“ខ្ញុំ មានសិទ្ធិនៅក្នុងការបញ្ចេញមតិ ហើយខ្ញុំនិយាយថា ពេទ្យអាក្រក់គឺគ្រាន់តែជាអ្វីដែលខ្ញុំធ្លាប់បានជួបកន្លងមក”។ នេះជាការលើកឡើងរបស់ លោក ឧកញ៉ា គួច ម៉េងលី ដែលបានឆ្លើយតបទៅនឹងលិខិតរបស់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បានស្នើឲ្យលោកធ្វើការ កែតម្រូវពាក្យ និង សុំទោសជាសាធារណៈ។
លោក ឧកញ៉ា បានលើកឡើងថា អ្វីដែលលោកបានលើកឡើងគឺក្នុងន័យជាបទពិសោធន៍ដែលធ្លាប់ជួប គ្រូពេទ្យដែលមិនល្អ ដូច្នេះ ការកែតម្រូវ និងការសុំទោសសាធារណៈគឺមិនអាចកើតមានឡើងនោះទេ។ “កុំខឹងគ្នាទៅវិញទៅមកអី ខ្ញុំថា គួរតែខាងពេទ្យហ្នឹង! កែប្រែផ្ទៃក្នុងវិញល្អជាង ដើម្បីឲ្យវិស័យសុខាភិបាលខ្មែរកាន់តែរីកចម្រើនទៅមុខ ជាទំនុកចិត្ត និង ភាពកក់ក្ដៅ សម្រាប់ប្រជាពលរដ្ឋ”។
ឧកញ៉ាដែលត្រូវបានគេចាត់ទុកថា ជាសេដ្ឋីចិត្តធម៌ បាននិយាយទៀតថា ថ្វីត្បិតតែ លោកបាននិយាយរឿងថា ពេទ្យមួយចំនួនអាក្រក់ តែតាមពិតទៅប្រជាពលរដ្ឋទូទៅក៏ធ្លាប់ជួបច្រើនដែរ។ ម៉្លោះហើយបានជាប្រជាពលរដ្ឋមួយចំនួនចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស។
លោកឧកញ៉ា សង្កត់ធ្ងន់ថា “ខ្ញុំរិះគន់ថា ពេទ្យអាក្រក់មិនមានន័យថា ពេទ្យនឹងសម្លាប់អ្នកជំងឺទេ តែពេទ្យមួយចំនួនប្រើប្រាស់ភាសាមិនសមរម្យ ខ្វះសីលធម៌ វិជ្ជាជីវៈជាពេទ្យ និយាយរួមការផ្ដល់សេវានៅមិនទាន់ល្អដល់អ្នកជំងឺ”។
ការលើកឡើងរបស់ឧកញ៉ា គួច ម៉េងលី ខាងលើនេះ គឺធ្វើឡើងក្រោយពីគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាបានសរសេរលិខិត មួយច្បាប់តម្រូវឲ្យលោកឧកញ៉ា កែតម្រូវពាក្យសំដី និង ធ្វើការសុំទោសជាសាធារណៈ ក្រោយរិះគន់គ្រូពេទ្យនៅកម្ពុជា៕
ខាងក្រោមនេះ គឺជា លិខិតរបស់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ដែលស្នើឲ្យលោកឧកញ៉ា ធ្វើការសុំទោសជាសាធរណៈរឿងរិះគន់គ្រូពេទ្យនៅកម្ពុជា៖
ប្រភព៖ sabay