ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) បានឲ្យដឹងថា សន្និបាតលើកទី៣៩ នៃគណៈកម្មាធិការកណ្តាលរបស់បក្សលើកនេះ ទទួលបានលទ្ធផលផ្លែផ្កាច្រើនជាពិសេសក្នុងសន្និបាតនេះ មិនសូវមានអ្នកនិយាយអែប អបនិយាយលើកជើង ឬនិយាយហៀរទឹកមាត់នោះឡើយ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់លើ Facebook របស់លោក ពេលកំពុងចូលរួមសន្និបាតនាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០១៦ យ៉ាងដូច្នេះថា៖ «នៅក្នុងមហាសន្និបាតលើកទី ៣៩ នៃគណៈកម្មាធិការកណ្តាលលើកនេះ ពិនិត្យ ឃើញការពិភាក្សាបានចំចំណុចផ្លែផ្កាច្រើន គឺថយ អ្នកនិយាយអែបអប និយាយលើកដុំដែក និងលើកជើង និងនិយាយវែងហៀរទឹកមាត់»។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតលើកទី៣៩នៃគណៈកម្មាធិការកណ្តាល នៅសាលមហោស្រព កោះពេជ្រនាថ្ងៃអាទិត្យ ម្សិលមិញ។ សន្និបាតគណៈកម្មាធិការកណ្តាលបក្ស ដែលមានសមាជិកប្រមាណ ៥៤៥រូប រយៈពេលពីរថ្ងៃ (៩-១០ ខែមករាឆ្នាំ២០១៦) ត្រូវបានគេ រាយការណ៍ធ្វើឡើងដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព។ ជាពិសេសដាក់ចេញនូវផែនការយុទ្ធសាស្ត្រដើម្បីដណ្តើមយកជ័យជំនះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ នេះតែម្តង៕ ដោយ មែន កំសត់