ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ចូនបានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការគ្រប់គ្រងចំណីផ្លូវនិងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ តាមបណ្តោញផ្លូវជាតិលេខ៤រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
នៅក្នុងសេចក្តីជូនដំណឹងនេះ បានប្រាប់ឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះក្រសួងសង្កេតឃើញថា មានការកើនឡើងនូវបាតុភាពរំលោភបំពានច្បាប់ពីបុគ្គលមួយចំនួន ដូចជាការសាងសង់សំណង់ ការបូមប្រលាយ ស្រះ គន្លងបង្ហូរទឹកសម្រូលសុវត្ថិភាពផ្លូវថ្នល់ ការលក់ដូរ និងការចតយានយន្តគ្មានសណ្តាប់ធ្នាប់លើដីចំណីផ្លូវ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅតាមបណ្តាយផ្លូវជាតិលេខ៤។
ដោយសង្កេតឃើញបែបនេះ ក្រសួងសាធារណការ និងដឹកជញ្ចូនដោយមានការសហការពីក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីដែលពាក់ព័ន្ធនឹងចាត់វិធានការតឹងរឹង ចំពោះបុគ្គលណា ដែលសាងសង់សំណង់ លុបប្រឡាយ ស្រះគន្លងបង្ហូរទឹក សម្រូលសុវត្ថិភាពផ្លូវថ្នល់ និងធ្វើកិច្ចការសាធារណៈ ឬឯកជននៅក្នុងដីចំណីផ្លូវជាតិលេខ៤ ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់។
ក្រសួងក៏បានស្នើឲ្យសាធារណជន ដែលជាម្ចាស់លំនៅឋានឬម្ចាស់កម្មសិទ្ធិ អចលនទ្រព្យ និងចលនទ្រព្យ និងអ្នកប្រើប្រាស់ទាំងអស់ចូលរួមសហការអនុវត្តច្បាប់ក្នុងការគ្រប់គ្រង និងការការពារដីចំណីផ្លូវ សំណង់និងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តោយផ្លូវនេះ ឲ្យមានប្រសិទ្ធភាពនិងនិរន្តរភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចលុបចោល នូវកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន អេហ្សិតឌីស្ទ្រីប្យូហ្សិន កាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ និងបានប្រគល់ភារកិច្ចឲ្យក្រសួងសាធារណការ និងដឹកជញ្ចូន ជាអ្នកគ្រប់គ្រងជួសជុលថែទាំនិងផ្តល់សេវាផ្សេងៗវិញ៕ ដោយ មែន កំសត់