ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ញឹក ហួន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ យុទ្ធមិត្តដ៏ស្និទ្ធរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាដែលបានប្រកៀកស្មាលើសមរភូមិរំដោះប្រទេសជាតិចេញពីរបបវាលពិឃាត ប៉ុល ពត បានទទួលមរណភាព នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ដោយសាររោគាពាធ។
ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា សពរបស់នាយឧត្តមសេនីយ៍ ញឹក ហួន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៅខាងក្រោយបន្ទាយដេអិន។
ជាមួយដំណឹងមរណភាពនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកសៅនិងនឹកស្រណោះជាខ្លាំង ដល់យុទ្ធមិត្ត ដ៏កម្សត់របស់សម្តេចនៅក្នុងដំណាក់កាលតស៊ូនេះ។
សម្តេចតេជោ បានថ្លែងនៅលើ Facebook របស់សម្តេចថា «មិត្តកម្សត់កម្ររបស់ខ្ញុំ គឺនាយឧត្តមសេនីយ ញឹក ហួន បានលាចាកពីក្រុមគ្រួសារ ពីមិត្តភក្តិ ពីខ្ញុំរៀងរហូតហើយ។ រយៈពេល៤៦ឆ្នាំដែលយើងស្គាល់គ្នា ពិសេសគ្រាដែលលំបាកបំផុតនាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពេលដែលយើងចាប់ផ្តើមវាយពួក ប៉ុល ពត បងបានប្តូរផ្តាច់ការពារជីវិតខ្ញុំ ដោយសុខចិត្តស្លាប់ខ្លួនឯងក្នុងចំការមីន»។
សម្តេចតេជោ បានបន្តថា «យើងជាប់គុកជាមួយគ្នា ស៊ីអត់ស៊ីឃ្លានជាមួយគ្នា បារីមួយដើមជក់ជាមួយគ្នា។ល។ យើងបានកសាងកងទ័ពជាមួយគ្នាដើម្បីវាយពួក ប៉ុលពត បងមានអាយុច្រើនជាងខ្ញុំ តែបងគោរពខ្ញុំ ពេលខ្ញុំមិនស្រួលខ្លួនបងចាប់ខ្ញុំកោសខ្យល់ប្រៀបដូចបងថែទាំប្អូន។ ពេលលំបាកយើង យំទាំងអស់គ្នា តែពេលនេះបងលេងបានយំទៀតហើយ នៅឡើយតែខ្ញុំត្រូវបន្តយំស្តាយស្រណោះបង។ សូមជូនដំណើរបងត្រឹមនេះ តែបងនៅតែស្ថិតក្នុងបេះដូងខ្ញុំរហូតខ្ញុំអស់ជីវិត»។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសួរសុខទុក្ខលោក ញឹក ហួន កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះបានបញ្ជាក់ថា លោក ញឹក ហួន គឺជាយុទ្ធមិត្តដែលបានស្រឡាញ់អាយុជីវិតរបស់សម្តេច ជាងអាយុជីវិតរបស់ខ្លួនទៅទៀត ទាំងនៅក្នុងសមរភូមិតស៊ូរំដោះជាតិ និងពេលបច្ចុប្បន្ន។ បើតាមសម្តេចតេជោ សូម្បីតែលោក ញឹក ហួន ត្រូវធ្លាក់ខ្លួនឈឺធ្ងន់ទៅហើយក្តីតែមិនបានគិតពីស្ថានភាពជំងឺ ដែលចូលឆក់យកជីវិតនោះទេនៅតែផ្តាំមិត្តភក្តិរួមអាវុធទាំងអស់ឲ្យការពារសម្តេចតេជោ ហ៊ុន សែន ជាប់ជានិច្ច។
សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពេលឆ្លងដើរកាត់ចំការមីនជាប់ព្រំដែនកម្ពុជា-វៀតណាម លោក ញឹកហួន បានរាវរក និងដោះមីន មុននឹងឱ្យសម្តេចដើរមួយជំហានម្តងៗ។ នៅពេលនោះ លោក ញឹក ហួន បាននិយាយថា បើលោកស្លាប់ ក៏ស្លាប់ចុះ ឱ្យតែសម្តេចតេជោ ហ៊ុន សែន នៅរស់ដឹកនាំការតស៊ូរំដោះជាតិ។
សម្តេចតេជោ បានបន្តនិងកោតសរសើរថាលោក ញឹក ហួន មានស្នាដៃច្រើនចំពោះជាតិ៕ ដោយ មែន កំសត់