ខួបលើកទី ១២ ឆ្នាំ​ស្អែក​នេះហើយ ឃាតករ​នៅតែ​រក​មិនទានឃើញ​

21-January-2016 | ដោយ មួយឡា
ភ្នំពេញ​៖ មកដល់ពេលនេះ សមត្ថកិច្ច​នៅតែ​មិនអាច​វែកមុខ​ឃាតករ​បាញ់សម្លាប់​អតីត​មេ​សហជីព​ដ៏​ល្បីល្បាញ​លោក ជា វិជ្ជា កាលពី​ថ្ងៃទី ២២ ខែមករា​។ នៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០១៦ ស្អែក​នេះ គឺជា​គម្រប់​ខួប ១២ ឆ្នាំ​គត់​នៃ​ការស្លាប់​លោក ជា វិជ្ជា​។ ប្អូនប្រុស​លោក ជា វិជ្ជា លោក ជា មុនី នៅតែ​បន្ត​ដង្ហោយ​ទាមទារ​រក​យុត្តិធម៌​ជូន​បងខ្លួន​។
 
ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី នឹង​ដឹកនាំ​តំណាង​សហជីព កម្មករ​ទូទាំងប្រទេស​ជាង ២ រយ​នាក់ គោរព​វិញ្ញាណក្ខន្ធ​អតីត​មេ​សហជីព​លោក ជា វិជ្ជា នៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០១៦ នេះ  នៅ​រូបសំណាក់​លោក ជា វិជ្ជា ខាងលិច​វិមានឯករាជ្យ ដូច​រៀងរាល់ឆ្នាំ​ដែរ​។ បើតាម​លោក ជា មុនី តំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយចំនួន​អាច​នឹងមាន​វត្ត​មាននៅ​ក្នុង​ពិធី​នេះ តែ​លោក​មិន​ប្រាកដថា ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹងចូលរួម​ក្នុង​កម្មវិធី​នេះ ដូច​ឆ្នាំមុន​ឡើយ​។

​ក្នុង​គម្រប់​ខួប ១២​ឆ្នាំ​បងប្រុស​របស់ខ្លួន​នេះ លោក ជា មុនី បញ្ជាក់ថា លោក​នៅតែ​ថ្លែង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វែកមុខ​ឃាតករ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ករណី​បាញ់​សម្លាប់​លោក ជា វិជ្ជា និង​មេសហជីព​ដទៃឲ្យ​បាន​។ តែ​យ៉ាងណា សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​អ្នកធ្វើ​ពិធី​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា ថ្លែង​សារ​នយោបាយ ឬ​វាយប្រហារ​រដ្ឋាភិបាល​ឡើយ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦​នេះ​។​

​កាលពី​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៥ កន្លងមក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង​ពិសេស​ថ្មី​មួយ​ដើម្បី​ធ្វើការ​ ស៊ើបអង្កេត​ករណី​ឃាតកម្ម លោក ជា វិជ្ជា និង​មេដឹកនាំ​សហជីព​ពីរ​នាក់​ទៀត​ដែល​ត្រូវបាន​គេ​សម្លាប់  គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុ​វណ្ណា​រ៉េត​។​

​ក្នុង​សេចក្តីសម្រេច​ស្តីពី ការបង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ពិសេស ដែល​មិនបាន​កំណត់​ឈ្មោះ​មន្ត្រីជាន់ខ្ពស់​នោះ សម្តេច ហ៊ុន សែន បានតែងតាំង​មន្ត្រីជាន់ខ្ពស់ ៦ នាក់ រួមមាន តំណាង​ក្រសួងមហាផ្ទៃ ក្រសួង​ការងារ ក្រសួង​យុ​តិ្ត​ធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គស្នងការ​នគរបាល​ជាតិ មេបញ្ជាការ​កងរាជអាវុធហត្ថ និង​តំណាង​អាជ្ញាធរ​ពាក់ព័ន្ធ​។ គណៈកម្មការ​នេះ​មាន​តួនាទី និង​កាតព្វកិច្ច សហការ​ជាមួយ​អាជ្ញាធរ ពាក់ព័ន្ធ​ដើម្បី​ប្រមូល​ព័ត៌មាន និង​ភស្តុតាង​ចុះ​ស្រាវជ្រាវ​លម្អិត​រក​អង្គហេតុ និង​អង្គច្បាប់​។ ជាងនេះទៀត គណៈកម្មការ​ត្រូវ​រៀបចំ​របាយការណ៍​បំភ្លឺ លើ​ពាក្យបណ្តឹង​នេះ​សម្រាប់​អង្គការ​ពលកម្ម​អន្ដរជាតិ​ដទៃទៀត ហើយ​បំពេញ​កិច្ចការ​ចាំបាច់​ដែល​រដ្ឋាភិបាល​បាន​ចាត់​ឲ្យ​បំពេញ​។​

​ប៉ុន្តែ​មកទល់ពេលនេះ គណៈកម្មការ​អន្តរក្រសួង​ពិសេស​ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល ពុំទាន់​ស៊ើបអង្កេត​រក​ឃាតករ​ពិត និង​អ្នក​នៅ​ពីក្រោយ​ក្នុង​អំពើ​ឃាត​កម្មនេះ​នៅឡើយ​។​

​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​ដែល​ត្រូវជា​ប្អូនប្រុស​លោក ជា វិជ្ជា ពុំ​មានជំនឿថា គណៈកម្មការ​នេះ​នឹង​អាច​រកឃើញ​ឃាតករ​ពិត​នោះទេ ប្រសិនបើ​អង្គការក្រៅរដ្ឋាភិបាល និង​ក្រុមគ្រួសារ​ជនរងគ្រោះ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​សហការ ដោយ​លោក​លើកឡើងថា គណៈកម្មការ​នេះ បង្កើតឡើង​ដើម្បី​តែ​បំភ័ន្ត​ភ្នែក​សាធារណជន​តែប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា អតីត​មេដឹកនាំ​សហជីព​កម្មករ លោក ជា វិជ្ជា ត្រូវបាន​ឃាតករ​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត​ជាប់​របង​វត្ត​លង្កា រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ ២០០៤ ៕
 
ប្រភព៖ thmeythmey
 

ចំនួនអ្នកទស្សនា

    20589607

  • ថ្ងៃនេះ2171
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32001
  • ខែនេះ147151
  • ឆ្នាំនេះ147151
  • សរុប20589607