ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងFacrbookសម្ដេចនាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦«ខ្ញុំសូមអរគុណជនរួមជាតិ ជាពិសេសប្អូនៗ ក្មួយៗ និងចៅៗជាយុវជនដែលតែងតែគាំទ្រ តាមដាននិងចែករំលែកព័ត៌មានពីគេហទំព័រខ្ញុំទៅកាន់មិត្តភក្តិទាំងក្នុងនិងក្រៅប្រទេស (Like, share, Comment)។ ជាពិសេសនៅក្នុងកំឡុងពេលដែលខ្ញុំទៅពិនិត្យសុខភាពនៅសឹង្ហបុរីតាមការណែនាំរបស់របស់គ្រូពេទ្យជំនាញ កម្ពុជា។
ហ្វេសប៊ុក (Facebook) ខ្ញុំជាជាហ្វេសប៊ុកសន្តិភាព ដែលលើកតម្កើងសិទ្ធិសេរីភាពនិងសកម្មភាពចូលរួមកសាងសង្គមដោយអហឹង្សា។ ខ្ញុំយល់ថាការចូលរួមពីមហាជនជាពិសេសពីស្រទាប់យុវជន គឺនឹងជួយជំរុញអោយការកសាងសង្គមជាតិយើងកាន់តែមានសន្ទុះលឿនទៅមុខ។
ដើម្បីបង្កបរិយាកាសកាន់តែរីករាយស្និទស្នាលជាមួយជនរួមជាតិ និងយុវជន សិស្សនិស្សិតនៅទូទាំងប្រទេស ខ្ញុំនឹងបើកវេទិការឆ្លើយឆ្លងជាមួយយុវជននិងជនរួមជាតិនៅក្នុង Facebook ខ្ញុំផ្ទាល់លើប្រធានបទដែលមានសារៈសំខាន់ក្នុងការកសាងសង្គមជាតិដូចជាការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះមនុស្សចាស់ជរា និងជនពិការអំពើល្អចំពោះកុមារ និងស្ត្រីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ការចូលរួមរើសសំរាមសំអាតទីក្រុង និងតាមទីធ្លាសាធារណៈ ការទប់ស្កាត់និងលុបបំបាត់គ្រឿងញៀន និងការឈប់ជក់បារីជាដើម។ល។ យុវជនអាចផ្ញើជាអត្ថបទឃ្លីបសម្លេង ឃ្លីបវីដេអូ រូបថត រូបគំនូរដើម្បីចូលរួម។
យុវជនដែលទទួលបានការគាំទ្រច្រើនជាងគេពីមហាជនគឺនឹងទទួលរង្វាន់លើកទឹកចិត្តមានជាមេដាយ និងប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី។ កម្មវិធីនេះនឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ។ សំរាប់ប្រធានបទជាក់លាក់និងបែបបទនៃការប្រកួតប្រជែងនឹងជំរាបជូននៅពេលក្រោយ»។
សម្ដេចក៏បានអំពាវនាវសូមយុវជនធ្វើជាគំរូល្អសម្រាប់យុវជនដូចគ្នា ហើយសូមចូលរួមជាមួយខ្ញុំទាំងអស់គ្នាកុំបីខាន៕ ដោយមែន កំសត់