រោះនេះជារឿងដែលត្រូវធ្វើបន្ទាន់»។
ទោះជាយ៉ាងណាសម្ដេចក្រឡាហោម មិនបានបញ្ជាក់លម្អិតពីមាត្រាដែលនឹងត្រូវ ធ្វើវិសោធនកម្មនោះទេគ្រាន់តែប្រាប់ថាទាក់ទងនឹងវិសោធនកម្មត្រង់ មាត្រាប័ណ្ណបើកបរម៉ូតូ និងមាត្រាមួយចំនួនទៀតដែលកំពុងជាបញ្ហាចម្រូងចម្រាសនាពេលនេះ។
អគ្គស្នងការរងនគរបាលជាតិឯកឧត្តមឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ថ្លែងថាមុននឹងដាក់ឱ្យអនុម័តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះខាង ក្រសួងក៏សិក្សាបានល្អិតល្អន់ហើយតែពុំបានសិក្សា ឬដកស្រង់ពីប្រទេសណានោះទេ។
ឯកឧត្តមថ្លែងថា៖ «និយាយរួមច្បាប់យើងនេះមិនមែនយកមកពីបណ្តាប្រទេសនានា ឬក៏រៀនសូត្រតាមប្រទេសណាទាំងស្រុងនោះទេគឺតាមស្ថានភាពជាក់ស្តែង របស់ប្រទេសយើងហើយការរៀបចំឱ្យមានច្បាប់នេះឡើងក៏ត្រូវបាន ពិគ្រោះពិភាក្សាទាំងនៅក្នុងស្ថាប័នរដ្ឋាភិបាលទាំងអង្គការសង្គម ស៊ីវិល និងមានអ្នកជំនាញជាច្រើនទៀត»។
ឯកឧត្តមឱ្យដឹងដែរថាអ្វីដែលក្រសួងសិក្សាមុននឹងបង្កើតច្បាប់នេះគឺបានសិក្សាទៅលើយានយន្ត ផ្លូវ និងកត្តាមនុស្សផងដែរ។
ក្រោយពេលច្បាប់ចរាចរណ៍ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១៦ នេះភ្លាមក៏មានការរិះគន់ជាច្រើនពីសំណាក់ប្រជាពលរដ្ឋ និងសង្គមស៊ីវិលដែលជំរុញឱ្យរដ្ឋាភិបាលធ្វើការកែប្រែខ្លឹមសារមួយ ចំនួនក្នុងច្បាប់នេះរួមមានលុបចោលប័ណ្ណបើកបរម៉ូតូពន្យារពេលការ ផាកពិន័យលើការត្រួតពិនិត្យបច្ចេកទេសយានយន្ត និងលក្ខណៈមួយចំនួនទៀតរហូតឈានដល់ការធ្វើវិសោធនកម្មច្បាប់នេះ។
ចំណែកកាលពីថ្ងៃទី ៩ មករា គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចេញសេក្តីជូនដំណឹង មួយទៀតដោយសម្រេចទទួលស្គាល់ការកាន់កាប់ជាក់ស្តែងនូវយានយន្តគ្រប់ ប្រភេទដែលប្រជាពលរដ្ឋកំពុងមានដោយមិនតម្រូវឱ្យមានការបញ្ជាក់ពី ម្ចាស់ដើមឡើយ។ ករណីនេះពលរដ្ឋខ្លះគាំទ្រ និងមួយចំនួនព្រួយបារម្ភថាអាចនឹងមានករណីប្លន់ច្រើនជាងមុន។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាឯកឧត្តម សន ជ័យ ថ្លែងថាបើរដ្ឋាភិបាលជ្រុលនឹងធ្វើវិសោធនកម្មច្បាប់នេះទៅហើយគួរ តែសិក្សាឱ្យបានល្អិតល្អន់ជាងមុនជាពិសេសទាក់ទងនឹងតម្លៃនៃការផាក ពិន័យដែលមានកម្រិតខ្ពស់ និងភាពចម្រូងចម្រាសមួយចំនួនទៀត។
ឯកឧត្តមថា៖ «ព្រោះថាច្បាប់ហ្នឹងកាលនៅសេចក្តីព្រាងមានការពិគ្រោះយោបល់តិចតួច អ៊ីចឹងពេលហ្នឹងគួរតែមានការពិគ្រោះយោបល់ទៅធ្វើម៉េចកុំឱ្យមាន ការធ្វើវិសោធនកម្មច្រើនដង»។ ទាក់ទងនឹងការទិញយានយន្តមិនត្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ដើម វិញលោកថាក្រសួងត្រូវមានវិធានការជាក់លាក់មួយបើពុំនោះទេនឹងមាន ការកើនឡើងករណីប្លន់ជាមិនខាន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឯកឧត្តម សុន ឆ័យ បានរិះគន់ថាច្បាប់នេះរដ្ឋាភិបាលពុំបានធ្វើការសិក្សានៅលើស្ថានភាព ពិតប្រាកដរបស់ប្រជាពលរដ្ឋនោះទេគឺគ្រាន់តែដកស្រង់ពីបណ្តាប្រទេស លោកខាងលិចដែលធ្វើឱ្យពួកគេរកលុយបានច្រើនតាមរយៈការផាកពិន័យតែ មិនគិតពីការអនុវត្តជាក់ស្តែង។
ឯកឧត្តមថា៖ «ករណីនេះបានក្លាយជាបញ្ហារវាងនយោបាយ និងអំពើពុករលួយដែលច្បាប់នេះមានចន្លោះប្រហោងជាច្រើនសម្រាប់ មន្ត្រីពុករលួយរកប្រាក់តែវានឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ» ៕
ប្រភព៖ postkhmer