តាកែវ៖ ជាថ្មីម្តងទៀត មន្ត្រី២៤រូបក្នុងចំណោម៣០រូបនៃមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ បានបន្តនាំគ្នាផ្តិតមេដៃលើលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង ដោយទទូចឲ្យដកតំណែងលោក មឹង វីរិយា ចេញពីប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ នេះបើតាមលិខិតរបស់មន្ត្រីមន្ទីរការងារខេត្តតាកែវ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ ដែលទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។
លិខិតរបស់មន្ត្រីមន្ទីរ ជាមួយនឹងស្នាមមេដៃបានឲ្យដឹងថា «យើងខ្ញុំទាំងអស់គ្នា សូមអង្វរដោយទទូចដល់ឯកឧត្តមរដ្ឋមន្ត្រី មេត្តាដកលោក មឹង វីរិយា ដោយលោកជាមនុស្សដែលមិនមានចិត្តចេះស្រឡាញ់ និងគោរពឲ្យតម្លៃដល់បុគ្គលិកក្រោមឱវាទ ពីព្រោះរាល់ទង្វើដែលលោក មឹង វីរិយា បានធ្វើកន្លងមកយើងខ្ញុំពិតជាមិនអាចអនុគ្រោះ និងទទួលយកបានទេ»។
លិខិតដដែលបានសង្គត់ធ្ងន់ថា«យើងខ្ញុំមានតែទទូចអង្វរ ឯកឧត្តមដើម្បីសម្រួលភារកិច្ចលោក មឹង វីរិយ៉ា ចេញពីមន្ទីរការងារខេត្តតាកែវហើយដោយក្តីសង្ឃឹមរង់ចាំនូវចម្លើយ យល់ព្រមពីឯកឧត្តម យើងខ្ញុំសូមអធ្យាស្រ័យដ៏ខ្ពង់ខ្ពស់ ដោយយើងខ្ញុំមិនអាចចូលបម្រើការងារបានទេចាប់ពីថ្ងៃនេះតទៅ ព្រោះថាយើងខ្ញុំមានការភ័យខ្លាចអំពី សុវត្ថិភាព និងបញ្ហាផ្សេងៗដែលគាត់បានគំរាមកន្លងមក»។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ មន្ត្រីជាង២០នាក់ក្នុងចំណោមជាង៣០នាក់ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តតាកែវធ្លាប់បាននាំគ្នាផ្តិតមេដៃ ស្នើសុំដកប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក មឹង វីរីយ៉ា ទៅរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ម្តងរួចមកហើយ ដោយចោទប្រកាន់ថាប្រធានមន្ទីររូបនេះ ប្រើអំណាចគំរាមបំបែកបំបាក់សាមគ្គីនិងញុះញង់ឲ្យមន្ត្រីថ្នាក់ក្រោមឈ្នោះគ្នា រហូតមានការប្តឹងផ្តល់ដល់តុលាការទៀតផង។
បន្ទាប់មកមន្ត្រីអគ្គធិការដ្ឋាន នៃក្រសួងការងារ បានចុះទៅសម្របសម្រួលនិងស្វែងរកដំដោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទាន់មានលទ្ធផលទើបធ្វើឲ្យមន្ត្រីមន្ទីរទាំងអស់ កើតទុក្ខមិនសុខចិត្តទើបដាក់សំណើទៅកាន់ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ជាថ្មី។
លិខិតរបស់មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តតាកែវដែលផ្ញើជូនឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានរៀបរាប់១០ចំណុចពីការដឹកនាំដោយប្រើអំណាច គំរាមកំហែង ប្រមាថមន្ត្រីថ្នាក់ក្រោម របស់លោក មឹង វីរិយ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដូចជា៖
