ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ បានប្រកាសជាសាធារណៈដោយប្រមូលយក នូវទ្រព្យសម្បត្តិរបស់រដ្ឋដូចជាបឹងព្រែកទប់ នៅក្នុងខេត្តព្រះសីហនុ ដែលបំពានយកខុសច្បាប់ដោយពួកអ្នកមានអំណាចមានលុយ និង ឆ្នេរមួយចំនួននៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រ មករក្សាទុក ជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ ។
នៅក្នុងសេចក្ដីជូនដំណឹងមួយរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៦ ហើយដែលត្រូវបានគេធ្វើការផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃនេះបានបញ្ជាក់ពីគោលដៅសំខាន់ៗចំនួន៥ចំណុច ក្នុងការអនុវត្តន៍ និង ប្រមូលយកទីតាំងរបស់រដ្ឋទាំងនោះ មករក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ ក្នុងនោះរួមមាន៖
១. ករណីបឹងព្រែកទប់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ដោយពិនិត្យឃើញភាពចាំបាច់ នៃការអភិរក្ស ថែរក្សា អាងស្តុកទឹកស្អាតសម្រាប់ការប្រើប្រាសក្នុងក្រុងព្រះសីហនុ ត្រូវចុះពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់ដី ពីភាពមិនប្រក្រតី (ភាពអនាធិបតេយ្យ) និង កំណត់និយាមការច្បាស់លាស់ ដើម្បីស្នើសុំដាក់បឹងព្រែកទប់ ជាតំបន់អភិរក្សដោយព្រះរាជក្រឹត្យ ។
២. ករណីឆ្នេរឯករាជ្យនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីបង្កើនផ្ទៃក្រឡាលំហសាធារណៈ និង ឆ្នេរខ្សាច់កម្សាន្ត នៅតំបន់ឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ត្រូវចុះសិក្សា និង កំណត់តំបន់ឆ្នេរឯករាជ្យ ដែលត្រូវអភិវឌ្ឍន៍ និង តំបន់អភិរក្សសម្រាប់សាធារណៈជនលំហែ និង កម្សាន្ត ស្របតាមបទដ្ឋានបច្ចេកទេស និង បទដ្ឋានគតិយុត្តជាធរមាន ដោយនៅចំពោះមុខតម្រូវការធ្វើការរុះរើ របាំង របង និង រៀបចំកែសម្រួល ឲ្យសាធារណៈជនអាចចូលទៅកម្សាន្ត ឆ្នេរខ្សាច់នៅតំបន់ឆ្នេរនេះបាន ។
៣.ករណីឆ្នេរអូរត្រេះ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីជម្រុញការរៀបចំឆ្នេរគំរូ អូរត្រេះ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល ។ គឺត្រូវសិក្សាអំពីវិធានការរុះរើសំណង់អនាធិបតេយ្យ នៅលើចំណីឆ្នេរ ដោយធ្វើការអប់រំផ្សព្វផ្សាយ និង ធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់ ។
៤. ករណីឆ្នេរអូរឈើទាល (ទល់មុខដីក្រុមហ៊ុន សុខា អូតែល) ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីធ្វើសមាហរណកម្ម ផ្លូវតាមបណ្ដោយឆ្នេរ ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រេះ និង បើកចំហឆ្នេរនេះ សម្រាប់សាធារណៈជន និង អ្នកទេសចរណ៍កម្សាន្តបាន។
៥. ករណីសំណង់លើទឹក ចំណីឆ្នេរ និង ឆ្នេរខ្សាច់នៅកោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុងក្រុងព្រះសីហនុ ដើម្បីថែរក្សាបរិស្ថាន និង ភាពស្អាត នៃកោះរ៉ុង គឺត្រូវតែសិក្សាដើម្បីផ្លាសប្ដូរទីតាំងសំណង់ តាមយុទ្ធសាស្ត្រឆ្វៀលស្បែកខ្លា ។ ពោលគឺត្រូវស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល កាត់ដីរដ្ឋដែលនៅសេសសល់ ពីគម្រោងវិនិយោគផ្នែកខាងក្នុង នៃកោះរ៉ុង សម្រាប់ជាថ្នូរ ផ្ដល់ជូន អ្នកដែលត្រូវឲ្យប្ដូរទីតាំង។
សេចក្ដីប្រកាសនោះ ក៏បានបញ្ជាក់ផងដែរថា វិធានការបែបនេះ ក៏នឹងមានធ្វើសម្រាប់ខេត្ត កំពត ខេត្តកែប និង ខេត្តកោះកុង ដែលជាប់សមុទ្រផងដែរ៕
ប្រភព៖ ann.com