ក្រចេះ៖ ឯកឧត្តម យិន ងួនកូលីលេនីន អនុរដ្ឋលេខាធិការក្រសួងធន ធានទឹក និងឧត្តុនិយម ព្រមទាំងលោក ហេង រត្ន័ម៉ូនីដា ប្រធានមន្ទីរធនធានទឹកខេត្ត រួមនឹងអាជ្ញាធរមូលដ្ឋាន កាលពីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ បានចុះត្រួតពិនិត្យមើលការប្រមូលផលស្រូវប្រាំងរបស់បងប្អូន ប្រជាពលរដ្ឋ ក្នុងស្រុកឆ្លូង បន្ទាប់ពីមន្ទីរជំនាញ បានយកម៉ាស៊ីនបូបទឹកជាច្រើនគ្រឿង ជួយអន្តរាគមន៍បូបទឹកទុក និងដាក់ស្រែជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ កាលពីពេលកន្លងទៅនេះ។
លោក ហេង រត្ន័ម៉ូនីដា ប្រធានមន្ទីរធនធានទឹកខេត្តក្រចេះ បានឲ្យដឹងថា កន្លងទៅមន្ត្រីជំនាញនៃក្រសួង ក៏ដូចជាមន្ទីរធនធានទឹកខេត្តក្រចេះ គឺបានបញ្ជូនម៉ាស៊ីនបូបទឹកជាច្រើនគ្រឿង ទៅតាមគោលដៅសំខាន់ៗ នៅក្នុងស្រុកឆ្លូង និងបាននាំយកប្រេងជូនបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីបូបទឹកជួយសង្គ្រោះស្រូវប្រាំង ដែលមានការ ខ្វះខាតទឹក ហើយរហូតមកដល់ខណៈពេលនេះ ស្រូវមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមធ្វើការប្រមូលផលជាបណ្តើរៗហើយ។
ជាមួយនិងការប្រមូលផលស្រូវប្រាំង អ្នកភូមិម្នាក់ឈ្មោះ ឡាយ ឈុនសេង ជាប្រជាកសិករនៅក្នុងភូមិព្រែកសំរោង ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ បានរៀបរាប់ថា ស្ថានភាពនៃកាធ្វើស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ រាល់ឆ្នាំគឺមិនដែលជួបនូវការខ្វះខាតទឹកដូច ឆ្នាំនេះទេ គឺវាមានផលលំបាក ដោយសារទឹកឡើងតូចវាមានទឹកក្នុងទំនប់ សម្រាប់ការផ្គត់ផ្គងស្រូវប្រាំងបង្កឲ្យមានកាខ្វះខាតទឹកប្រើប្រាស់ ជាច្រើន តែដោយសារប្រមុខរាជរដ្ឋាភិបាលបានគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋ ហើយបានចាត់តាំងក្រសួង ក៏ដូចជាមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្ត អោយបញ្ជូនម៉ាស៊ីន និងប្រេង មកបូបទឹកជួយសង្គ្រោះបានទាន់ពេលវេលា។
ការលើកឡើងស្រដៀងគ្នានេះ លោក ផុន សារឿន ជាប្រជាកសិករនៅតំបន់នោះ បានសំដែងការត្រកអរ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ដែលបានជួយអន្តរាគមន៍ ក្នុងសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់បានទាន់ពេលវេលា បើមិនដូច្នេះទេពួកគាត់ពិតជាជួបនឹងការលំបាកក្នុងការបង្កបង្កើនផល ស្រូវប្រាំងក្នុងឆ្នាំនេះមិនខានឡើយ ។
ដោយឡែកលោក ប៊ូ ចំរើន មេភូមិព្រែកសំរោង បានឲ្យដឹងដែរថា នៅក្នុងភូមិរបស់លោកប្រជាពលរដ្ឋ ដែលបង្ករបង្កើនស្រូវប្រាំងមានចំនួន ៧៨៥ហិចតា លោកថា ឆ្នាំនេះទឹកតូចមិនលិចទំនប់ និងវាលស្រែ បានបង្ករការលំបាកសម្រាប់ បងប្អូនប្រជាពលរដ្ឋបង្ករបង្កើនផល។
ឯកឧត្តម យិន ងួនកូលីលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក មានប្រសាសន៍ថា ចំពោះកិច្ចការមួយនេះ មន្ត្រីជំនាញ និងរូបលោកផ្ទាល់ បានចុះតាមមូលដ្ឋាននីមួយៗ តាំងពីខែតុលាមកម្ល៉េះ ដើម្បីជួយអន្តរាគមន៍ បូបទឹកនិងរក្សារទឹកទុក ដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់បង្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចំពោះការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងឆ្នាំ២០១៥-២០១៦ គឺសុំឲ្យធ្វើតែម្តងបានហើយ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាង ដែលបានរក្សារទុក និងតាមកន្លែងមួយចំនួនដែលមានទឹកធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះ ទុកសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀត ក្រៅពីស្រូវដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបងប្អូន៕
ប្រភព៖ ann.com