ភ្នំពេញ៖ នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួង ឯកឧត្តម WillianHeidt បានថ្លែងថា៖ នៅក្នុងអាណត្តិដែលឯកឧត្តម បំពេញបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយកម្ពុជា ពិសេសពង្រឹងការកសាងការអភិវឌ្ឍ ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការងារមួយចំនួនទៀត។
ឯកអគ្គរដ្ឋទូតសហទូតសហរដ្ឋអាមេរិចថ្មីប្រចាំនៅកម្ពុជា ឯកឧត្តម WillianHeidt បានថ្លែងបន្តទៀតថា៖ ស្ថានទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា ក្នុងនាមរដា្ឋភិបាលសហរដ្ឋអាមេរិច មិនបានគាំទ្រគណបក្សនយោបាយណាមួយនៅកម្ពុជានោះទេ ប៉ុន្តែសំខាន់ធ្វើយ៉ាងណាឲ្យគណបក្សធំៗទាំងពីរមានគណបក្សប្រជាជនកម្ពុជា និងគណបកសង្គ្រោះជាតិ ផ្តល់លទ្ធភាពឲ្យគ្នាទៅវិញទៅមកក្នុងការមានសំលេង និងបញេ្ចញសំលេងរបស់ខ្លួនសម្រាប់ដំណើរការការងាររបស់ខ្លួនប្រកបដោយមានសិទ្ធិសេរីភាពពេញលេញ ពោលគឺមិនមានការគាបសង្កត់និងបង្ខិតបង្ខំឡើយ៕