មនុស្សចំនួន ៩៤៤ នាក់ បានស្លាប់បាត់បងជីវិត និង៣១៧នាក់ របួស ដោយសារគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងនៅកម្ពុជា ក្នុងឆ្នាំ២០១៥ ។ គ្រោះមហន្តរាយនេះ បានកើនឡើងនិងបណ្តាលឲ្យមនុស្សស្លាប់ច្រើន ជាងឆ្នាំ២០១៤ ។
គ្រោះមហន្តរាយផ្សេងៗ បានកើតឡើងចំនួន ១,៩៣៧ លើក ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៩៤៤ នាក់ និងរងរបួសធ្ងន់ស្រាល់ ចំនួន ៣១៧នាក់ ក្នុងឆ្នាំ២០១៥ ។ នេះបើតាមរបាយការណ៍បូកសរុបការងារឆ្នាំ២០១៥ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
គ្រោះមហន្តរាយទាំងនោះ មានដូចជា ខ្យល់ព្យុះ ៤២៣លើក រន្ទះបាញ់ ១៩២លើក ជំនន់ទឹកភ្លៀង ១៦លើក បាក់ច្រាំងទន្លេរ ៤លើក អគ្គិភ័យ ៥០៧លើក លង់ទឹក ៥៣៩លើក ខ្សែភ្លើងឆក់ ១៨២លើក ផ្ទុះគ្រាប់ចម្រុះ ៥១លើក ផ្ទុះកាំជ្រូច៦លើក ។
ដោយឡែក ខ្យល់កន្ត្រាក់ក្នុងឆ្នាំ២០១៥ បានកើតឡើងគ្រប់ ២៥ រាជធានីនិងខេត្ត ដែលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ៩,៣៤៨ខ្នង សាលារៀន ២៥កន្លែង រលំបង្គោលភ្លើង ៩៨ដើម រលំដើមឈើ ៤៨៣ដើម ងាប់គោក្របី ៣៥ក្បាល ត្រី១៧៦តោន ខូចខាតស្រូវអង្ករ ២,៤១០តោន ដំណាំចេក ២៥ហិកតា និងផលដំណាំផ្សេងៗទៀត ៣,១៦៥ ហិកតា។
បណ្តាគ្រោះមហន្តរាយខាងលើ គ្រោះមហន្តរាយ ដែលបង្កឲ្យមនុស្សស្លាប់ច្រើនជាងគេ គឺ លង់ទឹក ខ្សែភ្លើងឆក់ និងរន្ទះបាញ់។ យ៉ាងណាក៏ដោយ របាយការណ៍នេះ មិនបានបង្ហាញទិន្នន័យលម្អិត ពីចំនួនអ្នកស្លាប់និងរបួស ឲ្យបានគ្រប់ផ្នែកនីមួយៗនៃគ្រោះមហន្តរាយទាំងនោះ ឡើយ។
គួរកត់សម្គាល់ថា មនុស្សស្លាប់និងរបួស ក្នុងគ្រោះមហន្តរាយបានកើនឡើងច្រើន បើប្រៀបធៀបនឹងឆ្នាំ២០១៤ ។ ក្នុងឆ្នាំ២០១៤ គ្រោះមហន្តរាយ បានកើតឡើងចំនួន ១,៣៧៥ លើក ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧៨១នាក់ និង ៨៩១នាក់ផ្សេងទៀត របួសធ្ងន់ស្រាសល៕
ប្រភព៖ thmeythmey