ដំបូងឡើយ ប្រព័ន្ធផ្លូវដែករបស់ប្រទេសកម្ពុជា ត្រូវបានកសាងឡើងដោយរដ្ឋអំណាចអាណានិគមបារាំង នៅទសវត្សឆ្នាំ ១៩៣០។ ផ្លូវដែកទី១ “ភាគខាងជើង” មានប្រវែង ៣៨៦គីឡូម៉ែត្រ ភ្ជាប់ទីក្រុងភ្នំពេញទៅនឹងទីប្រជុំជនប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ កាត់តាមខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ នៅឆ្នាំ ១៩៤២ ផ្នែកចុងក្រោយនៃផ្លូវដែកនេះ ត្រូវបានតភ្ជាប់ជាមួយនឹង បណ្តាញផ្លូវដែករបស់ប្រទេសថៃ។
ផ្លូវដែកមួយទៀតឆ្ពោះទៅកាន់ “ភាគខាងត្បូង” ប្រទេសកម្ពុជា ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុនេះជាផ្លូវដែកទីពីរ ឬហៅថា ខ្សែអយស្ម័យយានទីពីរ ដែលត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ ១៩៦៥ ដោយមានការជួយឧបត្ថម្ភពីប្រទេសអូស្ត្រាលី បារាំង ប្រទេសអាល្លឺម៉ង់ខាងលិច និងប្រទេសចិន។ ខ្សែរថភ្លើងនេះ លាតសន្ធឹងចម្ងាយ ២៦៦គីឡូម៉ែត្រ មានទិសដៅឆ្ពោះទៅភាគខាងត្បូង ពីភ្នំពេញទៅកាន់កំពង់ផែក្រុងព្រះសីហនុ កាត់តាមខេត្តតាកែវ និងកំពត។
កាលពីពេលថ្មីៗនេះ ផ្លូវរថភ្លើងពីរាជភ្នំពេញ ទៅក្រុងព្រះសីហនុនេះត្រូវបានចាប់ផ្តើមដំណើរការឡើងវិញ និងបានសាកល្បងដឹកភ្ញៀវទេសចរ តាមរថភ្លើងដឹកអ្នកដំណើរ ពីរាជាយស្ម័យយានភ្នំពេញ ទៅស្ថានីយរថភ្លើងអូដឹម ដែលមានចម្ងាយ ១២គីឡូម៉ែត្រ។ ទន្ទឹមនឹងការដាក់ឲ្យដំណើរការឡើងវិញនេះ សាធារណៈភាគច្រើនបានសាទរ និងសង្ឃឹមថា ផ្លូវដែកនឹងចាប់ដំណើរជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ។
នាពេលខាងមុខនេះ កម្ពុជាមានគម្រោងសាងសង់ផ្លូវ Express Way ដែលជាគម្រោងផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា មានចម្ងាយផ្លូវប្រមាណ ២៧៥គីឡូម៉ែត្រ ទទឹងជាង ២០ម៉ែត្រ ពីភ្នំពេញទៅខេត្តព្រះសីហនុ ឆ្លងកាត់តាមខេត្តកំពត ដែលនឹងសាងសង់ដោយក្រុមហ៊ុន Global Cam Project Development PLC. របស់កម្ពុជា និងក្រុមហ៊ុន Green Eco Enegry co.,ltd របស់ប្រទេសកូរ៉េ គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៥៤០លានដុល្លារអាមេរិក។
ជាការពិត កម្ពុជាចាំបាច់ណាស់ ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធ គ្រប់ទីកន្លែងទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា ព្រោះថាផ្លូវរថភ្លើង គឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ ទាំងក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញគ្រប់ប្រភេទឆ្លងកាត់ប្រទេស និងឆ្ពោះទៅកាន់កំពង់ផែក្រៅប្រទេស។ ក្នុងនោះរួមទាំងផ្លូវ Express Way ផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំណេញពេលវេលា៕
ប្រភព៖ business-cambodia