ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅចំពោះមុខនិស្សិត និងសាស្ត្រាចារ្យជនជាតិអាមេរិកថា ទំនាក់ទំនងល្អស្តែងចេញពីការគោរពគ្នា និងការយល់ច្បាស់ពីគ្នាទៅវិញទៅមក។
ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានអញ្ជើញដោយវិទ្យាស្ថានសហរដ្ឋអាមេរិកកូរ៉េ US-KI, SAIS នៃសាកលវិទ្យាល័យ Johns Hopkins ក្នុងនាមលោកជាសមាជិកសភាវ័យក្មេងរបស់កម្ពុជា។ នៅចំពោះមុខអ្នកជំនាញ សាស្ត្រាចារ្យ និងនិស្សិតអន្តរជាតិអាមេរិកប្រមាណ ១០០ នាក់ នៅសាលសន្និសីទអន្តរជាតិ Kenny Auditorium សាកលវិទ្យាល័យ Johns Hopkins នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២០ ខែមករានេះ តំណាងរាស្ត្រវ័យក្មេង ត្រូវធ្វើបទអន្តរាគមន៍ស្តីពីទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក (Cambodia-US Relations)។
«ទំនាក់ទំនងរវាងប្រទេសទាំងពីរបាននិងកំពុងស្ថិតនៅក្នុងភាពល្អប្រសើរ នៅពេលថ្មីៗនេះ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំចង់ឃើញទំនាក់ទំនងនេះកាន់តែប្រសើរជាងនេះ តាមរយៈការយល់ ការគោរពគ្នា និងការស្វែងយល់ពីគ្នាទៅវិញទៅមក ដែលក្នុងនោះរួមមានការស្វែងយល់ពីប្រវត្តិសាស្ត្រជាក់ស្តែង ដែលប្រទេសនីមួយៗបានឆ្លងកាត់ ការឲ្យតម្លៃដល់សច្ចធម៌សង្គមតាមរយៈការលះបង់ ការអត់ធ្មត់ និងឆន្ទៈស្នេហាជាតិ ក៏ដូចជាស្វែងយល់ឲ្យបានច្បាស់ពីកត្តាជាក់ស្តែង និងអាទិភាពចាំបាច់ដែលប្រទេសនីមួយៗត្រូវធ្វើក្នុងដំណាក់កាលផ្សេងៗ គ្នាដើម្បីជាប្រយោជន៍ជាតិ និង មាតុភូមិរៀងៗខ្លួន»។ នេះជាការអត្ថាធិប្បាយរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលត្រូវបានផ្តល់ឲ្យតាមរយៈជំនួយការផ្ទាល់របស់ឯកឧត្តម។
ឆ្លើយតបទៅនឹងសំនួរជាច្រើនពីសំណាក់ក្រុមអ្នកជំនាញ សាស្ត្រាចារ្យ និងនិស្សិត ទាក់ទងទៅនឹងអ្វី ដែលត្រូវផ្តល់ជាអាទិភាពជាងគេនៅពេលនេះ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាង ប្រទេសទាំងពីរកាន់តែប្រសើរនោះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា វាមានកិច្ចការជាច្រើនដែល ត្រូវធ្វើឡើងទន្ទឹមគ្នា។ លោកបញ្ជាក់យ៉ាងដូច្នេះ៖ «ឧទាហរណ៍ ក្នុងពេលដែលប្រទេសទាំងពីរត្រូវបន្តស្វែងយល់ពីគ្នា ប្រទេសទាំងពីរក៏ត្រូវបន្តកាត់បន្ថយនូវការយល់ច្រលំពីគ្នា និងស្វែងរកឱកាសដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ជាពិសេសប្រយោជន៍ចំពោះប្រជាជនរបស់ខ្លួន»។
ឯកឧត្តម ហ៊ុន ម៉ានី ជាវាគ្មិនកម្ពុជាទី១ ដែលត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសដោយ សាកលវិទ្យាល័យ Johns Hopkins។ ឯកឧត្តមជាវាគ្មិនមួយរូបស្ថិតក្នុងចំណោមវាគ្មិនកិត្តិយស ពិភពលោកផ្សេងៗទៀត ដែលធ្លាប់បានអញ្ជើញមកសាកលវិទ្យាល័យនេះធ្វើបទបង្ហាញ ក្នុង នោះរួមមានលោកស្រី Hilary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Hamid Karzai អតីតប្រធានាធិបតីអាហ្គានីស្ថាន លោក Donald Rumsfeld អតីត រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក។ល។
ប្រភព៖ thmeythmey