រតនគីរី៖ មានករណីទំនាស់រវាងក្រុមហ៊ុនប្រមូលសំរាម និងវិនិយោគផ្សារក្រុងបានលុង បណ្ដាលឲ្យសំរាមគរដូចភ្នំស្អុយរលួយដោយគ្មានសមត្ថកិច្ចមួយណាមកអើពើនិងចំណាត់ការឡើយ ។
ប្រជាពលរដ្ឋអាជីវករ អ្នកលក់ក្នុងផ្សារបានត្រឹមតែរអ៊ូរទាំ និងរិះគន់ ចំៗទៅលើលោកគណៈកម្មការ វិនិយោគផ្សារ អាជ្ញាធរក្រុង-ខេត្ត ដោយមិនរវីរវល់លើសំរាមស្អុយ បង្កឲ្យប៉ះពាល់បរិស្ថាន សុខភាព និងសោភ័ណភាពផ្សារ។
ជុំវិញករណីនេះលោក ជា គង់ ខាងភាគីក្រុមហ៊ុនប្រមូលសំរាមបានបញ្ជាក់ថា៖ តាមកិច្ចសន្យារវាងក្រុមហ៊ុននិងគណៈកម្មការ វិនិយោគផ្សារ ត្រូវបង់ប្រាក់ឈ្នួលដល់ការប្រមូលសំរាមក្នុងមួយឆ្នាំចំនួន ៣,៥០០,០០០រៀល តែខាងវិនិយោគផ្សារបង់ឲ្យតែ ៣,០០០,០០០រៀលទេ នៅខ្វះ៥០០,០០០រៀលជាច្រើនខែ សរុបជាង១០,០០០ដុល្លា ដូចនេះទើបគាត់បញ្ជាឲ្យបុគ្គលិកឈប់ប្រមូលសំរាមទាំងនោះ។
ចំណែកខាងភាគីវិនិយោគផ្សារក្រុងបានលុង ឧកញ៉ា សាន លាង បានបញ្ជាក់ថា យោងតាមកិច្ចសន្យាគឺគណៈកម្មការវិនិយោគផ្សារ ត្រូវបង់ចំនួនតែ ១,៥០០, ០០០,រៀល ទៅ ២,០០០,០០០រៀលទេ មិនមែន៣,៥០០,០០០រៀលហើយ ខាងលោកប្រគល់ជូន ៣,០០០០០០រៀល គឺសំរាប់ជួយដល់ថ្លៃឈ្នួលប្រមូលសំរាមនិងដោះស្រាយលើកម្មករផង បើលោកចង់បាន ៣,៥០០ ,០០០រៀល លោកចេញបង្គ្រប់ខ្លួនឯងទៅ។
ករណីខាងលើមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្ត មិនអាចទាក់ទងបាន តែនៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ខាងអាជ្ញាធរខេត្តរតនគីរី បានរុញចោលដោយចាត់ទុកថា នេះជាតួនាទីរបស់ខាងប្រមូលសំរាមនិងថៅកែផ្សារ ខាងខេត្តមិនបានដឹងរឿងឡើយ។
ចំនែកលោកតំណាងមន្ទីរបរិស្ថានខេត្ត បានអះអាងថា លោកទើបបានទទួលដំណឹងពីមូលដ្ឋាន លោកនឹងរៀបចំប្រជុំជាមួយមន្ត្រីបរិស្ថានរួមគ្នាដើម្បីដោះស្រាយ បានលទ្ធផលយ៉ាងណាខាងលោកនឹងផ្ដល់ព័ត៌មានជូននាពេលក្រោយ៕ ដោយ មែន កំសត់