សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងពិនិត្យសុខភាពនៅក្នុងប្រទេសសឹង្ហបុរី។ គ្រូពេទ្យអះអាងថា ស្ថានភាពសុខភាពលោកមានភាពល្អប្រសើរ បើទោះបីជាលោកនាយករដ្ឋមន្ត្រីមានវ័យច្រើនក្តី។
គិតត្រឹមឆ្នាំ ២០១៦ នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានវ័យ ៦៤ ឆ្នាំហើយ។ ប៉ុន្មានថ្ងៃមកនេះ ប្រមុខរដ្ឋាភិបាលដែលកាន់អំណាចជាង ៣០ ឆ្នាំរូបនេះ កំពុងសម្រាកពិនិត្យសុខភាពនៅក្នុងមន្ទីរពេទ្យប្រទេសសឹង្ហបុរី។ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានអះអាងពីសុខភាពខ្លួនយ៉ាងនេះថា៖ «គ្រូពេទ្យបានកំណត់ច្បាស់ថា សុខភាពខ្ញុំល្អណាស់ ទោះខ្ញុំអាយុច្រើនជាងមុនក្តី។ គ្មានប្រភេទជំងឺណាមួយដែលត្រូវបារម្ភនោះទេ។ គ្រូពេទ្យសប្បាយចិត្តដោយឃើញខ្ញុំឈប់ជក់បារី ដែលជាផ្នែកមួយនៃភាពប្រសើរសុខភាពរបស់ខ្ញុំ»។
លោកនាយករដ្ឋមន្ត្រី បញ្ជាក់យ៉ាងនេះទៀតថា៖ «សុខភាពល្អ ខ្ញុំនឹងបន្តការពារសន្តិភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បម្រើដល់ជាតិ និងប្រជាជនយើងជាបន្តទៀត»៕
ប្រភព៖ thmeythmey