ភ្នំពេញ៖ អាយ៉ៃឆ្លងឆ្លើយរវាង គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ជាមួយនឹង លោកវេជ្ជបណ្ឌិត គួច ម៉េងលី នាយកសាលារៀនអន្តរទ្វីបអាមេរិកាំងមិនទាន់ចុះកំដៅនៅឡើយទេ។ ប៉ុន្តែ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ លោក គួច ម៉េងលី បានសរសេរនៅលើ ហ្វេសប៊ុក របស់លោកថា "ខ្ញុំទទួលស្គាល់ថា មានពេទ្យដែលប្រកបដោយក្រមសីលធម៌ល្អជាច្រើនទៀត ដែលបាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការសង្គ្រោះជីវិត ប្រជាពលរដ្ឋខ្មែរយើង។ បើគ្មានពេទ្យល្អៗទាំងនោះទេ អាយុជីវិតប្រជាជនខ្មែរយើងជាច្រើនប្រាកដជាត្រូវបានបាត់បង់"។
គួររំលឹកថាកាលពីរសៀលថ្ងៃទី១៦ ខែមករា កន្លងទៅនេះ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនលោកវេជ្ជបណ្ឌិត គួច ម៉េងលី មានខ្លឹមសារថា «គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នៅតែយល់ឃើញថា ទោះជាចេតនាក្តី អចេតនាក្តី ទង្វើរបស់លោកបាន បង្កការ ខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា និងរបស់វិជ្ជាជីវៈសុខាភិបាលទាំងមូល។ គណៈវិជ្ជាជីវៈ សុខាភិបាលកម្ពុជា នៅតែទាមទារឲ្យលោក គួច ម៉េងលី សុំទោសជាសាធារណៈឲ្យស័ក្តិសម ជាគ្រូពេទ្យដែលមានវិជ្ជាជីវៈ មានសីលធម៌មួយរូប។ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នឹងរក្សាការទាមទារនេះ នៅក្នុងកំណត់ត្រាប្រតិបត្តិវិជ្ជាជីវៈ ផ្ទាល់ខ្លួនរបស់លោក ដរាបណាលោកមិនទាន់បំពេញបានត្រឹមត្រូវ»។
នោក្នុងហ្វេសប៊ុកផ្លូវការណ៍របស់លោក គួច ម៉េងលី នារសៀលថ្ងៃទី១៨ ខែមករា លោកបានលើកឡើងថា៖ ប៉ុន្មានថ្ងៃនេះមានមតិមហាជនជាច្រើន បានលើកឡើងពីទស្សនៈនិងបទពិសោធន៍ផ្សេងៗគ្នា ជុំវិញការលើកឡើងរបស់ខ្ញុំស្តីពីបទពិសោធផ្ទាល់ខ្លួនក្នុងការជួប ពេទ្យដែលគ្មានក្រមសីលធម៌ និងវិជ្ជាជីវៈ។ ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា អ្វីដែលខ្ញុំបានលើកឡើងគឺផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំផ្ទាល់ ដោយការពិតមនុស្សផ្សេងគ្នា មានបទពិសោធជួបក៏ផ្សេងៗគ្នា។ ប្រហែលជាខ្ញុំគ្មានសំណាងបានជួប ពេទ្យល្អៗ ទើបខ្ញុំទទួលបានបទពិសោធបែបនេះ។ យ៉ាងណាមិញខ្ញុំទទួលស្គាល់ថា មានពេទ្យដែលប្រកបដោយក្រមសីលធម៌ល្អជាច្រើនទៀតដែលបាននិងកំពុង បំពេញតួនាទីយ៉ាងសកម្មក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរយើង។ បើគ្មានពេទ្យល្អៗទាំងនោះទេ អាយុជីវិតប្រជាជនខ្មែរយើងជាច្រើនប្រាកដជាត្រូវបានបាត់បង់។
លោក គួច ម៉េងលី បានបញ្ជាក់ថា "ក្នុងនាមជាខ្មែរម្នាក់ដែលមានភ័ព្វសំណាងទទួលបានការអប់រំរហូត ថ្នាក់វេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិក ខ្ញុំមានឆន្ទៈដើម្បីធ្វើយ៉ាងណាឱ្យសង្គមជាតិយើងមានសុខុមាលភាពនិង ភាពសុខដុមរមនា។ ដូចនេះខ្ញុំមិនពាក់ព័ន្ធនឹងរឿងនយោបាយ ឬមានឆន្ទៈបន្ថោកបង្អាប់អ្វីឡើយដល់វិស័យសុខាភិបាលកម្ពុជា។ខ្ញុំ សូមសំណូមពរដល់ជនរួមជាតិទាំងអស់ កុំចាត់ទុកការលើកឡើងនេះជាបញ្ហានយោបាយ ឬព្យាយាមកេងចំណេញផ្នែកនយោបាយតាមគ្រប់រូបភាព ជាពិសេសសូមមេត្តាកុំកាត់តរូបខ្ញុំបាទ ភ្ជាប់ជាមួយនឹងអ្នកនយោបាយ ក៏ដូចជារូបភាពផ្សេងៗ ដែលធ្វើឱ្យមហាជនមានការយល់ច្រឡំ"។
"ផ្ទុយទៅវិញ សូមចាត់ទុកការលើកឡើងពីបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំនេះ ជាការសំណូមពរដល់ពេទ្យដែលពុំទាន់មានក្រមសីលធម៌ឱ្យចាប់ផ្តើមមើលពី តម្លៃអាយុជីវិតរបស់អ្នកជំងឺ និងកែប្រែរាល់ចំណុចមិនល្អទាំងឡាយ និងសូមឱ្យការលើកឡើងរបស់ខ្ញុំនេះ ក្លាយជាការលើកទឹកចិត្តដល់ពេទ្យដែលមានក្រមសីលធម៌ទាំងអស់ ឱ្យបន្តកិច្ចការដ៏មានសារៈសំខាន់ និងមិនអាចខ្វះបាននេះបន្តទៀត"៕
ប្រភព៖ rasmeinews