ឯកឧត្តម ហ៊ុន ម៉ានី ទទួល​​គ្រឿង​ឥស្សរិយយស​​ជា​តូបការ ពីព្រះមហាក្សត្រ

15-January-2016 | ដោយ មួយឡា

ភ្នំពេញ៖ កូន​ប្រុស​នាយក​រដ្ឋមន្ត្រីកម្ពុជា គឺឯកឧត្តម ហ៊ុន ម៉ានី ដែល​ជា​តំណាង​រាស្ត្រ​វ័យ​ក្មេង​ជាង​គេ​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់​ពី​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី តាម​ការ​ស្នើ​សុំ​ពី​ប្រធាន​រដ្ឋសភា​។

ក្នុង​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​ ១៩ ​ខែ​ធ្នូ ឆ្នាំ ២០១៥ ព្រះមហាក្សត្រ​បាន​ប្រោស​ព្រះរាជទាន​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ានី នូវ​គ្រឿង​ឥស្សរិយយស​ជា​តូបការ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា​ឯកឧត្តម ឡេង ប៉េងឡុង ប្រាប់​យើងពី​ម្សិលមិញ​ថា ​កន្លង​ទៅ ​គណៈកម្មការ​រៀបចំ​ឥស្សរិយយស​ដែល​រួមមាន​អនុប្រធាន​សភា​ទី ២ ឯកឧត្តម ងួន ញិល ជា​ប្រធាន​ និងឯកឧត្តម ជាម យៀប ជា​សមាជិក​បាន​ប្រជុំ​សម្រេច​ស្នើ​បេក្ខភាព​ឯកឧត្តម ហ៊ុន មានី ឲ្យ​ទទួល​គ្រឿង​ឥស្សរិយយស​ជា​តូបការ ​ដោយសារ​គាត់​មាន​ស្នាដៃ​ច្រើន។

ឯកឧត្តមបន្ត​ថា ​ក្រោយ​មក​ប្រធាន​រដ្ឋសភាសម្ដេច ហេង សំរិន បាន​ពិនិត្យ និង​យល់​ព្រម​ស្នើ​បេក្ខភាព​ឯកឧត្តម ហ៊ុន ម៉ានី ទៅ​ព្រះមហាក្សត្រ។

ឯកឧត្តមថា៖ «គេ​មាន​គណៈកម្មការ​គេ​ទី ១ និង​ទី ២ សម្តេច (សម្តេច ហេង សំរិន) ពិនិត្យ​ចុង​ក្រោយ​គឺ​ដោយសារ​ឃើញ​ឯកឧត្តម​ ហ៊ុន ម៉ានី មាន​ស្នាដៃ​សំខាន់ៗ​បាន​ទទួល​រង្វាន់​ស្អីៗ​ខ្លះ​ទើប​គណៈកម្មការ​សម្រេច​ជូន ​ជា​តូបការ​ឲ្យ​គាត់​ហ្នឹង​ជា​លក្ខណ​ពិសេស​ហើយ»។

ឯកឧត្តមបានឲ្យ​ដឹង​ថា​ គ្រឿង​ឥស្សរិយយស​ជា​តូបការ​មិនមែន​ជា​គ្រឿង​ឥស្សរិយយស​ធំ​ជាង​គេ​ទេ​ពោល​គឺ​ នៅ​មាន​គ្រឿង​ឥស្សរិយយស​ផ្សេង​ទៀត​ដែល​មាន​ឋានៈ​ស្មើ​និង​ខ្ពស់​ជាង​នេះ។

កន្លង​ទៅ​ ឯកឧត្តម ហ៊ុន ម៉ានី ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​សន្តិភាព​អន្តរជាតិ GUSI Peace Prize ​ប្រចាំ​ឆ្នាំ​លើក​ទី ១៤ នៅ​ប្រទេស​ហ្វីលីពីន និង​នៅ​ថ្ងៃ​ ២៤ ធ្នូ ឆ្នាំ ២០១៥ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​សេនា​ជាមួយ​តំណាង​រាស្ត្រ​ ១២២ រូប​ផ្សេង​ទៀត៕

ប្រភព៖ postkhmer

 

ចំនួនអ្នកទស្សនា

    20582607

  • ថ្ងៃនេះ6621
  • ម្សិលមិញ6261
  • សប្តាហ៍នេះ25001
  • ខែនេះ140151
  • ឆ្នាំនេះ140151
  • សរុប20582607