ភ្នំពេញ៖ ការប្រារព្ធពិធីតាមជំនឿសាសនានៅពេលមានមនុស្សស្លាប់នៅតាមបណ្តា ខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជាតែងតែមានជាទូទៅ។ ប៉ុន្តែជំនឿក្នុងការយកធ្យូងមកគូសសញ្ញាជើងក្អែកនៅលើថ្ងាស (ប្រជុំចិញ្ចើម) ក្មេង នៅក្នុងភូមិ ពេលឃើញគេហែសពនិងបានឮដំណឹងថាមានអ្នកស្លាប់ ត្រូវបានប្រទះឃើញនៅក្នុងខេត្តសៀមរាបជាច្រើនកន្លែង តែទំនៀមនេះមានការថមថយបន្ដិចជាងសម័យមុន។
ព្រះតេជគុណ ម៉ក់ ប៉ឹង ចៅអធិការវត្តមុនីរង្សី ហៅវត្តព្រះអង្គទ្រង់និងជាអនុគណស្រុកពួក មានសង្ឃដីកាថាការគូសសញ្ញាជើងក្អែកគឺមានទាំងលើផ្លូវនិងលើចិញ្ចើមក្មេងៗ វាជាជំនឿនិងទំនៀមដែលមានតាំងពីដូនតាខ្មែរយូរយារណាស់មកហើយ មិនដឹងស្ថិតក្នុងសម័យកាលណាទេ ហើយជំនឿនេះក៏មិនស្ថិតនៅក្នុង ព្រះពុទ្ធសាសនាដែរ។
ព្រះអង្គ មានសង្ឃដីកាបន្តទៀតថា មានហេតុផលពីរយ៉ាងសំខាន់នៅក្នុងជំនឿនេះ ទី១គឺ តាំងពីដើមមក ឱ្យតែមានអ្នកណាស្លាប់ចាស់ៗតែងហាមក្មេងៗមិនឱ្យទៅជិតអើតមើលសព នោះទេ ថែមទាំងគូសជើងក្អែកលើចិញ្ចើមក្មេងៗទាំងនោះដើម្បីឱ្យខ្មោចខ្ពើមរអើម មិនឱ្យមកលងបន្លាចដែលនាំឱ្យក្មេងដេកយំយប់ ផ្អើល ឈឺ ឬស្លាប់ដោយសារតែភ័យលោះព្រលឹង។ ទី២ទាក់ទងនឹងការសង្គ្រោះរូបភូតទាំងបួនពេលស្លាប់ទៅភូតនោះឯង តែងរឭកនឹកដល់ប្តីប្រពន្ធកូនសាច់ញាតិ អ្នកស្លាប់គិតថាបើអញស្លាប់ទៅ ប្រពន្ធកូនប្ដីសាច់ញាតិនឹងភ្លេចអញហើយ ដូច្នេះគេចង់វិលវិញទើបអ្នកនៅរស់តែងធ្វើបុណ្យឧទ្ទិសកុសលឱ្យព្រលឹងអ្នកស្លាប់បានស្ងប់ចិត្ត មិនវិលវល់មករកពួកខ្លួនទៀត។
ហេតុនេះក្រោយពីហែសពរួច អាចារ្យគូសជើងក្អែកលើផ្លូវជាការឧបកិច្ចចំពោះអ្នកស្លាប់ ដើម្បីឱ្យព្រលឹងសពវង្វេងរកផ្លូវមកផ្ទះមិនឃើញកុំឱ្យនៅវិលវល់និង នឹករឭកដល់កូនចៅប្រពន្ធប្តីទៀត។ ការគូសខ្វែងលើផ្លូវនេះមិនសូវឃើញមានទេបច្ចុប្បន្ន។
លោក ម៉ៅ តេង ពលរដ្ឋនៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានរៀបរាប់ថា "និយាយរួមឱ្យតែមានមនុស្សស្លាប់ ក្មេងៗគេត្រូវខ្វែងជើងក្អែក ដើម្បីកុំឱ្យលោះព្រលឹង ខ្លាចខ្មោចដូនភូតនោះមកបន្លាច។ កាលពីអ៊ំនៅតូចឱ្យតែមានអ្នកណាស្លាប់ ម៉ែតែងតែគូសខ្វែងលើចិញ្ចើមឱ្យ ដល់មានកូនខ្លួនឯង ឱ្យតែមានអ្នកស្លាប់ក៏តែងគូសដូចគ្នា ទំនៀមនេះឃើញមានតាំងពីកើតមកម្ល៉េះ តែមិនដឹងថាមានពីសម័យណាទេ"។
ប្រហែលជាជាង១០ឆ្នាំមុន ជំនឿនេះហាក់នៅមានអ្នកគោរពច្រើន គឺឱ្យតែមានអ្នកស្លាប់សញ្ញាខ្វែងជើងក្អែកលើចិញ្ចើមក្មេងៗមាន ព្រោងព្រាតស្ទើរតែគ្រប់ភូមិស្រុកនៃអ្នកខេត្តសៀមរាប។ ប៉ុន្តែបច្ចុប្បន្នសញ្ញានេះមិនសូវឃើញមានឪពុកម្តាយជំនាន់ថ្មីគូស ឱ្យកូនៗទេហើយក្មេងៗក៏មិនសូវជឿលើពាក្យហាមប្រាមរបស់ចាស់ៗមិនឱ្យទៅអើតមើលសពដែរ។
បច្ចុប្បន្នជំនឿនេះហាក់កំពុងសាបរលាប បន្តិចម្តងៗ ស្ទើរតែគ្មានក្មេងគូសជើងក្អែកលើចិញ្ចើមពេលឃើញគេហែសព ឬ ឮដំណឹងថា មានអ្នកស្លាប់ ក្នុងភូមិហើយក្មេងៗខ្លះថែមទាំងបានទៅអើតមើលសពទៀតផង លុះពេលត្រឡប់មកវិញក៏មិនឃើញមានបញ្ហាអីដែរ៕
ប្រភព៖ rasmeinews