បន្ទាយមានជ័យ៖ បន្ទាប់ពីជួបគ្រោះរាំងស្ងួតមួយរយៈធំ ដែលធ្វើឲ្យខេត្តបន្ទាយមានជ័យប្រឈមនឹងកង្វះទឹកប្រើប្រាស់ និងស្រោចស្របដំណាំកសិកម្ម ស្រាប់តែកាលពីយប់ថ្ងៃទី១៩ មករា ឆ្នាំ២០១៦ មានភ្លៀងមួយមេបានស្រោចស្រព គ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានភាពរីករាយត្រេកអរក្រៃលែង។
សូមបញ្ជាក់ថា ខណៈខេត្តបន្ទាយមានជ័យប្រឈមនឹងកង្វះទឹក អាជ្ញាធរខេត្តដែលដឹកនាំដោយលោក លី សារី ជាអភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ព្រមទាំងលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ តែងប្រើគ្រប់វិធីក្នុងការទប់ទឹកស្ទឹងសិរីសោភ័ណ រកប្រភពទឹក ដើម្បីត្រៀមផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ និងស្រោចស្របស្រូវប្រាំង ក្នុងនោះឃើញថា ស្រុកមង្គលជួបបញ្ហា គ្មានទឹកប្រើប្រាស់ និងស្រោចស្រប ដោយសារតែស្ទឹងបឹងបួររីងស្ងួត ត្រូវបានយកទឹកពីក្រុងសិរីសោភ័ណ។
បញ្ហាទាំងអស់នេះត្រូវបានរំសាយមួយភាគធំបែរមកជារីករាយវិញ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ស្ទើពេញមួយយប់ទូទាំងខេត្តបន្ទាយមានជ័យ។ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ តាមរយៈភ្លៀងមួយមេនេះ គឺបានជួយស្រោចស្រប ដំណាំស្រូវ និងដំឡូង ហើយពួកគាត់សង្ឃឹមថា នឹងការភ្លៀងធ្លាក់បន្តបន្ទាប់ទៀត ហើយវានឹងដោះស្រាយបញ្ហាកង្វះទឹកបាន៕
ប្រភព៖ ann.com