១- ការញុះញង់មន្ត្រីថ្នាក់ក្រោមឲ្យឈ្លោះគ្នា មិនទុកចិត្តគ្នាបំបែកបំបាក់សាមគ្គីរបស់មន្ត្រីរហូត ដល់មានមន្ត្រីខ្លះបានប្តឹងផ្តល់គ្នាទៅតុលាការ ហើយលោក មឹង វីរិយ៉ា ប្រធានមន្ទីរបានតាំងខ្លួនធ្វើជាសាក្សីឲ្យមន្ត្រីដើមបណ្តឹង។
២- បានគំរាមមន្ត្រីក្នុងអង្គប្រជុំថា គាត់មានលុយចំនួន ៥,០០០$ (ប្រាំពាន់ដុល្លាអាមេរិក) សម្រាប់ប្តឹងមន្ត្រីណាម្នាក់ ហ៊ាននិយាយរឿងប៉ះពាល់ដល់កិត្តិយសរបស់គាត់ គាត់នឹងប្តឹងឲ្យជាប់គុករយៈពេល ០២ខែ ទៅ០៣ខែ មិនតែប៉ុណ្ណោះថែមទាំងនិយាយគំរាមថា គាត់ មានបងប្អូនជាអ្នកធ្វើការធំនិងជាតុលាការ សម្រាប់ជួយគាត់ផង។
៣- បានហៅមន្ត្រីថ្នាក់ក្រោមទៅគំរាមថា ក្នុងមន្ទីរការងារមានបីបក្សដែលមានអំណាចគឺ បក្សពួករបស់គាត់ ដូច្នេះបើមន្ត្រីណាចង់រស់បានយូរឬចង់មានលុយចាយ ត្រូវចូលជាបក្សពួកគាត់ បើមន្ត្រីណាមានបក្សផ្សេងៗពីគាត់ គាត់ឲ្យងាប់គឺត្រូវតែងាប់។
៤- គាត់បានប្រកាសក្នុងអង្គប្រជុំថា គាត់បានជ្រើសរើសមនុស្សជំនិតរបស់គាត់ដែលហៅថា សេនាដៃស្តាំ និងសេនាដៃឆ្វេង និងមានគិញដាក់គ្រប់ការិយាល័យទាំងអស់ ដូច្នេះបើមន្ត្រីម្នាក់ណាធ្វើអ្វីក៏គាត់ដឹងដែរ សូម្បីតែចាប់មួយក្បាលហើរចូលក៏គាត់ដឹងដែរ។
៥- បានគម្រាមដល់មន្ត្រីថ្នាក់ក្រោមទាំងអស់ថា បើអ្នកណាម្នាក់ហ៊ានប៉ះពាល់មនុស្សរបស់គាត់ គឺគាត់មិនឲ្យអ្នកនោះ មានសេចក្តីសុខឡើយតែបើហ៊ានត្រូវឆ្លងកាត់គាត់សិន។
៦- ការងារបក្សពួកនិយម មន្ត្រីដែលមិនមែនជាបក្សពួក របស់ពួកគាត់ គាត់ចង់ដកឬដាក់ តាមអំពើចិត្ត ហើយធ្វើអ្វីតែងតែត្រូវបានស្តីបន្ទោសនិងមិនត្រូវបានយកចិត្តទុកដាក់ឡើយ។
៧- បានប្រាប់ទៅមន្ត្រីសរុបរបាយការណ៍ថា បើចង់បានរបាយការណ៍ពីបក្សពួកគាត់ ចាំគាត់សរសេរជំនួសឲ្យ។
៨- គាត់នឹងយកមនុស្សពីក្រៅ ឬពីក្រសួងមកធ្វើជាអនុប្រធានមន្ទីរ ឬប្រធានការិយាល័យ។
៩- គ្មានទំនួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំបន្តវេនការងារអនុវត្តឆ្នាំចាស់ នៅពេលសវនកម្មមកពិនិត្យគាត់បែរជានិយាយថា ពីរនាក់ហ្នឹងកុំតែគាត់ជួយ កុំអីជាប់គុក។
១០- គាត់បាននិយាយអួតថា គាត់មិនចង់មកធ្វើជាប្រធានមន្ទីរទេ តែដោយមានគេបង្ខំ ចាញ់នៅឯភ្នំពេញ មួយខែគាត់រកបាន ១៨០០ដុល្លាអាមេរិក។
យ៉ាងណាក៏ដោយពាក់ព័ន្ធនឹង ការដាក់លិខិតប្តឹងដកប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តតាកែវនេះ មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោក មឹង វីរិយា បាននៅឡើយទេ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។
គួរជម្រាបថា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវលោក មឹង វីរីយា ត្រូវបានអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ព្រមានដកតំណែងម្តងរួចមកហើយ បន្ទាប់ពីភាពអសកម្មនឹងការងារ ហើយឥឡូវផ្ទុះរឿងជម្លោះជាមួយ នឹងមន្ទីរថ្នាក់ក្រោមទៀត៕
ប្រភព៖FRESH NEWS