ភ្នំពេញ៖ ថ្ងៃទី២០ ខែមករា ២០១៦នេះ គឺជាខួប ២៨ ឆ្នាំនៃការចរចារសន្តិភាពដំណាក់កាលទី២ រវាងអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅ Saint -Germainen-Laye ដើម្បីរកដំណោះស្រាយផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ ក្នុងបំណងបញ្ចប់សង្គ្រាមទាំងស្រុង។ សុខទុក្ខនិងការរស់នៅ របស់ប្រជាពលរដ្ឋកាលពី ២៨ ឆ្នាំមុននិងការស់នៅសព្វថ្ងៃគឺបានបញ្ជាក់ច្បាស់ថា សន្តិភាព បានផ្តល់ឱកាសដល់ពលរដ្ឋ និងរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកលូតលាស់ទៅមុខ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការណ៍របស់សម្តេចនៅព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ថា "ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះជម្រាបជូន អំពីព្រឹត្តិការណ៍នៃថ្ងៃប្រវត្តិសាស្ត្រសំខាន់ៗមួយចំនួននៃការចាប់បដិសន្ឋិសន្តិភាពនៅកម្ពុជា។ ថ្ងៃទី ២០ មករា ១៩៨៨- ២០ មករា ២០១៦ គឺជាខួប ២៨ ឆ្នាំនៃការចរចារសន្តិភាពរដំណាក់កាលទី២ វាងអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ និង ខ្ញុំព្រះករុណា នៅ Saint -Germainen-Laye។ ការចរចារលើកទី១ គឺនៅថ្ងៃទី ២ ខែ ធ្នូ ១៩៨៧ នៅ Fere-Entardenois, ប្រទេសបារាំង ដែលបានចេញជាសេចក្តីប្រកាសរួមក្នុងការស្វែងរកសន្តិភាពពិតប្រាកដ សម្រាប់កម្ពុជា។ កិច្ចចរចារពេញមួយថ្ងៃ នៅថ្ងៃទី ២០ មករា ១៩៨៨ គឺបានពិភាក្សាលើទិដ្ឋភាពរួមដើម្បីរកដំណោះស្រាយផ្ទៃក្នុងរវាង ខ្មែរ និងខ្មែរដើម្បីបញ្ចប់សង្គ្រាមទាំងស្រុង ដែលមានខ្ញុំព្រះករុណនិងអតីត សម្តេចព្រះនរោត្តម សីហនុ"។
ម្តេចតេជោបានបញ្ជាក់ថា "ទោះបីពេលនោះ សាធារណៈរដ្ឋប្រជាមានិតកម្ពុជា គ្រប់គ្រងទឹកដី និងប្រជាពលរដ្ឋជាង៩០%ក៏ដោយ ក៏ចំពោះរូបខ្ញុំគឺបានគិតច្បាស់ថា ត្រូវតែស្វែងរកសន្តិភាពអោយបានសម្រាប់កម្ពុជាហើយត្រូវទទួលយក បងប្អូនជនភៀសខ្លួននៅតាមជំរំនានាពីព្រំដែនកម្ពុជា-ថៃ វិលត្រឡប់មករស់នៅក្នុងប្រទេសវិញ។ ខ្ញុំបានសម្រេចចិត្តថា ត្រូវតែបញ្ចប់សង្គ្រាមបង្ហូរឈាមខ្មែរ ទោះបីការចរចាពេលនោះជួបនិងការលំបាកនិងត្រូវចំណាយពេលច្រើនឆ្នាំ យ៉ាងណាក៏ត្រូវតែធ្វើការចរចាព្រោះវាល្អប្រសើរជាងការប្រយុទ្ឋគ្នា លើសមរភូមិយោធាដែលធ្វើឱ្យឈាមខ្មែរហូរមិនចេះចប់។ ខ្ញុំបានធ្វើការសម្រេចចិត្តដែលកម្ពុជាបានទទួលផលចំណេញ និងឈ្នះទាំងអស់គ្នាមកទល់សព្វថ្ងៃ"។
"សុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋកាលពី២៨ ឆ្នាំមុន និងការស់នៅសព្វថ្ងៃគឺបានបញ្ជាក់ច្បាស់ថា សន្តិភាព បានផ្តល់ឱកាសដល់ពលរដ្ឋ និងរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងកាន់តែរីកលូតលាស់ទៅមុខ។ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាពក្នុងប្រទេស យើងមកទល់សព្វថ្ងៃនេះ"៕
ប្រភព៖ rasmeinews