ធនាគារ អភិវឌ្ឍន៍អាស៊ី ADB បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួននៅថ្ងៃទី ២១ មករានេះ ដោយបង្ហាញថាកម្ពុជាត្រូវការបង្កើនជំនាញ ដើម្បីធានាឲ្យបាននូវនិរន្តរភាពកំណើនសេដ្ឋកិច្ច និងពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។ តំណាងរបស់ក្រសួងការងារ ដែលបានចូលរួមនៅក្នុងសិក្ខាសាលានៅព្រឹកមិញនេះថា ក៏បានទទួលស្គាល់ថារបាយការណ៍របស់ ADB ពិតជាត្រឹមត្រូវ ហើយថារដ្ឋាភិបាលកម្ពុជាក៏បានដាក់បញ្ចូលបញ្ហានេះទៅក្នុងគោល នយោបាយជាតិរបស់ខ្លួនចាប់តាំងពីថ្ងៃ២៤ កញ្ញាឆ្នាំ ២០១៣មកដែរ។
របាយការណ៍ ថ្មីរបស់ ADB បានបង្ហាញថា ការដោះស្រាយចន្លោះប្រហោងនៃជំនាញការងារ និងការដែលជំនាញមិនស្រប ទៅនឹងការងារ ព្រមទាំងការបង្កើនផលិតភាពកម្លាំងការងារ គឺជាបញ្ហាចម្បងដែលកម្ពុជាកំពុងតែប្រឈម ដើម្បីរក្សាការបន្តលូតលាស់កំណើនសេដ្ឋកិច្ច។
លោក Shang Jin Wei ប្រធានសេដ្ឋកិច្ចវិទូនៃធនាគារ ADB បានលើកឡើងថា កម្លាំងការងាររបស់កម្ពុជាភាគច្រើនមានវ័យក្មេង ប៉ុន្តែជាទូទៅ ពួកគេជាច្រើននាក់ពុំទទួលបានការបណ្តុះបណ្តាលជំនាញ ដែលស្របទៅនឹងសេចក្តីត្រូវការរបស់ធុរកិច្ចឡើយ។ ដូច្នេះបញ្ហាប្រឈមសម្រាប់អ្នកបង្កើតគោលនយោបាយ គឺត្រូវដោះស្រាយបញ្ហាចន្លោះប្រហោងនៃជំនាញការងារ និងការដែលជំនាញមិនស្របនឹងការងារ។
លោកហេង សួ អ្នកនាំពាក្យរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានទទួលស្គាល់ថាកម្ពុជាពិតជាជួបប្រទះនិងបញ្ហានេះមានក្នុង រយៈពេល៥ឆ្នាំចុងក្រោយនេះ។ ហើយរដ្ឋាភិបាលកម្ពុជា ក៏បានដាក់បញ្ចូលបញ្ហានេះទៅក្នុងគោលនយោបាយជាតិរបស់ខ្លួនផងដែរ នៅចុងឆ្នាំ២០១៣។ លោកបានបន្តថា បច្ចុប្បន្នយុវជនកម្ពុជាប្រមាណជា៦០ភាគរយ បានសិក្សា និងកំពុងតែសិក្សាខុសជំនាញ ពីតម្រូវការទីផ្សារការងារ។ បច្ចុប្បន្ននេះកម្ពុជាត្រូវការធនធានមនុស្សផ្នែកវិទ្យាសាស្រ្តពិត ខណៈដែលយុវជនកម្ពុជានាំគ្នាសម្រុករៀនតែផ្នែកវិទ្យាសាស្រ្តសង្គម។
លោកហេង សួ បានលើកឡើងទៀតថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធនានា បានព្យាយាមដោះស្រាយបញ្ហានេះជាបណ្តើៗ ដែលនៅក្នុងនោះក្រសួងការងារ បានចាប់ដៃជាមួយនឹងក្រសួងអប់រំ ដោយនៅក្នុងនោះក្រសួងអប់រំ បានដកមុខវិជ្ជាមួយចំនួនចេញពីកម្មវិធីសិក្សានៅថ្នាក់ មហាវិទ្យាល័យ ដោយសារតែចំនួនលើសតម្រូវការទីផ្សារ។
អ្នកនាំពាក្យក្រសួងការងារក៏បានបញ្ជាក់ឲ្យដឹងដែរថា យុវជនកម្ពុជាត្រូវការជំនាញទន់ ឬក៏ Soft Skill មួយបន្ថែមទៀតជាចាំបាច់ ដើម្បីងាយស្រួលបត់បែន ទៅនឹងតម្រូវការទីផ្សារការងារ។ ជំនាញទន់នេះមានដូចជា ការរិះគិតពិចារណា ការគោរពវិន័យ ការធ្វើការជាក្រុម និងការទំនាក់ទំនងជាដើម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADB បានឲ្យដឹងថា កម្លាំងការងារច្រើនរបស់កម្ពុជា គឺស្ថិតនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬក៏ការងារងាយរងគ្រោះជាដើម ហើយប្រជាជនចំនួន ៧១ភាគរយ រស់នៅក្រោមចំណូលតិចជាង ៣ដុល្លារក្នុងមួយថ្ងៃ៕
ប្រភព៖ km.rfi.fr