ភ្នំពេញ៖ កន្លែងអង្គុយរង់ចាំដ៏ទំនើបដំបូងបង្អស់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបនឹងសម្ពោធជាផ្លូវការ និងបានដាក់ឲ្យដំណើរការ ចាប់ពេលនេះតទៅ។ កន្លែងអង្គុយរង់ចាំជាលក្ខណៈ VIP ដែលមានកន្លែងអង្គុយសម្រាប់ភ្ញៀវ រហូតដល់ទៅ ២៨០កន្លែង និងបានចំណាយថវិកាវិនិយោគប្រមាណជិត ២លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Plaza Premium Group។
កន្លែងអង្គុយរង់ចាំដ៏ទំនើបលំដាប់ VIP ត្រូវបានរចនាឡើង ដោយអ្នករចនាម៉ូតជនជាតិហុងកុង និងបានរៀបកន្លែងអង្គុយសម្រាប់ភ្ញៀវ ដែលមានលក្ខណៈស្ដង់ដារទំនើប ក្នុងនោះក៏មានបន្ទប់ស្នាក់នៅ VIP បន្ទប់ស្ប៉ា បារ និងភោជនីយដ្ឋាន ដែលភ្ញៀវអាចសម្រាក និងទទួលអាហារ ខណៈពេលកំពុងរង់ចាំធ្វើដំណើរ ក្រៅពីនេះក៏មានរៀបចំពិធីទទួលគណៈប្រតិភូជាន់ខ្ពស់ផងដែរ។
កាលពីខែមីនា ឆ្នាំ ២០១៥ ក្រុមហ៊ុន Plaza Premium Group ធ្លាប់បានលើកឡើងថា ខ្លួនគ្រោងនឹងសាងសង់កន្លែងអង្គុយរង់ចាំលក្ខណៈ VIP ពីរកន្លែង ដែលសទីមួយ គឺនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលទើបនឹងសម្ពោធ ឯមួយទៀត គឺនៅព្រលានយន្តហោះអន្តរជាតិសៀមរាប ដែលរំពឹងថាអាចចាប់ផ្តើមដំណើរការនៅចុងឆ្នាំនេះ។
គួរជម្រាបដែរថា បើតាមប្រសាសន៍ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ចំនួន ៤.៨លាននាក់ ក្នុងឆ្នាំ ២០១៥ ដែលបានកើនឡើងពីឆ្នាំ ២០១៤ ដែលមានចំនួន ៤.៥លាននាក់។ ហើយក្រសួងរំពឹងថា កំណើននៃភ្ញៀវទេសចរមកកម្ពុជា នឹងកើនឡើងរហូតដល់ ៧.៥លាននាក់ត្រឹមឆ្នាំ ២០២០ ដែលវិស័យទេសចរណ៍នេះ នឹងជួយឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាឡើងដល់ ៥ពាន់លានដុល្លារអាមេរិក និងបង្កើតការងារដល់ទៅ ១លានការងារ៕
ប្រភព៖ business-cambodia