លោកឧកញ៉ា ចេង ខេង ត្រូវបានគេស្គាល់ថា ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងរបរអចលនទ្រព្យនៅកម្ពុជា។ រហូតមកទល់ពេលនេះ លោកជាសហគ្រិនដែលជោគជ័យលេចធ្លោមួយរូប ក្នុងវិស័យអចលនទ្រព្យ ដែលមានវ័យជាង ៤០ឆ្នាំ។ លោកធ្លាប់មានប្រសាសន៍ថា ខ្ញុំនឹងទៅបួស បើរកស៊ីនៅតែមិនជោគជ័យ។
ការដែលលោកមានប្រសាសន៍បែបនេះ គឺព្រោះតែលោកធ្លាប់ជួបនូវបរាជ័យច្រើន ក្នុងការរកស៊ី តែយ៉ាងណាការតាំងចិត្តបែបនេះ ក៏អាចជាដំណោះស្រាយល្អមួយដែរ សម្រាប់សហគ្រិន។ ល្អព្រោះថា បើកាលណាលោកអ្នកបិទផ្លូវក្រោយ យកខ្នងលោកអ្នកទល់នឹងជញ្ជាំងហើយនោះ លោកអ្នកនឹងរកវិធីដើម្បីឈ្នះបាន ដោយជោគជ័យជាមិនខាន។ និយាយម្យ៉ាងទៀតបានថា បើកាលណាលោកអ្នកដាក់អ្វីៗទាំងអស់នឹងអាជីវកម្មមួយ នោះលោកអ្នកនឹងមិនងាយបរាជ័យទ្បើយ។ ខាងក្រោមនេះ យើងខ្ញុំនឹងបកស្រាយពី ជីវិតរបស់លោកឧកញ៉ា ចេង ខេង។
ដោយមានដើមកំណើតជាអ្នកស្រុកស្រែចម្ការ មិនសូវជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចំណាយលើការសិក្សា លោកបានឆ្លៀតរកការងារធ្វើ ដើម្បីផ្គត់ផ្គង់ការរៀនសូត្រ និងជីវភាពគ្រួសារ ដោយបានដាក់ពាក្យសុំក្រុមហ៊ុននានា ដើម្បីបានបម្រើការងារ។ បុរសដែលជាអ្នកស្រុកសំរោងទង ខេត្តកំពង់ស្ពឺរូបនេះ បានឲ្យដឹងទៀតថា រាល់ការលំបាកទាំងអស់ ដែលលោកបានហែលឆ្លងសុទ្ធសឹងជាបទពិសោធន៍ និងជាមាគ៌ាមួយ សម្រាប់ឲ្យលោកបន្តដំណើរ ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត ។
ចេះក្ដោបក្ដាប់ឱកាស
ពន្លឺជោគជ័យ របស់លោក ចេង ខេង ត្រូវបានបញ្ចេញរស្មីឡើង ក្រោយពេលលោកបានធ្វើការជាអ្នកកាសែតស្ម័គ្រចិត្តឲ្យកាសែតក្នុងស្រុកមួយ ដែលមានម្ចាស់ដើមជាជនជាតិអូស្ត្រាលី ដោយដំបូងឡើយលោកគ្រាន់តែជាអ្នកចែកចាយកាសែត និងរកពាណិជ្ជកម្មសម្រាប់កាសែតប៉ុណ្ណោះ។ លុះក្រោយមក ដោយបានមើលឃើញការប្រឹងប្រែង និងឆន្ទៈរបស់លោកក្នុងការបំពេញនូវការងារ ថៅកែនោះក៏បានផ្ដល់ឱកាសឲ្យលោក បានធ្វើជាបុគ្គលិកយកសារព័ត៌មានសម្រាប់កាសែតនោះ។ លោកបន្ថែមថា នៅអំឡុងពេលដែលលោកបានបំពេញការងារនៅស្ថាប័នកាសែតនោះ គឺជាពេលដែលលោកបានឈានជើងចូលវិស័យអចលនទ្រព្យ ដោយសារការងារភាគច្រើនរបស់លោកទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម និងការទិញលក់ និងជួលអចលនទ្រព្យនៅក្នុងស្រុក។
