ភ្នំពេញ៖ ឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានព្រមានដល់សេវាករឬអ្នកវិនិយោគលើវិស័យអគ្គិសនីនៅតាមតំបន់នានាក្នុងព្រះរាជាណាចក្រកម្ពុជាថានឹងដកអាជ្ញាប័ណ្ណពីសេវាករនោះបើមិនបម្រើឱ្យពលរដ្ឋត្រឹមត្រូវ ឬធ្វើឱ្យពលរដ្ឋមានការខឹងសម្បា។ ឯកឧត្តមបានថ្លែងបែបនេះនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ២០១៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាភ្នំពេញ ។
ឯកឧត្តម មានប្រសាសន៍បន្តថា ៖ « រដ្ឋាភិបាលបានផ្ដល់សម្បទានអគ្គិសនីទៅឱ្យឯកជនជាអ្នកផ្ដល់សេវាបន្តទៅប្រជាពលរដ្ឋតែបើសិនជាគាត់ផ្ដល់សេវាអគ្គិសនីឱ្យប្រជាពលរដ្ឋមិនស្របតាមកិច្ចសន្យាអាជ្ញាប័ណ្ណនីតិវិធីមួយចំនួន ដែលយើងបានកំណត់ ទី១យើងនឹងព្រមានដោយគ្រាន់តែណែនាំ ទី២ យើងព្រមានម្ដងទៀតបូកជាមួយនឹងការពិន័យតាមច្បាប់អគ្គិសនីពី៤០ម៉ឺនរៀល ទៅ៤លានរៀល ។ បន្ទាប់ពីព្រមានជាលើកទី២ហើយ សេវាករនៅតែព្រហើនមិនផ្ដល់សេវាល្អតាមអ្វីដែលយើងកំណត់ពេលនោះយើងនឹងដកអាជ្ញាប័ណ្ណរបស់គាត់ តែយើងមិនរំលោភគាត់ទេដោយសងដើមទុនទៅឱ្យគាត់វិញ រួចយកមកគ្រប់គ្រងដោយខ្លួនយើងវិញ » ។
នៅក្នុងអង្គសន្និបាតបូកសរុបនេះដែរ ឯកឧត្តម មានប្រសាសន៍ទៀតថាភាគីដែលកំពុងចូលរួមដោយផ្ទាល់ក្នុងដំណើរការនៃវិស័យអគ្គិសនីនៅកម្ពុជា មានទាំងអស់៤ភាគី គឺ ៖ ១-ក្រសួងរ៉ែ និងថាមពល តំណាងរាជរដ្ឋាភិបាល ២-អាជ្ញាធរអគ្គិសនីកម្ពុជា ដែលជាអ្នកបញ្ញត្តិ អ្នកត្រួតពិនិត្យនិងជាអាជ្ញាកណ្ដាលលើការផ្ដល់ និងការប្រើប្រាស់សេវាអគ្គិសនី ។ ៣-អ្នកធ្វើអាជីវកម្មអគ្គិសនី ដែលក្នុងនោះមានទាំងអ្នកផលិតអ្នកបញ្ជូន និងអ្នកចែកចាយ អគ្គិសនីដែលជាអ្នកផ្ដល់សេវាអគ្គិសនីជាបន្តបន្ទាប់បង្កើតជាផលិតផលអគ្គិសនីដែលឱ្យគេទិញយកទៅប្រើប្រាស់បាន ៤-អ្នកប្រើប្រាស់អគ្គិសនី ដែលជាអ្នកទិញ ផលិតផលអគ្គិសនីយកទៅប្រើប្រាស់ ។
ឯកឧត្តមបន្ថែមថា ៖ « តាមការកំណត់របស់ច្បាប់ស្តីពីអគ្គិសនីប្រតិបត្តិការរបស់អាជ្ញាធរអគ្គិសនីកម្ពុជាការធ្វើអាជីវកម្មរបស់អ្នកកាន់អាជ្ញាប័ណ្ណអគ្គិសនីទូទាំងប្រទេសនិងការប្រើប្រាស់អគ្គិសនីរបស់អ្នកប្រើប្រាស់នានាពិតមែនតែមានស្វ័យភាពរៀងៗខ្លួនតែស្វ័យភាពនេះត្រូវតែស្ថិតនៅក្នុងក្របខ័ណ្ឌនៃគោលនយោបាយយុទ្ធសាស្ត្រ និងផែនការវិស័យអគ្គិសនីរបស់រាជរដ្ឋាភិបាលដែលដឹកនាំនិងគ្រប់គ្រងដោយក្រសួងរ៉ែ និងថាមពល » ។
ចំណែកឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ដែរថា ៖ « ក្នុងអាណត្តិនេះរាជរដ្ឋាភិបាលបានកំណត់ឱ្យស្ថាប័នទទួលខុសត្រូវ យកចិត្តទុកដាក់ចំពោះការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទបន្ថែមទៀតតាមរយៈការជំរុញអនុវត្តកម្មវិធីនានារបស់មូលនិធិអគ្គិសនីភាវូបនីយកម្ម ជនបទដើម្បីជួយបង្កើតឱ្យមានការផ្ដល់សេវាផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទដែលពុំទាន់មានការផ្គត់ផ្គង់ជួយផ្ដល់លទ្ធភាពឱ្យអ្នកក្រីក្រអាចភ្ជាប់ចរន្តអគ្គិសនីពីបណ្ដាញបាន ជួយអនុគ្រោះថ្លៃឱ្យអ្នកក្រីក្រអាចប្រើប្រាស់អគ្គិសនីបាននិងជួយអនុគ្រោះថ្លៃចំពោះការបូមទឹកធ្វើកសិកម្មរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ » ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍បន្តថា ៖ « ស្របជាមួយគ្នានឹងការជំរុញបង្កើនវិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងអាណត្តិទី៥នេះរដ្ឋាភិបាលកំណត់ឱ្យអ្នកផ្គត់ផ្គង់អគ្គិសនីនានាទូទាំងប្រទេសទាំងសហគ្រាសរដ្ឋ និងទាំងសហគ្រាសឯកជនធ្វើការកែលម្អការផ្ដល់សេវាផ្គត់ផ្គង់របស់ខ្លួនឱ្យស្របតាមស្តង់ដារ និងលិខិតបទដ្ឋានកំណត់ ដើម្បីធ្វើយ៉ាងណាឱ្យការផ្ដល់សេវាផ្គត់ផ្គង់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែមានគុណភាព មានចីរភាព មានសុវត្ថិភាពនិងកាន់តែមានភាពងាយស្រួលខ្លាំងឡើងសម្រាប់អ្នកត្រូវការប្រើប្រាស់ ។ក្នុងគោលដៅនេះ ខ្ញុំសូមសំណូមពរឱ្យអាជ្ញាធរអគ្គិសនីកម្ពុជាធ្វើការពង្រឹងវិស័យចំពោះអ្នកកាន់អាជ្ញាប័ណ្ណនិងពង្រឹងការត្រួតពិនិត្យលើការផ្ដល់សេវាផ្គត់ផ្គង់អគ្គិសនីឱ្យអ្នកប្រើប្រាស់បន្ថែមទៀត » ។
គួរបញ្ជាក់ថា ក្នុងវិស័យអគ្គិសនីសព្វថ្ងៃចំនួនភូមិដែលបានផ្ដល់ឱ្យអ្នកកាន់អាជ្ញាប័ណ្ណទាំងរដ្ឋនិងឯកជនធ្វើការវិនិយោគមានចំនួន ៩៥,៧០%តែអ្នកកាន់អាជ្ញាប័ណ្ណទើបនឹងសាងសង់បណ្ដាញចែកចាយលើភូមិចំនួន៦៦,៥៦%។ ដូចនេះ ទិសដៅដែលត្រូវអនុវត្តបន្តនៅឆ្នាំបន្តទៀតគឺធ្វើយ៉ាងណាពង្រីកការផ្គត់ផ្គង់ទៅកាន់ភូមិដែលនៅសេសសល់ទាំងនេះឱ្យបានឆាប់រហ័ស ៕
ប្រភព៖ KOHSANTEPHEAP