ភ្នំពេញ៖ ករណីស្លាប់ដោយសារតែរន្ទះបាញ់នៅក្នុងប្រទេសកម្ពុជា មានការកើនឡើង ៤២.៦ ភាគរយ ធៀបនឹងឆ្នាំមុន ដោយមានមនុស្សចំនួន ១០៧ នាក់បានស្លាប់ និង ៧៧ នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមរបាយការណ៍ចេញដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីសប្តាហ៍មុន។
តួរលេខនេះមានការកើនឡើងខ្ពស់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ ដែលមានចំនួនអ្នកស្លាប់ ៧៥ នាក់ និងអ្នករបួស ៥៥ នាក់។
លោក កែវ វី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានមនុស្សរងគ្រោះដោយសាររន្ទះច្រើនបែបនេះ គឺវត្តមានរបស់ព្យុះភ្លៀងដែលកើតមានកាន់តែញឹកញាប់ និងកាន់តែអាក្រក់ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «កាលពីឆ្នាំមុន យើងបានឃើញថាអាកាសធាតុបានប្រែជាអាក្រក់ជាមុននៅរដូវវស្សា។ នៅពេលដែលព្យុះភ្លៀងកើតឡើងកាន់តែញឹកញាប់ មានន័យថា រន្ទះក៏មានកើតឡើងញឹកញាប់ទៅតាមដែរ»។
លោក Ian Thomas ទីប្រឹក្សាម្នាក់នៃគណៈកម្មាធិការទន្លេមេគង្គបានឲ្យដឹងថា កាលពីឆ្នាំមុន វដ្តនៃបាតុភូត El Niño បានធ្វើឲ្យគ្រោះរាំងស្ងួតនៅក្នុងរដូវប្រាំងកាន់តែមានរយៈពេល វែង និងឥទ្ធិពលព្យុះភ្លៀងនៅក្នុងរដូវវស្សាកាន់តែអាក្រក់។
លោកបន្ថែមថា សីតុណ្ហភាពមហាសមុទ្រខ្ពស់ដែលមានទំនាក់ទំនងជាមួយនឹងបាតុភូត El Niño ត្រូវបានគេរំពឹងថា នឹងនៅតែបន្តកើតឡើងនៅឆ្នាំ ២០១៦ ហើយនឹងនាំយកនូវព្យុះភ្លៀងបន្ថែមទៀតមកកាន់រដូវភ្ញៀងឆ្នាំនេះ។
ការខូចខាតទៅលើទ្រព្យសម្បត្តិក៏មានការកើនឡើងផងដែរ ដោយផ្ទះចំនួន ៩ ខ្នងត្រូវបានបំផ្លាញដោយរន្ទះបាញ់នៅឆ្នាំ ២០១៥ ខណៈដែលនៅឆ្នាំ ២០១៤ មានត្រឹមតែ ៥ ខ្នងតែប៉ុណ្ណោះ។ ចំណែក ចំនួនសត្វគោក្របីដែលត្រូវរន្ទះបាញ់មានការធ្លាក់ចុះពី ៥៨ មក ៤០ក្បាល។
ខេត្ត ៣ ដែលទទួលរងគ្រោះថ្នាក់ដោយរន្ទះខ្លាំងជាងគេនៅឆ្នាំ ២០១៤ គឺខេត្តបាត់ដំបង់ បន្ទាយមានជ័យ និងពោធិ៍សាត់។ ដោយឡែក នៅក្នុងឆ្នាំ ២០១៥ ខេត្តបាត់ដំបង់នៅតែស្ថិតនៅក្នុងចំណាត់ថ្នាក់នេះជាមួយនឹងចំនួន អ្នកស្លាប់ដោយរន្ទះបាញ់ចំនួន ១០ នាក់ ក៏ប៉ុន្តែខេត្តតាកែវបានឡើងមកខាងលើគេ ដោយមានចំនួនអ្នកស្លាប់ ១៤ នាក់ និងខេត្តព្រែវែងនៅលេខពីរមាន ១២ នាក់៕
ប្រភព៖ postkhmer