បន្ទាប់ពីលោកបានបំពេញនូវការងារនេះយូរៗទៅ លោកក៏ត្រូវបានទទួលការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនអាមេរិកកាំងម្នាក់ឈ្មោះ ចូ លូខីន (Joe Lukin) ដែលមានបំណងវិនិយោគលើវិស័យអចលនទ្រព្យជាមួយលោក នៅកម្ពុជា ក្នុងឆ្នាំ ១៩៩៧។ លោក ចូ លូខីន គឺជាមនុស្សម្នាក់ដែលមានប្រាក់ស្តុកស្ដម្ភម្នាក់ និងមានសាខាក្រុមហ៊ុនអចលនទ្រព្យនៅច្រើនប្រទេសដូចជា ថៃ ហុងកុង និង ហ្វីលីពីនជាដើម ហើយលោកបានស្គាល់លោកលូខីន ដំបូងតាមរយៈ ការធ្វើដំណើរមកស្នាក់នៅកម្ពុជា ដោយស្វែងរកផ្ទះស្នាក់ក្នុងក្រុងភ្នំពេញប៉ុណ្ណោះ។ ក្រោយពីមានការទំនាក់ទំនងគ្នាក្នុងរបររកស៊ីបាន ១ឆ្នាំ វិនិយោគិនអាមេរិករូបនោះបានមើលឃើញពីភាពហ្មត់ចត់របស់លោក ហើយក៏មានគំនិតផ្តួចផ្តើមបង្កើតឲ្យមានក្រុមហ៊ុនអចលនទ្រព្យ។ ក្នុងអំឡុងពេលនោះ អ្វីដែលលោកមានបោះទុនជាមួយលោក លូខីន គឺមានតែចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលលោកមានកន្លងមកក្នុងវិស័យអចលនទ្រព្យប៉ុណ្ណោះ ខណៈដែលលោកត្រូវគេផ្ដល់តួនាទីជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិលខេមបូឌា និងទទួលបានប្រាក់ខែរហូតដល់ ១,៥០០ដុល្លារ ច្រើនជាងប្រាក់ខែរបស់លោកនៅស្ថាប័នកាសែត ១០ដង។
ពេលទឹកលិចដល់ច្រមុះ របស់ដែលលោកមើលឃើញតែមួយគត់ គឺជោគជ័យ
ការរកស៊ីគឺតែងជួបនូវហានិភ័យ ជាពិសេសគឺការរកស៊ីក្នុងរបរអចលនទ្រព្យ តែវាក៏ហ៊ុចផលចំណេញមកវិញច្រើនផងដែរ ប្រសិនបើលោកអ្នកអាចធ្វើវាជោគជ័យ ដូចពាក្យជាភាសាអង់គ្លេសហៅថា High Risk, High Return។ យ៉ាងណាមិញ ក្រុមហ៊ុនរបស់លោក ចេង ខេង គឺត្រូវប្រឈមមុខនូវវិបត្តិដូចគ្នានេះដែរ ដោយក្នុងរយៈពេល ១ឆ្នាំ ក្រុមហ៊ុនត្រូវរងការខាតបង់ចំនួនប្រមាណ ៧ម៉ឺនដុល្លារ ហើយការធ្លាក់ដុនដាបនេះ បានធ្វើឲ្យលោកបានបាត់បង់នូវគាំទ្រពី សំណាក់មនុស្សជុំវិញខ្លួន សូម្បីតែក្រុមគ្រួសារ និងញាតិសន្តានរបស់លោក ។ ចំណែកឯ វិនិយោគិនអាមេរិកដែលជាដៃគូ បានដកខ្លួនចាកចោលលោកស្ងាត់ៗ ដោយបន្សល់ទុកនូវសារមួយឲ្យលោកថា «ពេលនេះទូកកំពុងលង់នៅកណ្តាលសមុទ្រ បើសិនជាអ្នកអាចស្រង់វាបាន អ្នកនឹងជាមនុស្សអស្ចារ្យ»។ ស្ថិតនៅក្នុងស្ថានភាពដ៏សែនខ្មៅងងឹតនេះ អ្វីដែលស្ថិតក្នុងផ្នត់គំនិតរបស់លោកគឺ លោកត្រូវតែជោគជ័យឲ្យខានមិនបាន។ លោកបន្តថា នៅអំឡុងពេលនេះ អ្វីក៏លោកមិនមានដែរ តែក្នុងចិត្តលោកមានតែភាពជោគជ័យប៉ុណ្ណោះ ប្រសិនបើមិនជោគជ័យទេ លោកនឹងទៅបួស ហើយឈប់រកស៊ី។
មួយរយៈក្រោយមក មានអតិថិជនម្នាក់ជាគ្រិស្តសាសនិក បានមកទំនាក់ទំនងក្រុមហ៊ុនលោកឲ្យផ្ដល់សេវាផ្នែកអចលនវត្ថុ ហើយនេះក៏ជាអតិថិជនធំរបស់ក្រុមហ៊ុន ខណៈដែលលោកទទួលបានប្រាក់កម្រៃជើងសារចំនួន ៥ម៉ឺនដុល្លារ ក្នុងការបម្រើសេវាកម្មនោះ។ បន្ទាប់ពីនោះមក ក្រុមហ៊ុនលោកហាក់ដូចជាបានរលាស់ខ្លួន រួចចេញពីបាតភក់ដ៏ជ្រៅអញ្ចឹង ហើយក៏បានបន្តការរីកចម្រើនជាបន្តបន្ទាប់រហូតមកទល់សព្វថ្ងៃ ដែលមានដៃគូប្រជែងលើទីផ្សារមិនតិចជាង ៩០ក្រុមហ៊ុននោះទេ៕
ប្រភព៖ business-cambodia