ភ្នំពេញ៖ ចំណតរថយន្តក្រោមដីពីរជាន់បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ ក្នុងខែមករានេះ ហើយនឹងបញ្ចប់រួចរាល់ក្នុងខែ តុលា ឆ្នាំ ២០១៦។ នេះបើតាមការបញ្ជាក់របស់លោក ឈិន ហុក ដែលជាប្រធានគម្រោងសាងសង់ចំណតនេះ មកពីក្រុមហ៊ុនវិនិយោគទុន OCIC។
លោក ឈិន ហុក ថ្លែងថា ចំណតក្រោមដីនេះស្ថិតនៅចន្លោះអគារវឌ្ឍនៈ និងអគារធនាគារ កាណាឌីយ៉ា ដែលមានទំហំ ៧ ២០០ ម៉ែត្រការ៉េ។ ចំណតនេះមានពីរជាន់ ដែលអាចចតឡានបានប្រមាណ ៣០០ គ្រឿង។ ក៏ប៉ុន្តែ លោកមិនទាន់អាចសន្និដ្ឋានជាក់លាក់នៅឡើយទេថា អគារក្រោមដីទាំងពីរជាន់នេះ នឹងត្រូវធ្វើជាចំណតរថយន្តទាំងស្រុង ឬក៏មួយផ្នែកត្រូវបានគេធ្វើជាផ្សារទំនើប។
សាលារាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក៏បានបង្ហើបឲ្យដឹងថា រាជាធានីភ្នំពេញក៏នឹងមានចំណតរថយន្តសាធារណៈនិងផ្សារក្រោមដីជាលើក ដំបូងនាពេលឆាប់ៗនេះ។
បើតាមសាលារាជធានី ចំណតក្រោមដីសាធារណៈនេះ នឹងលេចឡើងនៅក្រោមសួននៃសក្សមុនីចេតីយ៍មុខចំណតរថភ្លើង (អាយស្ម័យាន) ទៅអគារ កាណាឌីយ៉ានិងអគារវឌ្ឍនៈ។
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ាសុជាតិវង្ស ថា ការសាងសង់ចំណតសារធារណៈក្រោមដីនេះធ្វើឡើងក្នុងបំណងកាត់បន្ថយការ កកស្ទះចរាចរណ៍ដែលមួយផ្នែកបណ្តាលមកពីខ្វះកន្លែងចតរថយន្ត សមរម្យ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបញ្ជាក់ថា គម្រោងចំណតរថយន្តសាធារណៈនេះ កំពុងស្ថិតនៅក្រោមការសិក្សារបស់ក្រុមហ៊ុន OCIC និងក្រុមហ៊ុនធនាគារវឌ្ឍនៈនៅឡើយ។
លោកថា៖ «នេះជារបស់ក្រុមហ៊ុនវិនិយោគ មិនមែនជារបស់រដ្ឋទេ។ ខ្ញុំមិនអាចទាន់ឆ្លើយបានទេ អត់ទាន់មាន(ព័ត៌មាន) ពីព្រោះ ក្រុមហ៊ុនបានសុំគោលការណ៍ពីរដ្ឋាភិបាលដើម្បីវិនិយោគចំណត។ ប៉ុន្តែគេកំពុងធ្វើការសិក្សា»។
ទាំងលោក ឈិន ហុក និងលោក ទូច សំណាង ប្រធានគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន OCIC មិន មានព័ត៌មានលម្អិតពីគម្រោងចំណតរថយន្តក្រោមដីសាធារណៈទេ៕
ប្រភព៖ postkhmer