ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសរសេរបង្ហាញក្នុងទំព័រ Facebook នាពេលប្រជុំរដ្ឋសភាកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ថា៖ «ជនរួមជាតិជាទីស្រឡាញ់! កង្វល់និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋគឺជាកង្វល់និងការព្រួបារម្ភរបស់ខ្ញុំផ្ទាល់។
ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ និងប្រជាពលរដ្ឋទូទាំងប្រទេសដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះទាំងអស់គឺបានសំណូមពរមករាជរដ្ឋាភិបាលនិងខ្ញុំផ្ទាល់អំពីការពិបាកគ្រប់យ៉ាងក្នុងការបង់លុយសម្រាប់ធ្វើដំណើរលើផ្លូវជាតិមួយនេះ។ ខ្ញុំបានស្តាប់ និងបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ហើយនៅក្នុងថ្ងៃប្រជុំសភាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រី គឺបានសម្រេចបញ្ឈប់មិនអោយយកលុយទាំងស្រុងពីអ្នកធ្វើដំណើរចាប់ពី ម៉ោង១២ យប់ ថ្ងៃទី១៣ មករា ២០១៦នេះតទៅ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកយកផ្លូវជាតិលេខ៤ មកកាន់កាប់ទាំងស្រុងចាប់ពីពេលនេះតទៅ។ ដូច្នេះចាប់ពីពេលនេះតទៅគឺទាំងពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ និងពលរដ្ឋអ្នកធ្វើដំណើរទូទាំងប្រទេសឆ្លងកាត់ផ្លូវនេះទាំងអស់គឺមិនត្រូវបង់លុយតទៅទៀតឡើយ។
ខ្ញុំសូមអរគុណប្រជាពលរដ្ឋដែលតែងតែផ្តល់ព័ត៌មានពិតនិងយោបល់ល្អៗមកខ្ញុំតាមរយៈ គេហទំព័រហ្វេសប៊ុករបស់ខ្ញុំដើម្បីយើងរួមគ្នាដោះស្រាយ និងកសាងអភិវឌ្ឍន៍សង្គមជាតិអោយកាន់តែរីកចម្រើនខ្លាំងទៅមុខ ដើម្បីប្រជាពលរដ្ឋមានការងារនិងជីវភាពរស់នៅកាន់តែប្រសើរឡើង»៕ ដោយ មែន កំសត់